ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាជូនដំណឹងស្ដីពីការស្ដារកំណកដីល្បាយខ្សាច់នៅស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកសារ 50

នារសៀលថ្ងៃចន្ទទី ១០ខែមករានេះ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងស្ដីអំពីការស្ដារកំណកដីល្បាយខ្សាច់ដោយប្រើប្រាស់ម៉ាស៊ីន Excavator នៅស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត ដែលក្រុមការងារបានរកឃើញកំណកដីល្បាយខ្សាច់ប្រមាណ ១២៦ម៉ែត្រគូប ជាប្រភេទកំណកដីថ្មី នៅលាយឡំជាមួយសំណល់សម័យថ្មី ដូចជា ថង់ប្លាស្ទិក គម្របដប និងដបកែវ ។ល។

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានឹងធ្វើការស្ដារកំណកដីថ្មីទាំងនេះចេញ ដើម្បីស្វែងយល់បន្ថែមអំពីស្រទាប់ដីបុរាណវិទ្យាដែលមានទំនាក់ទំនងទៅនឹងស្ថានភាពទ្រុឌទ្រោមនៃកាំជណ្ដើរមាត់ច្រាំង និងជាមូលដ្ឋានមួយសំខាន់ក្នុងការកំណត់កម្រិតនៃការស្ដារស្រះទឹកនៅដំណាក់កាលបន្តបន្ទាប់ ដោយហេតុថាស្រទាប់ដីបុរាណវិទ្យាខ្លះមានប្រយោជន៍ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវអំពីជីវសាស្ត្រចម្រុះសម័យបុរាណ។

ក្នុងន័យនេះ ដើម្បីអោយការងារជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តអាចដំណើរការស្របតាមបច្ចេកទេសនៃការងារអភិរក្ស អាជ្ញាធរជាតិអប្សរានឹងស្ដារកំណកដីថ្មីដោយប្រើប្រាស់ម៉ាស៊ីន Excavator ខ្នាតកណ្ដាល ០៥ មានមុខប៉ែលទំហំ ៧៥សង់ទីម៉ែត្រ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ។

ខាងក្រោមជាសេចក្ដីជូនដំណឹងលម្អិតរបស់អាជ្ញាធរជាតិអប្សរា៖

អត្ថបទទាក់ទង