ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន៖ «សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំ ទោះគ្មាន EBA ក៏ដោយ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 42
ទស្សនៈ​មិត្ត​អ្នក​អាន៖ «សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំ ទោះគ្មាន EBA ក៏ដោយ» ទស្សនៈ​មិត្ត​អ្នក​អាន៖ «សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំ ទោះគ្មាន EBA ក៏ដោយ»

ជាការកត់សម្គាល់ជាងពីរទសវត្សរ៍ចុងក្រោយមកនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានឱកាសគ្រប់​គ្រាន់ក្នុងការរសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យងើបផុតពីភាពក្រីក្រក្លាយមកជាប្រទេសមានកំណើនសេដ្ឋកិច្ចរីកចំរើនស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិនាបច្ចុប្បន្ន។

ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចរីកចំរើនជាលំដាប់នេះ ​ប្រជាជន​កម្ពុជាក៏កំពុងតែទទួលរងការគំរាមកំហែងទាំង​​អយុត្តិ​ធម៌មួយពីសហភាពអឺរ៉ុប រឿងការសម្រេច​ចិត្ត​ព្យួរ​ទាំងស្រុង ឬព្យួរផ្នែក​ខ្លះ​នៃប្រព័ន្ធអនុគ្រោះពន្ធ ​EBA ​ ពីកម្ពុជា ក្រោមលេសថា កម្ពុជាបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ ប៉ុន្តែ​អ្វី​ដែល​​សហភាព​​អឺ​រ៉ុប​បាន​ចោទកម្ពុជាពេលនេះ​ ​​គឺ​​ជារឿង​​មិន​ត្រឹម​ត្រូវ​ឡើយ ​​ព្រោះ​ថាស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​នៅកម្ពុជា​មានភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាលំដាប់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ជិត​ខាង​កម្ពុជា។ ទោះ​ជាយ៉ាង​ណាក៏ដោយចុះ ប្រសិនបើសហភាពអឺរ៉ុបសម្រេច​ព្យួរ EBA ពី​កម្ពុជា​ក្នុងពេលខាងមុខដ៏ខ្លីនេះពិតមែន ក៏​​កម្ពុជានៅតែ​​មានលទ្ធភាព​រស់បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ពឹង​តែលើ​ជំនួយពី​បរទេស​នោះដែរ​។ ការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋកម្មករ-កម្មការិនីពីបញ្ហា ​EBA នេះ វាគ្មានអ្វីចម្លែកទេ គឺ EBA របស់សហភាពអឺរ៉ុបបានផ្តល់ឲ្យកម្ពុជានេះ វាគង់តែនឹងបាត់ ឬគេដកទៅវិញទេ នាពីរឬបីឆ្នាំខាងមុខទៀតយ៉ាងពិតប្រាកដ នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើងផុតពីភាពក្រីក្រ​។ បងប្អូនប្រជាពលរដ្ឋកម្មករ-កម្មការិនីយើងបានដឹងស្ទើរតែទាំងអស់គ្នាស្រាប់ទៅហើយថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ គឺគេផ្តល់ឲ្យតែប្រទេសណាដែលនៅមានកំណើនសេដ្ឋកិច្ចទន់ខ្សោយ ឬមានការអភិវឌ្ឍតិចតូចនៅឡើយតែប៉ុណ្ណោះ។​ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាកំពុងឈរនៅលំដាប់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចមធ្យមកំរិតទាបទៅហើយ ដែលស្ទើរតែងើបផុតទាំងស្រុងលែងចាំបាច់ត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA នេះទៀតហើយ គឺអាចរស់ដោយសេដ្ឋកិច្ចខ្លួនឯងបានហើយ។

