ខ្មែរប៉ុស្ដិ៍ Close

សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 32
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»

សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសួរដេញដោល លើអង្គហេតុនិងអង្គច្បាប់នៅ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញថា កឹម សុខា បានទទួលយកការតតាំងផ្នែកផ្លូវច្បាប់ចំពោះបទចោទប្រកាន់ប្រឆាំងនឹងខ្លួនស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ហើយ កឹម សុខា និងបក្ខពួកក៏បានបោះបង់ចោលនូវការញុះញង់តស៊ូតាមដងផ្លូវ ដោយបំពានច្បាប់ដែលពួកគេធ្លាប់តែប្រើប្រាស់ពីអតីតកាល។

សំណុំរឿងក្បត់ជាតិដែលមិនសូវមានចំណាប់អារម្មណ៍ពីសាធារណជន ហើយគ្មានអ្នកគាំទ្រ ឈរហែរហមដូចពីមុននេះត្រូវបានកម្តៅឱ្យឡើងក្តៅ បន្តិចវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី ដែលទើបតែបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ជួបជាមួយព្រឹទ្ធសមាជិកសភាអាម៉េរិកដែលកាន់ឯកសារទាក់ទងកិច្ចការបរទេសជាមួយកម្ពជា និងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិករូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែត ក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិ កឹម សុខា ថា «យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»

ភ្លាមៗ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងលោក កឹម សុខា ដោយតំណាងអយ្យការបានបំភ្លឺថា «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធ នឹងជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»

ការគូសបញ្ជាក់សាជាថ្មីពីសំណាក់តំណាងអយ្យការនៅពេលនេះនឹងអាចធ្វើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិក ម័រហ្វី យល់ច្បាស់ថា ការមានឈ្មោះ សហរដ្ឋអាម៉េរិកនៅក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គឺមិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនប្រជាជនកម្ពុជា មិនមែនព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាម៉េរិក ឡើយ ប៉ុន្តែគឺជនជាប់ចោទ កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពនៅក្នុងឃ្លីបវីដេអូននៅ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៣ ថាដោយថាអ្វីៗដែលខ្លួនធ្វើ សុទ្ធតែមានការគាំទ្រពីសហរដ្ឋអាម៉េរិកឡើងពេញៗមាត់របស់ខ្លួនដោយមោទនភាព និងគ្មានញញើតអ្វីបន្តិចឡើយ។

កឹម សុខា កាលពីជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី។ កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការការក្បត់ជាតិរបស់ កឹម សុខា និងបក្ខពួក។ កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាម៉េរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ដូច្នេះប្រសិនបើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា រំខានចិត្តដោយសារតែមានឈ្មោះប្រទេសខ្លួនក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គួរតែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកស្តីប្រដៅឱ្យ កឹម សុខា ដោយផ្ទាល់ថា ហេតុអ្វីបានជាជនជាប់ចោទរូបនេះ បានភ្ជាប់សហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់ខ្លួន? ឬស្នើឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថា ចំណុចណាដែលថាសហរដ្ឋអាមេរិក គាំទ្រខ្លួន ផ្តល់អ្នកជំនាញឱ្យមកជួយខ្លួន ហើយថែមទាំង បង្រៀនឱ្យខ្លួនយកគំរូនៃការផ្លាស់ប្តូររបបដឹកនាំ តាមបែបអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី?

ជាជាងមកឈួលច្រមុះចំពោះតំណាងអយ្យការដែលគ្រាន់តែសាកសួរបន្ថែមលើអ្វីដែល កឹម សុខា បានសារភាព ហើយប្រសិនបើមិនអស់ចិត្តអាចទស្សនាវីដេអូ ភស្តុតាងរយៈពេល១ម៉ោងដែល កឹម សុខា បានដាក់ តើកឹម សុខា ពិតជាបាននិយាយដូច្នេះមែនឬអត់។ ឬមួយក៏ កឹម សុខា និយាយភ្លេចគិតបង្ហាញរឿងពិតចេញមកទាំងអស់ ដោយគ្មានការលាក់ការសម្ងាត់អ្វីសោះដែលនាំឱ្យផែនការដែលបានត្រៀមរៀបចំទុកជាយូរមកហើយនោះ បានបរាជ័យយ៉ាងអាម៉ាស់ និងមិន អាចយកទៅរកស៊ីកន្លែងណាផ្សេងទៀត បានជាមកអាក់អន់ចិត្តជាមួយតំណាងអយ្យការទៅវិញ?

