ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
រដ្ឋមន្ត្រីទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19 រដ្ឋមន្ត្រីទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19

ក្រសួងទេសចរណ៍បានរៀបចំការផ្សព្វផ្សាយវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។

ពិធីផ្សព្វផ្សាយវិធានការខាងលើនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររីជេនស៊ីអង្គរ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដើម្បីឱ្យបុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប បានយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្ដែងជុំវិញបញ្ហាជំងឺ Covid-19 ដែលកម្ពុជាមិនទាន់ករណីឆ្លងជំងឺនេះទៀតនោះឡើយ បន្ទាប់ពីកើតមានលើភ្ញៀវទេសចរចិនតែម្នាក់គត់ (ត្រូវបានព្យាលបាលជាសះស្បើយដោយជោគជ័យ) ព្រមទាំងលើកទឹកចិត្តឱ្យពួកគេខិតខំបំប៉នសមត្ថភាពក្នុងកាលៈទេសៈនេះ កុំមានការព្រួយភ័យពីការបាត់បង់ការងារ និងមុខរបររបស់ខ្លួន។

លោករដ្ឋមន្ត្រី ថោង ខុន បានអាននិងពន្យល់វិធានការរបស់រាជរដ្ឋាភិបាលទាំង៧ចំណុចនោះដូចតទៅ៖

ទី១៖ លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

ទី២៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។

ទី៣៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាលឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

ទី៤៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

ទី៥៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ទី៦៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា។

ទី៧៖ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។ចំណុចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត អោយ មគ្គុទេសក៍ ទេសចរណ៍ យើងចូលរួម ឧទ្ទសនាមដល់ក្រុមភ្ញៀវទេសចរ ក្នុងស្រុក អោយបានល្អ ដែលការងារនេះមគ្គុទេសក៏ ទេសចរយើង នឹងទទួលបានកម្រៃសមរម្យ ផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកជាគំនិតយោបល់ថា ក្នុងពេលមិនសូវមានភ្ញៀវទេសចរដូចនេះ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ដែលចង់ជួសជុលទីតាំងរបស់ខ្លួន អាចឆ្លៀតពេលនេះអនុវត្តផែនការរបស់ខ្លួន លុះដល់នៅពេលមានភ្ញៀវទេសចរច្រើនមកវិញ កន្លែងរបស់ពួកគេត្រូវបានរៀបរយហើយស្រេច។

លោកបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខាងលើកុំមានការអស់សង្ឃឹម ឬភ័យព្រួយថាខ្លាចបាត់បង់ការងារ និងមុខរបររបស់ខ្លួនដោយសារតែមានវិបត្តិជំងឺ Covid-19 នេះ ហើយសូមជឿជាក់ និងចូលរួមអនុវត្តវិធានការទាំង ៧ចំណុច មួយរាជរដ្ឋាភិបាល ដើម្បីសាមគ្គីគ្នាជម្នះឧបសគ្គនេះឱ្យបាន។

ពិសេសលើសពីនេះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវយ៉ាងទទួចដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស សូមកុំចូលរួមផ្សព្វផ្សាយ ឬចែកចាយព័ត៌មានបំភ្លៃបំភ្លើសមិនពិតពាក់ព័ន្ធនឹងជំងឺ Covid-19 នេះតទៅទៀត ពីព្រោះវាមិនបានធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទទួលបានផលចំណេញអ្វីឡើយ ផ្ទុយទៅវិញវារឹតតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈហេតុការណ៍ឆ្លងជំងឺនៅក្នុងប្រទេសកម្ពុជាមិនបានកើតមានពិតជាក់ស្ដែងនោះឡើយ៕

អត្ថបទទាក់ទង