ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ប្រវត្តិត្រួសៗនៃទីក្រុង Wuhan របស់ចិន ដែលជាចំណុចផ្ទុះដំបូងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ស្វែងយល់ប្រវត្តិត្រួសៗនៃទីក្រុង Wuhan របស់ចិន ដែលជាចំណុចផ្ទុះដំបូងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Video inside) ស្វែងយល់ប្រវត្តិត្រួសៗនៃទីក្រុង Wuhan របស់ចិន ដែលជាចំណុចផ្ទុះដំបូងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Video inside)

(វូហាន)៖ វូហាន (Wuhan) គឺជាទីក្រុងធំបំផុតនៃខេត្តហ៊ូប៉ី (Hubei) និងជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើង នូវវីរុសកូរ៉ូណាថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៩ ដែលបានផ្ដាច់ជីវិតមនុស្ស ១០៦នាក់ និងជាង ៤,៥០០នាក់ទៀតបានឆ្លង នៅក្នុងប្រទេសចិន ខណៈប្រទេសចំនួន ១៥ នៅលើពិភពលោក ក៏បានប្រកាសពីករណីឆ្លងវីរុសដ៏កាចសាហាវនេះដែរ។

* ប្រវត្តិត្រួសៗរបស់ទីក្រុងវូហាន

– ជាទីក្រុងធំបំផុត (capital) នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន
– ផ្ទៃក្រឡាទំហំ ៨,៤៩៤គីឡូម៉ែត្រ
– ប្រជាជនសរុប ១១លាននាក់ (ស្ថិតិឆ្នាំ២០១៨)
– ចៅហ្វាយក្រុង លោក ចូវ សៀនវ៉ាង (Zhou Xianwang) តែបានសុំលាលែងចេញពីតំណែង ក្រោយផ្ទុះករណីឆ្លងវីរុសកូរ៉ូណា។

វូហាន គឺជាទីក្រុងដ៏ចំណាស់មួយរបស់ចិន ដែលមានអាយុកាលជាង ៣,៥០០ឆ្នាំមកហើយ និងជាប់លេខ ៧ ក្នុងនាមជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ចិន។ ឈ្មោះថា Wuhan បានមកពីការរួមផ្សំគ្នានៃទីក្រុងចំនួនបីគឺ វូឆេង (Wuchang), ហានកូវ (Hankou) និង ហានយ៉ាង (Hanyang) ដែលជាទីក្រុងទាំងបីរួមគ្នាក្លាយជា Wuhan។

ទីក្រុងវូហានក៏ជាចំណុចប្រសព្វរវាងទន្លេ យ៉ាងត្សេ (Yangtze) និងទន្លេ ហាន (Han) ផងដែរ ហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្របានកើតឡើងនៅក្នុងទីក្រុងមួយនេះ នោះគឺការបះបោររបស់ក្រុមឧទ្ទាម Wuchang ដែលនាំទៅដល់ការផ្ដួលរំលំរាជវង្ស ឆេង (Qing dynasty) និងការបង្កើតសាធារណរដ្ឋចិន។ វូហានធ្លាប់ក្លាយជារដ្ឋធានីរបស់ចិន ក្នុងមួយរយៈពេលខ្លីកំឡុងឆ្នាំ១៩២៧ ក្រោមអតីតរដ្ឋាភិបាល គូមីតាង (Kuomintang ឬ KMT) ដឹកនាំដោយលោក វ៉ាង ជីងវៃ (Wang Jingwei)។

* សេដ្ឋកិច្ចរបស់ទីក្រុង Wuhan

ទីក្រុង Wuhan មានតំបន់អភិវឌ្ឍធំៗចំនួន ០៣, តំបន់វិទ្យាសាស្ត្រ និងឧទ្យានអភិវឌ្ឍបច្ចេកវិទ្យានចំនួន 0៤ ព្រមទាំងមានវិទ្យាស្ថានស្រាវជ្រាវ ៣៥០កន្លែង។ ទីក្រុងមួយនេះមានផលិតផលក្នុងស្រុកសរុប ឬ GDP ២២៤ពាន់លានដុល្លារ (ស្ថិតិក្នុងឆ្នាំ២០១៨)។ វិស័យសេវាកម្មតំណាងឱ្យ ៥១ភាគរយនៃ GDP, ឧស្សាហកម្ម ៤៥.៧ភាគរយ និងកសិកម្មស្មើតែ ៣.៣ភាគរយប៉ុណ្ណោះនៃ GDP។

គួរជម្រាបថា វីរុសកូរ៉ូណាថ្មីត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងនៅក្នុងទីក្រុងវូហាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តែរហូតដល់ថ្ងៃទី៣១ ខែធ្នូ ទើបអាជ្ញាធរចិន ជូនដំណឹងដល់អង្គការសុខភាពពិភពលោក ឬស្មើនឹងការប្រកាសជាផ្លូវការ ប្រាប់ពិភពលោក។ មកទល់នឹងថ្ងៃទី២៨ ខែមករានេះ ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិនបានកើនដល់ ១០៦នាក់ និង ៤,៥៣៥នាក់បានឆ្លង ខណៈប្រទេសចំនួន១៤ ផ្សេងទៀតបានទទួលស្គាល់ពីករណីផ្ទុះឡើងនៃវីរុសនេះ ដែលត្រូវបានគេជឿជាក់ថា មានប្រភពចេញពីផ្សារលក់គ្រឿងសមុទ្រ និងសត្វព្រៃ ក្នុងស្រុកជាំងហាន (Jianghan) នៃទីក្រុងវូហាន។

ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ៤,៥៣៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ១៤ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៧ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី

គួរបញ្ជាក់ថា តួលេខខាងលើនេះគឺគិតត្រឹមម៉ោង ១៦៖៣០នាទីរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០៕

ប្រភព៖ Wikipedia

អត្ថបទទាក់ទង