ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន៖ សន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
លោក ហេង សំរិន៖ សន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ លោក ហេង សំរិន៖ សន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ

លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបគណៈប្រតិភូស្រ្តី មកពីស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៩ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ខាងមុខនេះ។ លោក បានអបអសាទរ ចំពោះការប្រារព្ធទិវាអន្តរជាតិនៅឆ្នាំនេះ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាព យែនឌ័រ»។

លោក ហេង សំរិន បានគូសបញ្ជាក់ថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់និងសមស្របបំផុត ដែលបញ្ជាក់ពីគុណតម្លៃរបស់ស្រ្តីកម្ពុជាដែលបានរួមចំណែកលះបង់កម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងការអភិវឌ្ឍសង្គម។ លោក បានកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារី បានជំរុញនិងលើកកម្ពស់សមត្ថភាពស្រ្តី ចូលរួមក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច កាន់តែច្រើនឡើង។

លោក ហេង សំរិន បានគូសបញ្ជាក់ថា សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ។ សន្តិភាពបានផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី កូនប្រុស ស្រី រស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់មានចំណេះដឹង ជំនាញបច្ចេកទេស និងមុខរបរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារខ្លួន រួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមាន ភាពរីកចម្រើនរុងរឿង និងប្រជាជនរស់នៅប្រកបដោយវិបុលភាព និងសុខុដុមរមនា។

លោក ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូ ដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុង ការបំពេញតួនាទីរបស់ខ្លួនដូចជា ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដែលជាលិខិតបទដ្ឋានគតិយុត្តសម្រាប់ជា មធ្យោបាយឆ្ពោះទៅរកសមភាពយេនឌ័រ និងកិច្ចការពារសិទិ្ធ ក៏ដូចជាផលប្រយោជន៍របស់ស្រ្តីឱ្យមានប្រសិទ្ធភាពបំផុត។
ដើម្បីជំរុញប្រសិទ្ធភាពក្នុងការលើកកម្ពស់វិសមភាពយេនឌ័រ នៅកម្ពុជាឲ្យកាន់រីកចម្រើនថែមទៀត លោក ហេង សំរិន បានផ្តល់អនុសាសន៍ មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធពិចារណាដើម្បីយកទៅអនុវត្តជាក់ស្តែង ដោយក្នុងនោះលោកជំរុញឲ្យបន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ នៅក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត លិខិតតូបករណ៍អន្តរជាតិ និងសេចក្តីសម្រេចនានា។

លោក ហេង សំរិន បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យ ឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ បន្តចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី និងការផ្តល់សេវា ជួយជនរងគ្រោះដោយអំពើហិង្សា ប្រកបដោយគុណភាព និង ប្រសិទ្ធភាព បន្តពង្រឹងសមត្ថភាពនៅគ្រប់តំបន់ ពិសេសតំបន់ដាច់ស្រយាល តាមរយៈការពង្រីកផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជំនាញខ្លីៗ ក្នុងគោលដៅធានានូវកំណើនជីវភាពរស់នៅ ការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ប្រធានរដ្ឋសភា ក័បានស្នើឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេង ស្រីសម្រាប់បន្តវេន្ត ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពី មតេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សា នៅគ្រប់កម្រិតនិងការទប់ស្កាត់មិនឱ្យមានអំពើហឹង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រី នៅក្នុងសាលា និងឲ្យមានការ អនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បី ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ ប្រដាប់ឤវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើ ហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ៕

អត្ថបទទាក់ទង