ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីឡាវ ស្នើប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកឱ្យកាន់តែច្រើន ដើម្បីបង្កើនការយោគយល់គ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 29

នៅរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការជាមួយនឹង លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក ប៊ុនញ៉ាំង វរជិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ដោយមិត្តភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាបងប្អូន។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកស្រីប្រធានរដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ ជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិសុខសាធារណៈ ក៏ដូចជាបញ្ហាព្រំដែន។

លោកប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច។ ចំពោះបញ្ហាព្រំដែន លោកប្រធានរដ្ឋ បានគាំទ្រការដោះស្រាយរួមគ្នារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។

លោកប្រធានរដ្ឋ បានរម្លឹកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក។ លោកបានបញ្ជាក់ និងអះអាងថា ប្រទេសទាំងពីរជានិច្ចជាកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តការល្អជាមួយគ្នា។ ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបានខិតខំដើម្បីសុខដុមរមនា សម្រាប់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនសន្តិ-ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា ប្រទេសឡាវបានលក់អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន ១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការ ប្រទេសកម្ពុជាត្រូវការអគ្កិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរ លោកក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា ជួយជំរុញឱ្យប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ លោក ប៊ុនញ៉ាំង វរជិត និងសូមអរគុណលោកស្រីប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចផ្ទាល់។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះលោកប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅកម្ពុជានាឱកាសនេះ និងសូមចាត់ទុកទស្សនកិច្ចនេះ ជាទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសឡាវបានភ្ជាប់ទំនាក់ទំនងការទូតក្រោមស្នាព្រះហស្ថរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំឡាវជំនាន់មុន។ ប្រជាជននៃប្រទេសទាំងពីរធ្លាប់មានប្រវត្តិតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គ លំបាក និងជួយគ្នាទៅវិញទៅមក។ ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងមានទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ប្រហាក់ប្រហែលគ្នា និងកាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងរួមគ្នាប្រើប្រាស់ទន្លេមេគង្គធ្វើជាប្រភពទឹកសម្រាប់ការរស់នៅរៀងៗខ្លួន។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយមើលឃើញថា ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ហើយទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ក្នុងនាមព្រឹទ្ធសភា សម្តេចសូមគាំទ្រទាំងស្រុងរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងសូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍ ប្រកបដោយមោទនភាព វិបុលភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលការធ្វើខណ្ឌសីមា និងបោះបង្គោល ព្រំដែនបានរួចរាល់ចំនួន៨៦%នៃខ្សែព្រំដែនរួម នៅសល់១៤%ទៀត ប្រទេសទាំងពីរ បាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយ។ លទ្ធផល ដែលសម្រេចបានគួរជាទីមោទនៈនេះ បញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងសុឆន្ទៈមោះមុត យ៉ាងពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរយូរអង្វែងជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាឡាវ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ ទន្ទឹមនឹងនេះ ក្រុមសមាជិកសភាដែលទទួលបន្ទុកការងារ CLV ក៏បានធ្វើការជួបគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេស AIPA, IPU, APPF។

សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនឡាវសម្រេច បានក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ និងសូមប្រសិទ្ធពរជូនបក្សប្រជាជនបដិវត្តឡាវ រដ្ឋាភិបាល និងប្រជាជនឡាវ ទទួលបានជោគជ័យឧត្តុង្គឧត្តម និងថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុអភិវឌ្ឍន៍ ប្រកបដោយមោទនភាព និងវិបុលភាព សម្រាប់ប្រជាជនឡាវជានិច្ចនិរន្តរ៍តទៅ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនគណៈប្រតិភូ ស្នាក់នៅ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជ័យជម្នះ៕

Fresh News

អត្ថបទទាក់ទង