លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍកម្ពុជា
នៅក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃអង្គារទី០៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយលោក ឈុយ សៃអន Chui Sai on ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឱ្យ លោក Chui Sai on ពិនិត្យមើលលើអ្វីដែលតំបន់រដ្ឋបាលពិសេសម៉ាកាវអាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាយើងដូចជាតាមរយៈការវិនិយោគទុន ជំរុញទេសចរណ៍បន្ថែមទៀតមកកម្ពុជា និងជំរុញពិនិត្យលើការនាំចេញអង្ករដ៏ល្អរបស់កម្ពុជាទៅទីនោះផងដែរ។ ជាការឆ្លើយតប លោក Chui Sai on ត្រេកអររីករាយយល់ស្របនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើង ហើយលោកនឹងអនុវត្តនាពេលបន្តបន្ទាប់ខាងមុខនេះ។
លោក Chui Sai on បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា តំបន់រដ្ឋបាលពិសេសម៉ាកាវបានទទួលនូវការគាំទ្រពីរដ្ឋបាលថ្នាក់កណ្តាលដើម្បីបង្កើតតំបន់ទេសចរណ៍ និងអនុវត្តតាមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងន័យនេះលោកក៏បានឆ្លៀតជំរុញតាមគោលនយោបាយនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ និងប្រទេសដ៏ទៃទៀត ដោយឡែកជាមួយនឹងកម្ពុជា តំបន់រដ្ឋបាលពិសេសម៉ាកាវបានចុះហត្ថលេខាលើអនុស្សរណៈនៃការចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាបកាលពីឆ្នាំទៅ ហើយក៏បានចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែរ កាលពីម្សិលមិញនេះជាមួយក្រសួងការបរទេស។
លោក Chui Sai on ក៏បានជម្រាបជូនថា នៅពេលនេះទំនាក់ទំនងរវាងតំបន់រដ្ឋបាលម៉ាកាវ និងកម្ពុជាកំពុងតែមានទំនាក់ទំនងល្អហើយចំនួនទេសចរណ៍មកកាន់កម្ពុជាក៏កំពុងមានកាន់តែច្រើនឡើងផងដែរ ក្នុងន័យនេះលោកក៏បានគោរពសុំអនុសាសន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើយ៉ាងណាជំរុញ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងតំបន់ម៉ាកាវ និងកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើតតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពរវាងតំបន់ម៉ាកាវជាមួយនិងខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា នេះជាការល្អណាស់ដែលថ្នាក់កណ្តាលរបស់ប្រទេសចិនបានបង្កើតមជ្ឍមណ្ឌលទេសចរណ៍ផង ស្របទៅតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាន់មួយផង។ លោក បានមានប្រសាសន៍ថាតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវអាចជាតំបន់ទេសចរណ៍ដ៏ធំដែលនេះជាចំណុចដែលយើងអាចជំរុញពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលពិសេសម៉ាកាវជាមួយកម្ពុជា៕