ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកកាលបរិច្ឆេទ រៀបចំកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះទៅថ្ងៃក្រោយវិញ ដើម្បីបង្ការជំងឺ Covid-19 ដោយជៀសវាងការប្រមូលផ្តុំ ដែលនាំមកនូវហានិភ័យនៃផ្សេងៗ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។

លោក សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរាបជូនថា លោកនាយករដ្ឋមន្ត្រីបានសម្រេចដ៏ខ្ពង់ខ្ពស់លើកកម្មវិធី វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ»។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗ ជាមួយរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង