ខ្មែរប៉ុស្ដិ៍ Close

លោក ដូណាល់ ត្រាំ អនុញ្ញាតឱ្យទាហានអាមេរិក ប្រើគ្រាប់មីនប្រឆាំងមនុស្ស ជាថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
លោក ដូណាល់ ត្រាំ អនុញ្ញាតឱ្យទាហានអាមេរិក ប្រើគ្រាប់មីនប្រឆាំងមនុស្ស ជាថ្មី លោក ដូណាល់ ត្រាំ អនុញ្ញាតឱ្យទាហានអាមេរិក ប្រើគ្រាប់មីនប្រឆាំងមនុស្ស ជាថ្មី

តាំង​ពី​ឆ្នាំ​២០១៤មក សហរដ្ឋ​អាមេរិក​បាន​ដាក់​កំហិត​​មិន​ឱ្យ​ទាហាន​ប្រើ​​ប្រាស់​គ្រាប់​មីនប្រឆាំង​មនុស្ស​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី ៣១​មករា ២០២០​លោក​ដូណាល់ ត្រាំ ​បានសម្រេច​​លើក​បម្រាម​នេះ​ចេញ​វិញ។ គ្រាប់មីន​ដែល​ប្រធានាធិបតី​អាមេរិក​អនុញ្ញាត​ឱ្យ​ប្រើ ជា​ថ្មី ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ជា​គ្រាប់មីន ជំនាន់​ថ្មី​ ទំនើប​ និង​មិន​បំផ្លាញ​ជីវិត​ជនស៊ីវិលទេ។

“នៅ​ក្នុង​កាលៈទេសៈ​ពិសេស និង​ដោយ​មិន​​​អចិន្ត្រៃយ៍​ មេបញ្ជាការ​យោធា​អាចសម្រេច​​ប្រើប្រាស់​គ្រាប់​មីន​ ជំនាន់​ថ្មី​ ដែលមិន​សូវ​បង្កគ្រោះថ្នាក់​ របួស​ឬ​ស្លាប់ ដល់​​​ជនស៊ីវិល ឬ​ទាហានជា​​ដៃគូ”។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍ របស់​សេតវិមាន​ ដែល​បញ្ជាក់ថា​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ត្រាំ លុប​ចោល​សេចក្តី​សម្រេច​របស់លោក​ បារ៉ាក់​ អូបាម៉ា កាលនៅ​​​ជា​ប្រធានាធិបតី។

ក្រោម​អាណត្តិ​របស់​លោក អូបាម៉ា អាមេរិក​បាន​សម្រប​ខ្លួន​តាម​សន្ធិសញ្ញា ​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីនប្រឆាំង​មនុស្ស ឬ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា ឆ្នាំ​១៩៩៧ ដែល​មាន​ប្រទេស​ចំនួន ១៦៤​បាន​ផ្តល់​សច្ចាប័ន។ សន្ធិសញ្ញា​នេះ​បាន​ចែង​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីន ហាមឃាត់​មិន​ឱ្យ​មាន​ការ​រក្សាស្តុក​ទុក​គ្រាប់​មីន ហាមឃាត់​ការ​ផលិត និង​ការ​ផ្ទេរ គ្រាប់​មីន​ប្រឆាំង​​មនុស្ស ដែល​គេ​យក​កប់​ក្នុង​ដី និង​ផ្ទុះ​នៅ​ពេល​មានអ្នក​ដើរ​ជាន់។

សហរដ្ឋ​អាមេរិក​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​ទេ ប៉ុន្តែ​អាមេរិក​លែង​ប្រើ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នេះ តាំង​ពី​ឆ្នាំ​១៩៩១​មក លើក​លែង​តែមួយករណី​គត់​គឺ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន កាលពី​ឆ្នាំ​២០០២។ ​នៅ​ឆ្នាំ​២០១៤ លោក អូបាម៉ា បានបង្ខិត​​សហរដ្ឋ​អាមេរិកឱ្យ​ចូល​កាន់​តែ​ស្និទ្ធ​នឹង​សន្ធិសញ្ញា ដោយ​​​សម្រេច​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីន ទាំង​ស្រុង លើក​លែង​តែ​នៅក្នុង​ឧបទ្វីប​កូរ៉េ ដែល​ទាហាន​អាមេរិកអាច​​​មាន​សិទ្ធិ​ដាក់​មីន​។

បើតាម​សេតវិមាន បម្រាម​របស់​រដ្ឋបាល​អូបាម៉ា បាន​​ធ្វើ​ឱ្យ​អាមេរិក​ចាញ់​ប្រៀប​​នៅ​ក្នុង​សមរភូមិ ហេតុដូច្នេះ​ហើយ​ទើប​លោក​ត្រាំ​​ត្រូវ​លុប​ចេញ​វិញ ដើម្បីការពារ​ជីវិត​ទាហាន​អាមេរិក។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិអាមេរិក​​ បាន​សម្តែង​​ការ​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​នយោបាយ​ថ្មី​នេះ ដោយ​​អះអាង​ថា មីន​ ជា​អាវុធ​​ដ៏​សំខាន់​ដែល​នឹង​ជួយ​កង​កម្លាំង​អាមេរិកឱ្យ​បំពេញ​បេសកកម្ម​បាន​ជោគជ័យ។ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ដែល​ទាហាន​អាមេរិក​អាច​នឹង​ប្រើបាន​នៅគ្រប់ទិសទី ជា​មីន​ប្រភេទ​ថ្មី អាច​បញ្ជាពី​ចម្ងាយ​ ប្រសិន​បើ​គ្មាន​ការ​បញ្ជា​ឱ្យ​ផ្ទុះនិងបើ​ផុត​ពេល​កំណត់ គ្រាប់​មីន​នឹងត្រូវ​បំផ្លាញដោយ​ខ្លួន​ឯង។ តាម​ធម្មតា គ្រាប់​មីន​នឹង​ត្រូវ​ស្វ័យ​បំផ្លាញ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ តែ​រយៈ​ពេល​នេះ​អាច​កាត់​បន្ថយ​មក​ត្រឹម​៤៨​ម៉ោង ឬ​២ម៉ោង​ផងក៏​បាន ​បើ​ចាំ​បាច់។

​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​អាវុធ​នៅ​អាមេរិក នយោបាយ​ថ្មី​របស់​លោកត្រាំ ជា​កំហុស​ដ៏​សែន​គ្រោះថ្នាក់។ តាំងពី​មាន​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​​មក ចំនួន​ជន​រងគ្រោះ​ដោយ​គ្រាប់​មីន​បាន​ធ្លាក់​ចុះជិត​១០ដង ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ ពោលគឺ​ពី​៣ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​ដើម​ទសវត្សរ៍​១៩៩០ មកនៅ​ត្រឹម​៣៣៣០នាក់​នៅ​ឆ្នាំ​២០១៣៕

RFI