លោក គី តិច៖ ក្រុមប្រឹក្សាជំនុំជម្រះ មានភាពលម្អៀងទៅខាងភាគីលោក កឹម សុខា

    ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |
    លោក គី តិច៖ ក្រុមប្រឹក្សាជំនុំជម្រះ មានភាពលម្អៀងទៅខាងភាគីលោក កឹម សុខា លោក គី តិច៖ ក្រុមប្រឹក្សាជំនុំជម្រះ មានភាពលម្អៀងទៅខាងភាគីលោក កឹម សុខា

    ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លោក គី តិច បានអះអាងថា នៅក្នុងនាការលើកទី៤ លើសំណុំរឿងលោក កឹម សុខា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាជំនុំជម្រះ ហាក់មានការលម្អៀងទៅខាងភាគីរបស់លោក កឹម សុខា។

    នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ដែលអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ នៅក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។

    សវនាការនេះត្រូវបានលោក គី តិច ដែលតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីកត់សម្គាល់ឃើញថា ក្រុមប្រឹក្សាជំនុំជម្រះលម្អៀងទៅខាងលោក កឹម សុខា មានចំនួន២ចំណុច។ លម្អៀងត្រង់ថា៖ ការផ្តល់សិទ្ធិមិនស្មើគ្នា ពោលខាងមេធាវីរាជរដ្ឋាភិបាលលើកដៃសុំនិយាយតែត្រូវហាមឃាត់ និងពេលដល់វគ្គនិយាយ ស្រាប់តែភាគីជនជាប់ចោទ ឆ្លៀតតតាំងផ្ទាល់ដោយគ្មានការអនុញ្ញាត ពីក្រុមប្រឹក្សាជំនុំជម្រះផងដែរ។

    លោក គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកនេះក្រុមប្រឹក្សាជំនុំជម្រះហាក់ដូចជាបិទសិទ្ធិខាងភាគីយើងខ្ញុំច្រើន។ ខាងខ្ញុំលើកដៃ [តុលាការ] អត់ឲ្យ។ ឡើងនិយាយបន្តិច [តុលាការ] កាត់អត់ឲ្យ។ ខ្ញុំក៏បានតវ៉ាដែរ នៅក្នុងសវនការអម្បាញ់មិញ ខ្ញុំថាបើឲ្យសិទ្ធិសុំឲ្យស្មើគ្នា។ យើងខ្ញុំក៏មិនចង់ដណ្តើមសិទ្ធិ ឲ្យលើសពីមេធាវីការពារសិទ្ធិភាគី ជនជាប់ចោទដែរ។ បើគាត់បាននិយាយម្តង សុំឲ្យខាងខ្ញុំបាននិយាយម្តង។ បើគាត់សុំត ២ដង ខ្ញុំសុំត ២ដងដែរ»។

    លោកបន្តថា «អញ្ចឹងអម្បាញ់មិញនេះ មានការហាមឃាត់ច្រើនខាងខ្ញុំ ប៉ុន្តែខាងយើងខ្ញុំមិនខឹងអីទេ នេះជាការគោរពទៅតាមសិទ្ធិ ដែលសម្រេចឡើងដោយ ក្រុមប្រឹក្សាជំនុំជម្រះ។ ពេលដែលគាត់ឲ្យខ្ញុំឈប់ ខ្ញុំឈប់។ ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ជូនដែរថា ដែលខាងភាគីជនជាប់ចោទ ដូចជាត្រូវបានក្រុមប្រឹក្សាផ្តល់ហួស។ ដល់ពេលដែលដល់វគ្គ របស់មេធាវីការពារក្តីដើមបណ្តឹងរដ្ឋប្បវេណី ត្រូវឡើងបញ្ចេញមតិធ្វើអត្ថាធិប្បាយ កត់សម្គាល់អ្វីផ្សេងៗ គឺជនជាប់ចោទ គាត់ឆ្លៀត តតាំង ផ្ទាល់មក ដោយអត់មានការអនុញ្ញាត ពីក្រុមប្រឹក្សាជំនុំជម្រះទេ។ បញ្ហានេះ ខ្ញុំក៏បានលើកជូនក្រុមប្រឹក្សាជំនុំជម្រះដែរ សុំឲ្យពិនិត្យមើលលើបញ្ហានេះ ការផ្តល់សិទ្ធិរបៀបអញ្ចឹង មិនត្រឹមត្រូវតាមច្បាប់ទេ»។

    នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា បន្តទៀតផងដែរ។

    សូមជំរាបថា ក្នុងសវនាការរយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តុលាការបានចោទសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា។ ជាមួយគ្នានេះ ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានទទួលស្គាល់ថា សំឡេងរូបនៅក្នុងឃ្លឹប ដែលសារភាពអំពីការទទួលបញ្ជារបស់បរទេស គឺជាសំឡេង រូបរបស់លោកពិតប្រាកដមែន។

    យ៉ាងណាក៏ដោយ មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្រកាសត្រៀមភស្ដុតាង ចំនួន៣វ៉ាលីធំៗថែមទៀត ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ។

    លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP ជូនជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។

    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

    លក្ខខណ្ឌថ្មី នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕

    Fresh News

    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង