អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែថ្នាក់ខេត្ត មុនប្រឡងថ្នាក់ជាតិ
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយសិស្សពូកែទូទាំងខេត្ត ចំនួន ១៨នាក់ (ថ្នាក់ទី១២ ចំនួន ៩នាក់ និងថ្នាក់ទី ៩ ចំនួន ៩នាក់) បានផ្ដល់រង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរ ដល់សិស្សពូកែថ្នាក់ខេត្ត មុនប្រឡងថ្នាក់ជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ លោក សុខ លូ បានកោតសសើរដល់ថ្នាក់ដឹកនាំនៃមន្ទីអប់រំ យុវជន និងកីឡាខេត្ត ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្ហាត់បង្រៀន ចំណេះ ជំនាញ ដល់ សិស្សានុសិស្ស គ្រប់ស្រទាប់វណ្ណៈ ឱ្យក្លាយជាធនធានមនុស្ស អាចបន្តវេនសម្រាប់ដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចំរើន នាពេលអនាគត។
លោកអភិបាលខេត្ត បានបន្តទៀតថា នៅឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានសម្លាប់អ្នកចេះដឹងស្ទើរតែទាំងស្រុង ធ្វើឲ្យយើងទាំងអស់គ្នាមានវិប្បដិសារីរហូតមកដល់ថ្ងៃនេះ។ លោកបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ជាវិស័យអាទិភាព ដោយបានកែទម្រង់ចាប់ពីថ្នាក់កុមារដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្នុងន័យពង្រឹងគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងការអភិវឌ្ឍសម្រាប់ឱ្យយុវជនមានចំនេះ ជំនាញ ដូច្នេះថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តក្មេងៗជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្របានពូកែ មានទាំងសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ខ្លួងឯង ក៏ដូចជាជួយការងារសង្គមផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមប្រឡងថ្នាក់ជាតិទូទាំងប្រទេស ឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភក្តិប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍មកលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬសមត្ថកិច្ច ដើម្បីធ្វើការអប់រំគាត់បានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានប្រគល់ថវិកា ជាមួយប័ណ្ណសរសើរ ជូនដល់សិស្សពូកែទូទាំងខេត្ត ចំនួន ១៨នាក់ ដោយលេខ១៖ ទទួលបានប័ណ្ណសរសើ១ និងថវិកា ៣០ម៉ឺនរៀល លេខ២៖ ទទួលបានប័ណ្ណសរសើ ១ និងថវិកា ២៥ ម៉ឺនរៀល លេខ៣៖ ទទួលបានប័ណ្ណសរសើ ១ និងថវិកា ២០ម៉ឺនរៀល ក្នុងនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនដល់សិស្សពូកែទាំង ១៨នាក់ ស្នើៗគ្នា ដោយក្នុងម្នាក់ទទួលបាន ២០ម៉ឺនរៀលបន្ថែមទៀត៕