ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ​ (Unilever)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 25
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ​ (Unilever) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ​ (Unilever)

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានអញ្ជើញទទួលជួបក្រុមហ៊ុនយូនីលីវើ (Unilever) ដឹកនាំដោយ លោក រ៉ូប៊ើត កាន់ឌឺលីណូ (Robert Candelino) នាយកប្រតិបត្តិនៃក្រុមហ៊ុនយូនីលីវើ និងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុមហ៊ុនក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនយូនីលីវើ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងរឹងមាំ នូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះពាល់ខ្លាំងលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ក្រុមហ៊ុនយូនីលីវើ បានជម្រាបថា ទីផ្សារកម្ពុជាជាទីផ្សារមួយដែលមានកំណើនខ្ពស់មួយ ក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមានប្រតិបត្តិការ។

កំណើនទីផ្សារដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងពីការរីកចំរើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូល ដែលបានប្រែក្លាយខ្លួនយ៉ាងលឿន ក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាវិញ លោក កាន់ឌឺលីណូ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយបុគ្គលិករបស់ក្រុមហ៊ុន ដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្តចំពោះទេពកោសល្យនៃយុវជនកម្ពុជា ដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនយូនីលីវើថា រាជរដ្ឋាភិបាលចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បង ហើយការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបែបនេះ ក៏បានជួយដល់ផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យក្រុមហ៊ុនយូនីលីវើ បន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយ ដូចជាក្លែងបន្លំផលិតផល និងធ្វើការរាយការណ៍ជូនអាជ្ញាធរឲ្យបានភ្លាមៗ ក្នុងករណីដែលដឹង។

ជាមួយគ្នានោះផងដែរ ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គភាពកាំកុងត្រូលឲ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារ ការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក៏បានស្នើសុំឲ្យក្រុមហ៊ុនយូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍ពិសោធន៍ ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ឬផលិតផលលាយ។ ក្រៅពីនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាព ក៏ដូចជាសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា៕

អត្ថបទទាក់ទង