ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សវនាការសំណុំរឿង កឹម សុខា ឆ្លុះបញ្ចាំងពី ភាពរឹងមាំនៃអធិបតេយ្យភាពជាតិកម្ពុជា!»

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 47
លិខិតមិត្តអ្នកអាន៖  «សវនាការសំណុំរឿង កឹម សុខា ឆ្លុះបញ្ចាំងពី ភាពរឹងមាំនៃអធិបតេយ្យភាពជាតិកម្ពុជា!» លិខិតមិត្តអ្នកអាន៖ «សវនាការសំណុំរឿង កឹម សុខា ឆ្លុះបញ្ចាំងពី ភាពរឹងមាំនៃអធិបតេយ្យភាពជាតិកម្ពុជា!»

តាមរយៈសវនាការរយៈពេលពីសប្តាហ៍កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថា សវនាការរឿងក្តី«សន្ទិដ្ឋិភាពជាមួយបរទេស» រឺ រឿងក្តី «ក្បត់ជាតិរបស់លោក កឹម សុខា» នេះបានប្រព្រឹត្តទៅដោយរលូននិងដោយតម្លាភាពដែលធ្វើឲ្យគ្រប់ភាគី ពាក់ព័ន្ធអាចទទួលយកបានបើទោះបីមានមតិខ្លះយល់ឃើញផ្សេងពីនេះក៍ដោយ។ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ជាសវនាការមួយដោយរលូន និងដោយមានតម្លាភាព? មានហេតុផលជាក់ស្តែងមួយចំនួនដូចខាងក្រោមដែលអាចបញ្ជាក់ បាន៖

ទី១៖ សវនាការនេះបាន ប្រព្រឹត្តទៅដោយបើកចំហដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិព្រមទាំងអ្នកសារព័ត៌មានបានចូលសង្កេតការណ៍យ៉ាងទូលំទូលាយពោលឍគឺឃើញមានតំណាងស្ថានទូតបរទេស, តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ, តំណាងបក្សនយោបាយ និងអ្នកសារព័ត៌មានគ្រប់និន្នាការ សុទ្ធតែត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការដើម្បីសង្កេតការណ៍ដោយផ្ទាល់បើទោះបីជាបន្ទប់សវនាការនេះតូចចង្អៀតក៏ដោយ។

ទី២៖ មានការវាយតម្លៃពី អ្នកសង្កេតការណ៍ទាំងនោះ រាប់ទាំងអ្នកនយោបាយនិងសង្គមស៊ីវិលដែលគាំទ្រក្រុមប្រឆាំងផងថា សវនាការនេះបានប្រព្រឹត្តទៅដោយរលូនស្របតាមនីតិវិធី និងអាចទទួលយកបាន ដោយក្រុមប្រឹក្សាជមនុំជម្រះបានផ្តល់សិទ្ធិយ៉ាងពេញលេញនិង ពេលវេលាគ្រប់គ្រាន់ដល់ជនជាប់ចោទនិងមេធាវីការពារក្តីរបស់ជនជាប់ចោទបានបក ស្រាយបំភ្លឺយ៉ាងទូលំទូលាយ។

ទី៣៖ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះគឺ មេធាវីតំណាងរដ្ឋាភិបាល គឺលោក គី តិច ថែមទាំងបានត្អូញត្អែរដោយទឹកមុខបែបអាក់អន់ចិត្តប្រាប់អ្នកសារព័ត៌មានថា តុលាការបាន រឹតត្បិតសេរីភាពភាគីមេធាវីដើមបណ្តឹងហើយបានផ្តល់សិទ្ធិច្រើនទៅឲ្យភាគីការពារជនជាប់ចោទហើយចំណុចនេះក៍ក្រុមអ្នកសង្កេតការណ៍ក្នុងបន្ទប់សវនាការក៏សុទ្ធតែបានកត់សម្គាល់ដូចគ្នានេះដែរ។

ទី៤៖ ដំណើរការរឿងក្តីនេះបាន ប្រព្រឹត្តទៅក្នុងតុលាការកម្ពុជា ដោយអនុលោមតាមនីតិវីធី ទាំងឡាយដែលមានចែងជា ធរមានក្នុងច្បាប់កម្ពុជាទាំងស្រុង អំពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តដោយជនចាប់ចោទ កឹម សុខា។

