ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។

ការដាក់បញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើនាវាទាំង៤គ្រឿង បានកើតឡើងបន្ទាប់ពីម្ចាស់នាវានេះ បានស្នើដោយផ្ទាល់ទៅកាន់លោកនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់លោក។

លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេររៀបរាបលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា របស់លោកចំនួន៤គ្រឿង ដែលជានាវាចុះបញ្ជីនៅប្រទេសកម្ពុជា ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

លោក សុបិន្ត បន្តថា លើនាវានោះមាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ ការដែលវៀតណាម មិនអនុញ្ញាតឱ្យចូលចិត្តនេះ ធ្វើឱ្យនាវាជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។

លោក ផាន សុបិន្ត បានសុំលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានបញ្ជាទៅលោកហើយកាលពីយប់មិញ ហើយក៏បានធ្វើការទាំងយប់ផងដែរ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង នាវា៣គ្រឿង មានផ្ទុកអ្នកទេសចរដែលភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះខាងនាវា ក៏ដូចជាក្រសួងកំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។

ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង