ខ្មែរប៉ុស្ដិ៍ Close

ប្រទេសល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ មុខរបរ 21
ប្រទេសល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០ ប្រទេសល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០

រាល់អ្នកវិនិយោគធំៗ ចាប់ពីលោក វ៉រិន បាហ្វេត (Warren Buffet) រហូតដល់ការិយាល័យគ្រួសារដែលនៅជិតបំផុតរបស់អ្នក ឥឡូវនេះបានទុកប្រាក់នៅមួយកន្លែងដោយមិនចំណាយទេ បើទោះបីជាទីផ្សារភាគហ៊ុន មានការកើនឡើងពីប៉ុន្មានឆ្នាំមុនក៏ដោយ។ បុគ្គលមានទ្រព្យសម្បត្ដិទាំងអស់ក៏កំពុងត្រៀមខ្លួនសម្រាប់អ្វីដែលមនុស្សភាគច្រើនគិតថាជាការថមថយសេដ្ឋកិច្ចដែលជៀសមិនផុត។

សូម្បីតែធនាគារ JPMorgan (ធនាគារវិនិយោគពហុជាតិ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក) ក៏និយាយថាលទ្ធភាពនៃការថមថយសេដ្ឋកិច្ចនៅឆ្នាំ ២០២០ គឺមានប្រហែលជា ៥០%។
យើងគិតថាប្រទេសល្អបំផុតសម្រាប់ធ្វើការវិនិយោគក្នុងឆ្នាំ២០២០ ជាប្រទេសដែលនឹងត្រូវរងផលប៉ះពាល់តិចបំផុតពីការថមថយសេដ្ឋកិច្ចពិភពលោកនាថ្ងៃអនាគត។

ខាងក្រោមនេះជាបញ្ជីរបស់ប្រទេសទាំង ៤ ដែលល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០។ ប្រទេសទាំងនេះមាននិន្នាការប្រជាសាស្រ្តរឹងមាំ, មិនសូវជាប់ទាក់ទងខ្លាំងនឹងដំណើរការនៃទីផ្សារពិភពលោក, និងមានកត្តាផ្ទៃក្នុងជំរុញកំណើនសេដ្ឋកិច្ចជាច្រើន, និងគួរមានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ – មិនថាមានអ្វីកើតឡើងនៅកន្លែងផ្សេងនោះទេ។

១.ប្រទេសវៀតណាម

បច្ចុប្បន្នប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយមិនមានភាពប្រាកដប្រជាក្នុងការបញ្ចប់សង្រ្គាមនេះបានឡើយ។ ជាការពិតណាស់ការប៉ះទង្គិចគ្នារវាងមហាអំណាច សេដ្ឋកិច្ចទាំងពីររបស់ពិភពលោកអាចនឹងក្លាយជាមូលហេតុដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ចសកលកើតឡើង។

ប្រទេសវៀតណាមមិនមានការព្រួយបារម្ភទេ។ វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដែលស្ថិតជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសចិន ប្រាកដជានឹងទទួលផលប្រយោជន៍ជាមិនខាន។
សាជីវកម្មពហុជាតិធំ ៗ រួមទាំងក្រុមហ៊ុន សាមស៊ុង (Samsung) និងក្រុមហ៊ុនរាប់សិបទៀតកំពុងផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលទៅប្រទេសវៀតណាម ដែលត្រូវបានទាក់ទាញដោយតម្លៃផលិតទាបនិងការមិនជាប់ពន្ធ។

ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមដែលស្ថិតនៅជាប់នឹងប្រទេសចិន និងមានកំពង់ផែសមុទ្រជាច្រើន បានធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលមានស្រាប់នៅទីនេះផងដែរ។

ទន្ទឹមនឹងនេះ ជាមួយនឹងប្រជាជនជិត ១០០ លាននាក់ និងការកើនឡើងយ៉ាងលឿននៃសេដ្ឋកិច្ច វណ្ណៈកណ្តាលរបស់ប្រទេសវៀតណាមកំពុងតែកើនឡើងយ៉ាងឆាប់រហ័សដូចប្រទេសចិនកាលពី ៣០ ឆ្នាំមុនដែរ។

២.ប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនមានភាពស្រដៀងគ្នាទៅនឹងប្រទសវៀតណាមជាងបណ្តាប្រទេសដទៃទៀតដែលមានក្នុងបញ្ជីរបស់យើង។ ប្រទេសទាំងពីរជាប្រទេសធំ មានទីផ្សារដែលមានកំណើនខ្ពស់ ហើយមានប្រជាជនប្រហែល ៩០ លាននាក់និងកំពុងមានការរីកលូតលាស់នៃប្រជាជនវណ្ណៈកណ្តាល។

ប្រទេសនីមួយៗមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៥% ក្នុងមួយឆ្នាំ បានមួយរយៈពេលហើយ។

