នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង២២០០នាក់ ក្នុងនោះអ្នកទេសចរណ៍ចំនួន១៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសុវត្ថិភាព។
យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam នៅទីបំផុតបន្ទាប់ពីរកទីសំចតមិនបានអស់រយៈពេល១២ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយសុវត្ថិភាពហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដំបូងគេដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្រោយផ្ទុះជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការអនុញ្ញតឱ្យនាវានេះចូលគឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាន នៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ»។
ក្រុមហ៊ុននាវាទេសចរណ៍ បានឱ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា បន្ទាប់ពីសំចតរយៈពេលមួយទៅពីរថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។
អាជ្ញាធររបស់កម្ពុជា បានអះអាងផងដែរថា នៅពេលនាវានេះចូលចតនឹងមានការពិនិត្យសុខភាពរបស់អ្នកទេសចរនៅលើនាវាទាំងអស់នោះ ហើយបើមានករណីសង្ស័យមានជំងឺណាមួយ នឹងត្រូវយកទៅតាមដាន និងពិនិត្យកំហាកភ្លាមៗតែម្តងដោយដឹកតាមយន្តហោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ តែទោះបីជាយ៉ាងណាអ្នកគ្រប់គ្រងលើនាវានេះ បានបញ្ជាក់និងអះអាងថា មនុស្សទាំងអស់នៅលើនាវាមិនមានផ្ទុកមេរោគកូរ៉ូណានោះឡើយ។
កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះឡើយ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ តាមរយៈកាយវិការទាំងនេះ បានបង្ហាញពីសមានចិត្តដ៏ជ្រាលជ្រៅបំផុតលើផ្នែកការងារមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។
បន្ទាប់ពីការរកទីសំចតមិនបានដើម្បីវិលត្រឡប់ទៅផ្ទះវិញអស់ជាច្រើនថ្ងៃ ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើកឡើងផងដែរថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុរសធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា៕
Fresh News