ទី៥៖ លោក កឹម សុខា ដែលជាជនជាប់ចោទក៏បានសហការណ៍ ចូលរួមក្នុងសវនាការនេះដែលធ្វើឲ្យដំណើរការនៃអង្គសវនាការបានប្រព្រឹត្តទៅដោយពេញលេញស្របតាមនីតិវិធី ច្បាប់ទាំងស្រុងដោយគ្មានភាពចម្រូងចម្រាស់ឡើយ។ រីឯការ សួរដេញដោលក្នុងសវនាការទៀតសោទក៏បានធ្វើឡើងយ៉ាងផុលផុសនិងរស់រវើកផងដែរ។

ពិតណាស់ថា ការតតាំងក្តីក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលមានជនជាប់ចោទ កឹម សុខា បាន ប្រព្រឹត្តទៅយ៉ាងរស់រវើកដោយភាគីម្ខាងៗខិតខំរកភស្តុតាងដាក់បន្ទុកនិងដោះបន្ទុករៀងៗខ្លួន ដែលធ្វើឲ្យអ្នកតាមដាននិងអ្នកសង្កេតការណ៍ជក់ចិត្តដិតអារម្មណ៍ទៅលើអង្គសវនាការនេះ។

យើងអាចនិយាយបានថា នេះគឺជាសវនាការមួយដែលនីតិវិធីតុលាការត្រូវបានធ្វើឡើងដោយហ្មត់ចត់និងដោយយកច្បាប់ជាតិជាមូលដ្ឋានដែលធ្វើឲ្យគ្រប់ភាគី ចូលរួមពេញចិត្តនិងទទួលយក បាន។

ការបើកចំហនិងតម្លាភាពរបស់តុលាការក៏ដូចជាការយក មូលដ្ឋានច្បាប់ជាតិមកធ្វើជាគោល រីឯដំណើរការរឿងក្តីទៀតសោតប្រព្រឹត្តទៅក្នុងតុលាការកម្ពុជាដោយមានភាគី ពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម… ទាំងអស់នេះអាចសបញ្ជាក់ឲ្យឃើញពីភាពចាស់ទុំនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ក៏ដូចជា ភាពចាស់ទុំរបស់អ្នកនយោបាយ និងភាគីពាក់ព័ន្ធនានាក្នុងដំណើរការរកយុត្តិធម៌ក្នុងសំណុំរឿងក្តី។ ម្យ៉ាងទៀត វា ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពកាន់តែរឹងមាំនៃអធិបតេយ្យភាពជាតិខ្មែរដែលកំពុងឈានទៅរកឯករាជភាពពីការពឹងពាក់បរទេសលើគ្រប់វិស័យ មិនថា វិស័យយុត្តិធម៌ សេដ្ឋកិច្ច ឬសង្គមកិច្ចនោះឡើយ ពោលគឺអំណឹះតទៅ កម្ពុជាអាចឈរបាន ដោយជើងខ្លួនឯង អាចរស់បាន ដោយបាតដៃខ្លួនឯងនិងអាចពឹងពាក់បាននូវកម្លាំងខ្លួនឯង គឺមិនមែនជាប្រទេសក្រីក្រតោកយ៉ាកដែលពឹងផ្អែកលើ បរទេសស្ទើរទាំងស្រុងដូចកាលពីមុនទៀតនោះឡើយ។