ប៉ុន្តែខុសពីប្រទេសវៀតណាម ប្រាក់ប៉េសូ (Peso) របស់ហ្វីលីពីនស្ថិតនៅក្នុងចំណោមរូបិយប័ណ្ណដែលដំណើរការខ្ពស់ជាងគេនៅអាស៊ី។ ប្រាក់បញ្ញើដែលមានកាលកំណត់រយៈពេលមួយឆ្នាំ ជាទូទៅ ផ្តល់ការប្រាក់ ខ្ពស់ជាង ៦% ក្នុងមួយឆ្នាំ។ ដូច្នេះ ធនាគារនៅប្រទេសហ្វីលីពីនគឺជាជម្រើសដ៏កាន់តែមានប្រជាប្រិយភាព សម្រាប់អ្នកវិនិយោគដែលស្វែងរកប្រាក់ចំណេញពីប្រាក់ដែលទំនេររបស់ខ្លួន។

៣.ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេដាច់នៅអាស៊ីអាគ្នេយ៍ដោយមានប្រជាជនចំនួន ២៦០ លាននាក់ និងមានការកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកមិនចាំបាច់មើលកន្លែងផ្សេងទៀតទេប្រសិនបើអ្នកចង់វិនិយោគនៅក្នុងទីផ្សារសម្រាប់អ្នកប្រើប្រាស់មួយដែលរឹងមាំ និងមួយចំណែកធំដែលមិនទាន់ត្រូវបានប្រើប្រាស់។

ទោះបីប្រទេសឥណ្ឌូណេស៊ីមិនមែនជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងបញ្ជីរបស់យើងក៏ដោយ (ឋានៈនេះជារបស់ប្រទេសកម្ពុជាឬហ្វីលីពីន) ទំហំដ៏ធំសម្បើមរបស់ឥណ្ឌូណេស៊ី អាចប៉ះប៉ូវដល់ កំណើន ផសស ប្រចាំឆ្នាំដែលមានកម្រិតទាបត្រឹម ៥%។ ប្រទេសនេះជាកន្លែងដែលអ្នកគួរតែវិនិយោគប្រសិនបើអ្នកស្ថិតនៅក្នុងវិស័យកម្មន្តសាល ឬផលិតផលប្រើប្រាស់។

៤. ប្រទេសកម្ពុជា

ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាំងពីទសវត្សរទី៨០ពិតជាអស្ចារ្យណាស់។ បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី និងស្ថិតនៅក្នុងចំណោមប្រទេសដែលមានភាពអំណោយផលដល់ធុរកិច្ចជាងគេនៅក្នុងសាកលលោក។ កម្ពុជាមានការហាមឃាត់តិចតួចបំផុតចំពោះអ្នកវិនិយោគបរទេស។ អ្នកវិនិយោគបរទេសអាចចាប់ផ្តើមធុរកិច្ច និងកាន់កាប់ភាគហ៊ុន១០០%។ ការទិញអចលនទ្រព្យនៅកម្ពុជាក៏ជាជម្រើសដ៏ល្អមួយដែរ ជាពិសសនៅរាជធានីភ្នំពេញដែលតម្លៃអចលនទ្រព្យស្ថិតក្នុងរង្វង់ប្រមាណ ១.០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។ វាជាតម្លៃដែលគេមិនធ្លាប់លឺក្នុងចំណោមទីក្រុងដែលជារាជធានី/រដ្ឋធានី កុំថាឡើយនៅទីកន្លែងដែលមានអត្រានគរូបនីយកម្មខ្ពស់ដូចនៅប្រទេសកម្ពុជា។ ការស្រាវជ្រាវរបស់យើងបានរកឃើញថាមានទីក្រុងដែលជារាជធានី/រដ្ឋធានី ចំនួនតែ៨ប៉ុណ្ណោះដែលគេអាចទិញអចលនទ្រព្យក្រោមតម្លៃ ១.០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។

មួយវិញទៀត គេគួរកត់សម្គាល់ថាកម្ពុជាជាប្រទេសដែលមានអត្រាប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ដោយប្រាក់ដុល្លារត្រូវបានប្រើប្រាស់ស្ទើរតែនៅគ្រប់ប្រតិបត្តិការធំៗ។ យើងគិតថានេះជាចំណុចវិជ្ជមាននៃការវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងករណីដែលអ្នកមានប្រាក់ដុល្លារស្រាប់ ព្រោះវាលុបបំបាត់នូវកម្រៃសេវាប្តូរប្រាក់ដែលតែងតែកើតមាននៅពេលដែលអ្នកទិញទ្រព្យសម្បត្តិនៅអាស៊ី។

ដោយលោក Reid Kirchenbauer ក្នុងវិបសាយ INVESTASIAN
ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

អត្ថបទទាក់ទង