ក្រុមអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើត «គណបក្សខ្មែរស្រលាញ់ជាតិ»
ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសបង្កើតគណបក្សថ្មីមួយ គឺ «គណបក្សខ្មែរស្រលាញ់ជាតិ» ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខ។
ក្រុមអតីតថ្នាក់ដឹកនាំ CNRP មួយក្រុមនេះ មានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា គណបក្សថ្មីនេះ មិនទាន់ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយទេ ដោយកំពុងរៀបចំសំណុំឯកសារស្នើចុះបញ្ជីឆាប់ៗនេះផងដែរ។
លោក ជីវ កត្តា សមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមបង្កើតគណបក្សខ្មែរស្រលាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត ស្តីពីការបង្កើតគណបក្សថ្មីនេះថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ៕