ខ្មែរប៉ុស្ដិ៍ Close

អាមេរិកផ្ដល់ជំនួយ ៧.៥ម៉ឺនដុល្លារ ដើម្បីអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅសារមន្ទីរទួលស្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 67
អាមេរិកផ្ដល់ជំនួយ ៧.៥ម៉ឺនដុល្លារ ដើម្បីអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅសារមន្ទីរទួលស្លែង អាមេរិកផ្ដល់ជំនួយ ៧.៥ម៉ឺនដុល្លារ ដើម្បីអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅសារមន្ទីរទួលស្លែង

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅមន្ទីរឃុំឃាំងស-២១ បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង។

គម្រោងអភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ដំណាក់កាលទី២នេះ ត្រូវបានផ្ដល់ជូន ពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយប្រើប្រាស់ថវិកាចំនួន ៧៥,០០០ដុល្លាអាមេរិក។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសារមន្ទីរទួលស្លែង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។

លោកស្រី ភឿង សកុណា បានថ្លែងថា គម្រោងនេះ នឹងផ្តោតទៅលើវាយនភណ្ឌ នៅជាន់ផ្ទាល់ដី នៃសាលពិព័រណ៍អគារ «ខេ» ដែលសម្លៀកបំពាក់ទាំងនោះ ដាក់តាំងគរលើគ្នាក្នុងទូ អស់រយៈកាលជាង៩ឆ្នាំមកហើយ។ ក្រៅពីការងារអភិរក្ស និងចុះបញ្ជី ក្រុមការងារជំនាញនឹងគិតគូរ រកបច្ចេកទេស នៃការដាក់តាំងថ្មី ដោយបង្កើតទូតាំងពិសេសមួយ ដែលអាចជួយកាត់បន្ថយ ការខូចខាតពីសត្វល្អិត និងសំណើមពីអាកាសធាតុ។

លោកស្រី បានគូសបញ្ជាក់ថា សកម្មភាព នៃការគាំទ្ររបស់ប្រទេសអាមេរិក លើគម្រោងនៃការអភិរក្សវាយនភណ្ឌ នៅសារមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ក្រសួង ក៏ដូចជាប្រជាជនកម្ពុជា ទូទាំងប្រទេស ដ្បិតភ័ស្តុតាងទាំងអស់នេះ ជាតឹកតាងប្រវត្តិសាស្រ្តសម្រាប់សិក្សាឈ្វេងយល់ ពីអំពើឧក្រិដ្ឋកម្មដែលខ្មែរក្រហម បានប្រព្រឹត្តចំពោះប្រជាជនស្លូតត្រង់ រាប់លាននាក់ នារវាងឆ្នាំ១៩៧៥-១៩៧៩។

បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងផងដែរថា ក្រោយបញ្ចប់កិច្ចអភិរក្សនេះ វាយនភណ្ឌមួយចំនួន នឹងត្រូវជ្រើសរើស យកមកដាក់តាំងបង្ហាញ ដល់សាធារណជនជាតិ និងអន្តរជាតិ ក្នុងពិព័រណ៍អចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ ក្នុងឆ្នាំ២០២២ខាងមុខ។

លោកស្រី ភឿង សកុណា បានឲ្យដឹងថា គម្រោងនៃការអភិរក្សវាយភណ្ឌនេះ មិនត្រឹមតែបានជួយសង្គ្រោះ ដល់វត្ថុតាងប្រវត្ដិសាស្ដ្រនេះទេ តែបានផ្ដល់ប្រយោជន៍សំខាន់មួយទៀត ដល់សារមន្ទីរទួលស្លែង គឺការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់បន្ដនិរន្ដរភាព នៃការជួសជុលវិស័យនេះ នាថ្ងៃអនាគត។

តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងស្តីពី «ការអភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដំណាក់កាលទី២ នៅភ្នំពេញ» រំលេចពីការខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការ រវាងអាមេរិក ជាមួយអាជ្ញាធរនានារបស់កម្ពុជា ក្នុងការចងក្រងឯកសារ ស្តីពីអំពើឃោឃៅ សម័យខ្មែរក្រហម។

គម្រោងនេះ អនុវត្តដោយសារមន្ទីរទួលស្លែង ក្រោមជំនួយបច្ចេកទេស របស់លោកស្រី Julia Brennan ជនជាតិអាមេរិក ដែលជាអ្នកជំនាញផ្នែកការងារ អភិរក្សវាយនភណ្ឌ នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹងជួយបណ្តុះបណ្តាល ដល់បុគ្គលិកសារមន្ទីរ ឲ្យមានលទ្ធភាពអាចបន្តការងារ គម្រោងដោយខ្លួនឯងបាន។

គម្រោងអភិរក្សវាយនភណ្ឌនេះ នឹងផ្តោតទៅលើសិក្ខាសាលាបណ្តុះបណ្តាលការអភិរក្ស ការកំណត់ស្ថានភាពវត្ថុ សម្រាប់អភិរក្ស ការថែទាំវត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុក និងជ្រើសរើសវត្ថុពីសុមច្ច័យវាយនភណ្ឌជាង ៥,០០០ ដែលអាចដាក់តាំងបង្ហាញបានរយៈពេលយូរ។

គូសបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥,៥០០ ដុល្លារអាមេរិក សម្រាប់គម្រោងអភិរក្ស នាដំណាក់កាលដំបូង។ គម្រោងនេះ ជាសមិទ្ធិផលដំបូង ដែលបង្ហាញពីការ ខិតខំប្រឹងប្រែង របស់ក្រុមការងារ ក្នុងការចងក្រងឯកសារ និងអភិរក្សសម្លៀកបំពាក់ ជនរងគ្រោះមន្ទីរស-២១ ដែលរក្សាទុក នៅសារមន្ទីរអស់រយៈពេលជាច្រើនទសវត្សរ៍៕

អត្ថបទទាក់ទង