ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានជាង ៦ប៊ីលានដុល្លារ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានអះអាងថា ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិក ប៉ុណ្ណោះ។

Image may contain: 5 people, people standing and indoor

ការអះអាងរបស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤) ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ឱក ប៊ុង បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។

Image may contain: 1 person, suit and indoor

លោករដ្ឋលេខាធិការ បានសម្តែងការអបអរចំពោះសិក្ខាកាមចំនួន ១១៤នាក់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាន់ទី២ និងទី៣ ដោយជោគជ័យ ព្រមទាំងសិក្ខាកាមចំនួន ៦៤នាក់ ដែលត្រូវបានជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាល ជំនាន់ទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។

Image may contain: 22 people, people sitting and indoor

លើសពីនេះ ឧត្តមរដ្ឋលេខាធិការ ឱក ប៊ុង ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ ជាពិសេសចេះទទួលខុសត្រូវចំពោះមុខច្បាប់នូវព័ត៌មាន និងឯកសារដែលបានផ្តល់មកក្រសួង ស្របតាមខ្លឹមសារប្រកាសលេខ ២៥៨ព.ណ.ចបព.ប្រក ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំ ចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកដែរថា ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ក៏ដូចជាការផ្តល់ឯកសារនាំចេញ-នាំចូលឱ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងពាណិជ្ជកម្ម តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានសហការ ជាមួយនាយកដ្ឋាននាំចេញ-នាំចូល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ចំនួនបីវគ្គរួចមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប ១៨០នាក់។

Image may contain: 6 people, people sitting and indoor

តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ។ ជាក់ស្តែង ទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាមេរិក គឺបានឡើងប្រមាណ ១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក។

អត្ថបទទាក់ទង