កម្ពុជាក្នុងសតវត្សរ៍ទី ២១ នេះ បានបង្ហាញឲ្យឃើញពីប្រៀបខ្លាំង និងជំហានឆ្ពោះទៅមុខគួរឲ្យមោទនភាព។ នៅលើវិស័យសេដ្ឋកិច្ច កម្ពុជា មានប្រាក់សន្សំរាប់ពាន់លាន ដុល្លារតម្កល់ទុកក្នុងរតនាគារជាតិ។ នៅលើវិស័យសង្គមកិច្ច កម្ពុជាបាននិងកំពុងពង្រឹងការធានារបបសន្តិសុខ សង្គមជូនដល់មន្ត្រីរាជការ បុគ្គលិកកម្មករ និងកងកម្លាំងប្រដាប់អាវុធ ដោយពួកគេទទួល បានអត្ថប្រយោជន៍កាន់តែច្រើនទាំងក្នុងពេលបម្រើការងារ ទាំងពេលចូលនិវត្តន៍។ នៅលើវិស័យយុត្តិធម៌វិញ ក៏កម្ពុជាកំពុងទទួល បានលទ្ធផលពីកំណែទម្រង់គួរឲ្យកត់សម្គាល់ដើម្បីធានាថា ពលរដ្ឋគ្រប់គ្នាទទួលបានយុត្តិធម៌ និងការការពារខាងផ្លូវច្បាប់ស្មើភាពគ្នាដោយមិនរើសអើង។ ជាក់ស្តែង សំណុំរឿងក្តីលោក កឹម សុខា ដែលបាននិងកំពុងប្រព្រឹត្តទៅឈានចូលដល់សប្តាហ៍ទី៣ហើយនេះ គឺជាឧទាហរណ៍ស្រាប់។

ខ្ញុំយល់ឃើញថា ដើម្បីកសាងប្រទេសមួយឲ្យជឿនលឿនទៅមុខប្រកបដោយនិរន្តរភាព គេចាំបាច់ត្រូវពឹងផ្អែកលើការកសាងគ្រឹះនៃអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាចំណុចអាទិភាព ពីព្រោះប្រសិនបើមេដឹកនាំប្រទេសមួយ មិនអាចរក្សាបាននូវអធិបតេយ្យភាពជាតិរបស់ខ្លួនបានទេ គេមិនអាចរំដោះខ្លួនចេញពីឥទ្ធិពល របស់បរទេសបាននោះឡើយ។ ហើយការបណ្តោយខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលបរទេសដោយមិនព្រមរើបម្រាស់គឺជាកំហុសឆ្គងដ៍ធំបំផុតរបស់អ្នកដឹកនាំ ឬរបស់អ្នកនយោបាយ។

ក្នុងន័យនេះ ខ្ញុំគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់លោក នាយករដ្ធមន្ត្រីហ៊ុន សែន ដែល បាននិងកំពុងដើរនៅលើផ្លូវត្រូវតាមរយៈការប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយហើយជាពិសេស គឺការតាំងចិត្តដ៍មុតមាំឥតងាករេក្នុងការរក្សាឲ្យបាននូវអធិបតេយ្យភាពជាតិ តាមរយៈ ពាក្យស្លោកថា«ដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរជាមួយជំនួយបរទេស»នោះឡើយ។

សរុបមកវិញ សំណុំរឿងក្តីលោក កឹម សុខា គឺជាវិញ្ញាសារដែល ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញស្ថានភាពច្រើនយ៉ាងសម្រាប់កម្ពុជាក្នុងនោះរួមមានការការពារបាននូវសន្តិភាពនិងការពង្រឹងនូវអធិបតេយ្យភាពនិងសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យសង្គមកិច្ច និង យុត្តិធម៌ក៍កំពុងតែត្រូវបានពង្រឹងជាបន្តបន្ទាប់។ និយាយជារួមគឺ កម្ពុជាពេលនេះកំពុងបង្ហាញឲ្យឃើញពីភាព ម្ចាស់ការលើខ្លួនឯងក្នុងគ្រប់វិស័យដោយមិនពឹងអាស្រ័យជាធំលើជំនួយបរទេសទៀត នោះទេ ។ ប៉ុន្តែ កិច្ចសហការណ៍ក្នុងភាពជាដៃគូជាមួយគ្រប់ប្រទេសជាមិត្តគឺនៅតែបន្តធ្វើក្នុងភាពស្មើមុខមាត់គ្នានិងស្មើសិទ្ធគ្នា។ ផ្ទុយទៅវីញ ការធ្វើនយោបាយដោយពឹងផ្អែកនិងសំអាងលើបរទេសគឺជារឿងហួសសម័យនិងក៍ជារឿងដែល ប្រជាពលរដ្ធមិនអាចទទួលយក បានទៀតឡើយ៕

ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រ សង្គមនៃសាកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង