លោក គី តិច៖ អ្នកសារព័ត៌មានដែលត្រូវការមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ឲ្យជួយការពារក្តីត្រូវដាក់ពាក្យស្នើសុំទៅក្រសួងព័ត៌មាន
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា សម្រាប់អ្នកព័ត៌មានដែលធ្វើការតាមក្រមសីលធម៌វីជ្ជាជីវៈប៉ុន្តែត្រូវគេប្តឹង បើត្រូវការមេធាវីស្ម័គ្រចិត្ត លោកនាយករដ្ឋមន្រ្ដីឲ្យជួយការពារក្តី ត្រូវស្នើសុំទៅក្រសួងព័ត៌មានជាមុនសិន។
លោក គី តិច បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ចូលជួបប្រជុំជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរៀបចំផែនការដំណើការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈ។
បើតាមប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី អ្នកសារព័ត៌មានដែលទទួលបានសិទ្ធិការពារក្តី គឺជាអ្នកសារព័ត៌មាន ដែលចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ពីក្រសួងព័ត៌មាន។ ដោយឡែក សម្រាប់អ្នកសារព័ត៌មាន ដែលឡាយផ្ទាល់តាមហ្វេសប៊ុក និងមិនបានទទួលស្គាល់ដោយច្បាប់ទេ គឺមិនអាចទទួលបានសិទ្ធិនេះឡើយ។
លោក គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តមរដ្ឋមន្ត្រី [ក្រសួងព័ត៌មាន] មានប្រសាសន៍ពីរចំណុច ដែលខ្ញុំគិតថាមានអត្ថន័យជ្រាលជ្រៅ និងមានសារៈសំខាន់បំផុត ដែលកើតចេញពីជំនួបនេះ។ ទីមួយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលដែលអ្នកសារព័ត៌មាន មានបញ្ហាផ្លូវច្បាប់ណាមួយ ដែលទទួលរងនូវការប្តឹង គឺត្រូវឲ្យអ្នកសារព័ត៌មាននោះ ឆ្លងកាត់មកក្រសួងពិនិត្យសិន ពីព្រោះអ្នកសារព័ត៌មាន គឺមានអ្នកសារព័ត៌មានដោយច្បាប់ មានចុះបញ្ជី មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលហៅថាអ្នកសារព័ត៌មានគ្រប់គ្រងតាមច្បាប់ និងគ្រប់គ្រងដោយក្រសួងព័ត៌មាន។ អញ្ចឹងអ្នកសារព័ត៌មានប្រភេទនេះ ដែលយើងខ្ញុំក៏ដូចជាក្រសួងសហការគ្នាផ្តល់សេវា»។
លោកបន្តថា «ប៉ុន្តែអម្បាញ់មិញនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកដែរថា មានអ្នកខ្លះតាំងខ្លួនជាអ្នកសារព័ត៌មាន ប៉ុន្តែខ្លួនឯងមិនចុះបញ្ជី មិនទទួលបានសិទ្ធិធ្វើជាអ្នកសារព័ត៌មានទេ គ្រាន់តែមានទូរស័ព្ទមួយថតបានទៅ តាំងខ្លួនថាជាអ្នកសារព័ត៌មាន តែគេមិនហៅថា ជាអ្នកសារព័ត៌មានទេ គេហៅអ្នកលេងហ្វេសប៊ុក។ អញ្ចឹងសេវាយើងខ្ញុំ ក៏មិនផ្តល់ទៅជូនអ្នកទាំងអស់នោះដែរ»។
ក្នុងកិច្ចប្រជុំនេះ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការផ្តល់មេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ការពារក្តីដល់អ្នកសារព័ត៌មានបែបនេះ គឺមិនមែនលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន ដើរជេរប្រមាថគេទេ គឺផ្តល់ឲ្យតែអ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតែបុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងបន្តថា ឆាប់ៗខាងមុខនេះ ក្រសួងនឹងរៀបចំឲ្យមានជាសិក្ខាសាលាមួយ ដើម្បីបញ្ជ្រាបការយល់ដឹង ពាក់ព័ន្ធនឹងការផ្តល់សេវារបស់មេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាលោកចអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។ លោកថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានលោកដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