បើយោង​ទៅ​លើបទពិសោធន៍ពី​ផល​ប៉ះ​ពាល់​នៃ​សេដ្ឋ​កិច្ច​សកល​កន្លងមក​ សេដ្ឋ​កិច្ច​របស់​កម្ពុជា​ក៏ធ្លាប់បានទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ខ្លះ​ផង​ដែរ ​ដែល​ធ្វើឲ្យ​​កំណើន​សេដ្ឋកិច្ច​ជាតិមាន​ការ​ថយ​ចុះ ប៉ុន្តែក្នុងកាលៈទេសៈនោះ​កម្ពុជានៅតែអាចទប់ទល់បានដោយ​​គ្មាន​ការ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ ​ដូច​ការឃោសនាបំភិតបំភ័យ​របស់​ក្រុម​ប្រឆាំងជ្រុលនិយមមួយចំនួន​ឃោសនាបំភ្លើសនោះ​ទេ​។​ ជាការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញផ្នែកសេដ្ឋ​កិច្ចថា​ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ បើ​ទោះ​បីជា​ក​ម្ពុ​ជា​​ទទួល​រងនូវ​​ឥទ្ធិពល​​​នៃ​​​ការ​​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល​ផងក៏ដោយ​ និង​ការ​ព្យួរតែ​ផ្នែក​ខ្លះ​នៃ ​EBA ពី​សហភាព​អឺរ៉ុបផងក៏ដោយ ក៏​សេដ្ឋ​កិច្ច​កម្ពុជា​អាចគ្រាន់តែ​ថយ​កំណើនតិចតូចបំផុត មក​នៅ​ត្រឹម​រង្វង់​ប្រមាណ​ ៦,១% នៃ ​GDP ប៉ុណ្ណោះ​ ហើយវា​នឹង​មិន​ធ្វើឲ្យ​​សេដ្ឋ​កិច្ច​ជាតិ​មាន​បញ្ហា​នោះ​ឡើយ។ ដូច្នេះបើសហភាព​អឺរ៉ុប​គ្រាន់​តែ​ព្យួរតែ​ផ្នែក​ខ្លះ​នៃ ​EBA ប៉ុន្តែ​មិន​មែនបានន័យថា សហភាពអឺរ៉ុបគេ​បិទ​ទី​ផ្សារទាំងស្រុង​មិនឲ្យ​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​ទី​ផ្សារ​អឺរ៉ុប​នោះ​ទេ​​ សូមបងប្អូនប្រជាពល​រដ្ឋកម្មករ-កម្មការិនីកុំមានការ​យល់​ច្រឡំ ​ឬជឿតាមការបំភិតបំភ័យ និងបំផ្លើស​របស់​ក្រុមពួក​ប្រឆាំងជ្រុលនិយមឃោសនាឲ្យសោះ​។

លើស​ពី​នេះ​ទៀត ដោយ​ផ្អែក​តាមប្រសាសន៍​​របស់​មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកម្ពុជា​បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺរដ្ឋាភិបាលបាន​​ត្រៀមទុនបំរ៉ុងទុករួចជាស្រេចតាំងពី ​៤-៥ឆ្នាំ​ជាមុន​រួច​ទៅហើយ ​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​ទប់​ទល់​​ផល​ប៉ះ​ពាល់​នេះ គឺ​​«ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង​ និង​បង្កើន​ការ​វិនិយោគ​ពី​ខាង​ក្រៅ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រឹង​មាំ​»។ ដែលស្របទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ដាក់​ចេញនូវ​​វិធាន​ការ​ជាក់​ស្តែង​ដោយបាន​កំណត់​ច្បាស់​ថា៖ «យើង​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណាឲ្យ​ថ្លៃ​ដើម​​ផលិត​ផលរបស់​កម្ពុជា​ចុះ​ថោក​​ដើម្បី​ធ្វើ​ឲ្យ​ធុរៈជន​(អ្នកវិនិយោគ)ទាំង​ឡាយ​ដែលរកស៊ី​នៅកម្ពុជា​នេះ​ ទទួល​បាន​ផល​ចំណេញ​ និង​មាន​លទ្ធភាព​បង់​ពន្ធ​ចូល​ទៅ​កាន់​ទី​ផ្សារ​របស់​គេ​»

សរុបមកក្រុមពួកប្រឆាំងជ្រុលនិយមដែលតែងតែព្យាយាមបំភិតបំភ័យនិងឃោសនាបំភ្លើសពីការពិត ដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសបងប្អូនកម្មករ-កម្មការិនីលើបញ្ហាដែលថា សហភាពអឺរ៉ុបដកប្រព័ន្ធអនុ​គ្រោះពន្ធ EBA ពីកម្ពុជានេះ គឺគ្រាន់តែជាការឃោសនាបំផ្លើសពីការពិតប៉ុណ្ណោះ ឡើងស៊ាំលែងមានន័យតទៅទៀតហើយ ​ព្រោះថាប្រសិនបើ EBA ត្រូវបាន​ព្យួរតែ​ផ្នែក​ខ្លះ​ ឬ​​ទាំង​​ស្រុងក៏ដោយ ​​​ក៏មិនមែនបានន័យថា កម្ពុជាបាត់បង់ទីផ្សារមិនអាចនាំទំនិញទៅលក់​នៅ​អឺរ៉ុប​នោះ​ដែ​រ។ ដូច្នេះសូម​បងប្អូនប្រជា​​ពលរដ្ឋកម្មករ-កម្មការិនី មិនត្រូវ​ជឿដោយខ្វះការពិចារណាតាម​ការ​បំភិត​បំភ័យ​​​និងបំភ្លើសពីការពិតរបស់​ក្រុមពួក​ប្រឆាំងជ្រុលនិយមមួយចំនួន​​​នោះ​ទេ៕

ដោយ៖ គង់ សំរេច​​