ខ្មែរប៉ុស្ដិ៍ Close

ម៉ាសជិត២ម៉ឺន អំណោយលោក ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋនៅច្រកព្រំដែនអន្តរជាតិដូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 37

លោក ហឿង សុគន្ធ អភិបាលស្តីទីខេត្តបាត់ដំបង និងក្រុមការងារបាននាំយកម៉ាសជិត២ម៉ឺនម៉ាស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកតាមរយ:លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ យកទៅចែកជូនប្រជាពលរដ្ឋចេញចូលដីថៃនៅចំណុចច្រកព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃក្នុងស្រុកកំរៀង ដើម្បីការពារការឆ្លងរោគជំងឺកូរ៉ូណាថ្មី។

លោក ហឿង សុគន្ធ បានថ្លែងឲ្យដឹងថា នៅព្រឹកនេះលោកបាននាំយកម៉ាសចំនួន១៦,០០០អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីការពារនូវការឆ្លងវីរុសថ្មីឈ្មោះថា កូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមួយចំនួនទៀត ក្នុងនោះមាននៅកម្ពុជា១ករណីផងដែរ។

សូមបញ្ជាក់ផងដែរថា ការចែកម៉ាសនេះ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តបាត់ដំបង, អភិបាលខេត្តបានសហការជាមួយរដ្ឋបាលមូលដ្ឋានដឹកនាំក្រុមការងារធ្វើការចែកម៉ាសជូនប្រជាពលរដ្ឋ ពិសេសអាជីវករដែលចេញចូលធ្វើការរកស៊ីក្នុងទឹកដីថៃប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់រោគឆ្លងជំងឺកូរ៉ូណាថ្មី មកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃ។ ក្នុងនោះមន្ទីរសុខាភិបាលខេត្តក៏បានជួយម៉ាសចំនួន១ពាន់ផងដែរ។

បច្ចុប្បន្ននេះការឆ្លងជំងឺកូណូរ៉ាថ្មីនេះ ត្រូវបានយកចិត្តដាក់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរដែនដី ពិសេសក្រុមគ្រូពេទ្យ គ្រប់ទីកន្លែងនៅកម្ពុជាមិនឲ្យមានករណីឆ្លងមកកម្ពុជាផងដែរ៕