ប្រតិកម្មតបរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះត្រូវបានគេមើលឃើញថា ជាការច្រឡោតខុសចង្វាក់ ហើយអចមកពីចង់ការពារខ្លួន ឬចង់គ្រលាស់ដៃពីអ្វីដែល កឹម សុខា បានលើកឡើង បានជាបញ្ចេញឥរិយាបថបែបបំពានលើប្រព័ន្ធតុលាការនៃរដ្ឋអធិបតេយ្យមួយ និងចេញមុខការពារយ៉ាងដាច់អហង្ការបែបនេះ។ នេះមិនខុសពីពាក្យទំនៀមបុរាណខ្មែរបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» ទេដឹង?
ប្រសិនបើសហរដ្ឋអាមេរិកចង់ការពារភាពស្អាតស្អំនេះ គួរតែឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យបានច្បាស់នូវអ្វីដែលខ្លួនបាននិយាយក្នុងវីដេអូភស្តុតាង។ ជនជាប់ចោទ កឹម សុខា ក៏ត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀត ក្នុងសំណុំរឿងក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈ ការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។

សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេស បដិវត្តន៍ពណ៌ ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវបានពិភពលោកស្គាល់ថា ជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ «អហិង្សា» ជានិច្ច។ ដូច្នេះដើម្បីផ្លាស់ប្តូររបបបានតាមទ្រឹស្តីបដិវត្តន៍របស់ ជីន សាប ក្រុមប្រឆាំងត្រូវនាំគ្នា ផ្សព្វផ្សាយបំភ្លៃថាកម្ពុជា ផ្តាច់ការ គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមុនសិន។

អ្វីដែលគេមើលឃើញការលើកឡើងដោយគ្មានសុភវិនិច្ឆ័យរបស់ឯកអគ្គរដ្ឋទូតអាមេរិកថា អយ្យការចោទប្រកាន់សហរដ្ឋអាម៉េរិកគឺគ្រាន់តែជា វីធីសាស្ត្រដើម្បីការពារកេរ្តិ៍ឈ្មោះពីការភ្ជាប់របស់ កឹម សុខាទៅនឹងប្រទេសខ្លួន។

ម្យ៉ាងទៀតវាពិតជាគួរឱ្យអស់សំណើចដែលជន សង្ស័យក្នុងសំណុំរឿងក្បត់ជាតិម្នាក់ដែលពលរដ្ឋកម្ពុជាថា «កឹម សុខា ក្បត់កម្ពុជាហើយ» ត្រូវបានគេលើកតម្កើងទាំងទទឹងទិសថា មានកេរ្តិ៍ឈ្មោះសមនឹងទទួលបាន នៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរី ភាព។ ជាសេរីភាពនិងសិទ្ធិមនុស្ស ដែលប្រើជាខែលដើម្បីគោលដៅបដិវត្តន៍ពណ៌ប៉ុណ្ណោះ។ នៅពេលនេះដំណើរការនីតិវិធីសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នៅក្នុងដៃតុលាការ គួរតែទុកឱ្យតុលាការធ្វើការងារនេះដោយវិជ្ជាជីវៈ ហើយមាសសុទ្ធមិនខ្លាចភ្លើងមែនទេលោកឯកអគ្គរដ្ឋទូត?

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០

កាយវិការប្រមាថ មាក់ងាយកម្ពុជានៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រខ្មែរ ពីសំណាក់អគ្គរដ្ឋទូតអាមេរិកមុន
កាយវិការប្រមាថ មាក់ងាយកម្ពុជានៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រខ្មែរ ពីសំណាក់អគ្គរដ្ឋទូតអាមេរិកមុន

អត្ថបទទាក់ទង