ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលលោកគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលលោកគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលលោកគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា

នៅក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីមូលហេតុចំនួន៣ ដែលធ្វើឱ្យរូបលោក សម្រេចគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលហេតុទាំង៣ចំណុចនោះរួមមាន៖

ទី១- ជាការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចំបងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកុមារដែលមានអាយុចាប់ពី៩ឆ្នាំចុះមាន ចំនួនប្រមាណ ២០% ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០% របស់ប្រទេសដោយពួកគេជាកម្លាំងពលកម្មបម្រើជាតិដ៏សំខាន់។
ទី២- រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យនេះសម្រាប់ម្តាយ ទារក និងកុមារ។ កម្ពុជាមានមោទនភាពណាស់ ដែលមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាពមួយនេះ ដែលឆ្លើយតបបានយ៉ាងល្អប្រសើរ ទៅនឹងសេចក្ដីត្រូវការក្នុងការថែទាំ និងព្យាបាលសុខភាព មាតា ទារក និងកុមារ ។
និងទី៣- ទន្ទឹមនឹងការបង្កើនថវិកាជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យបំផុត ដែលយើងគួរគប្បីមាន “មូលនិធិគន្ធបុប្ផាកម្ពុជា” មួយផ្ទាល់របស់ខ្លួន។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅក្នុងស្រុងរបស់យើង ក៏កាន់តែមានភាពរឹកមាំ ជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏តែងតែមានភាពរស់រវើក ក្នុងការជំរុញសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សមាជិកមូលនិធិគន្ធាបុប្ផាកម្ពុជា ត្រូវបានចែកជា៣ប្រភេទ៖ ១- សមាជិកស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទាន ចាប់ពី ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល ឬ ២០,០០០ ដុល្លារអាមេរិកឡើងទៅ។ ២- សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី ២០,០០០,០០០ (ម្ភៃលាន) រៀល ឬ ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិកឡើងទៅ។ ៣- សមាជិកគាំទ្រ គឺជាសមាជិកដែលមានការចូលរួមថវិការចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ ឬ ៦០០,០០០ (ប្រាំមួយសែន) រៀលក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្ត្រី សង្ឈឹមថា តាមរយៈសកម្មភាពនេះនឹងមានការចូលរួមពីសប្បុរសជនជាច្រើនបន្ថែមទៀត ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា របស់យើងដែលកំពុងត្រូវការជួយសង្គ្រោះជារៀងរាល់ថ្ងៃ។

លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់លោក គិត ម៉េង ដែលបានបរិច្ចាគផ្ទៃដីចំនួន ១៣៧២ ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងមូលនិធិគន្ធបុផ្ផានេះ ដែលដីនេះបានជួលអស់រយ:ពេលជាង១៨ឆ្នាំ ហើយនៅពេលនេះគឺដីនេះ បានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់មន្ទីរពេទ្យគន្ធបុប្ផា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសឈ្មោះសប្បុរសជនចំនួន៥២រូប ដែលបានចូលរួមឧបត្ថម្ភ ដល់មូលនិធិគន្ធបុផ្ផាកម្ពុជា ដែលក្លាយជាសមាជិកស្ថាបនិកនាពេលនេះផងដែរ។ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានប្រកាសបើកឱ្យដំណើរការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះចាប់ពីពេលនេះតទៅ ៕

អត្ថបទទាក់ទង