បទអត្ថាធិប្បាយ លាហើយសម្ព័ន្ធភាពដែលមិនស្មោះត្រង់ !
ក្រោយពេលដឹងខ្លួនជាក់ច្បាស់កាន់តែអស់តម្លៃនៅក្នុងឆាកនយោបាយទាំងនៅកម្ពុជា ក៏ដូចនៅលើឆាកអន្តរជាតិ ទណ្ឌិត សម រង្ស៊ី បានបកក្បាលមកប្រើសារតោងកន្ទុយក្បិន កឹម សុខា វិញម្តង ដោយខំប្រឹងស្រែកតែម្នាក់ឯងថា «កឹម សុខា និង សម រង្ស៊ី គឺជាមនុស្សតែមួយ» ប្រៀបដូចជាសត្វបាឡាំងកាសដែលប្រឹងត្រដររស់ដោយសារតោងជាប់នឹងគេ ខណៈ កឹម សុខា ធ្វើមិនដឹងមិនឮ មិនបានឆ្លើយតប ហើយមិនហ៊ានយកខ្លួនបៀត នៅពេលដែលខ្លួនគាត់ហាក់ដូចជាកំពុងឡើងកូដបន្តិច ដោយត្រូវបានតុលាការបន្ថូរបន្ថយការរឹតបន្តឹងសេរីភាពដើរហើរ បន្ទាប់ពីបានបិទបញ្ចប់នូវនីតិវិធីស៊ើបអង្កេត ហើយរង់ចាំការជំនុំជម្រះក្តីនោះ។
បើទោះបីជាទណ្ឌិត សម រង្ស៊ី ខិតខំប្រឹងស្រែកនូវសារដដែលៗនេះក្តី ក៏ខាងភាគី កឹម សុខា ហាក់មិនបានចាប់អារម្មណ៍ និងអើពើចំពោះពាក្យ «កឹម សុខា និង សម រង្ស៊ី គឺជាមនុស្សតែមួយ» នេះតទៅទៀតឡើយ។ មានន័យថា ខាងភាគី កឹម សុខា បានផ្តល់នូវសញ្ញាយ៉ាងច្បាស់ថា «លាហើយសម្ព័ន្ធភាពដែលមិនស្មោះត្រង់» កាលពីអតីតកាល។
មានហេតុផលជាច្រើនដែល កឹម សុខា និងក្រុម កឹម សុខា មិនហ៊ានយកខ្លួនបៀតជាមួយ ទណ្ឌិតរត់ចោលស្រុករូបនេះ។ ពួកគេបានយល់យ៉ាងច្បាស់ថា សម រង្ស៊ី គឺជាមនុស្សដ៏គ្រោះថ្នាក់បំផុតប្រសិនបើ កឹម សុខា និងក្រុមរបស់ខ្លួនហ៊ានយកមកដាក់បៀតខ្លួនម្តងទៀត។ ហេតុផលទាំងនោះមានដូចតទៅ ៖
ទី១. សម រង្ស៊ី គឺជាទណ្ឌិតដែលត្រូវបានតុលាការកាត់ទោសជាច្រើនករណី ជាពិសេសករណីដើរហួសបន្ទាត់ក្រហមប្រជាធិបតេយ្យ ក្នុងការដឹកនាំធ្វើរដ្ឋប្រហារដោយប្រើហិង្សាញុះញង់ឱ្យកងទ័ពបង្វែរចុងកាណុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីផ្លាស់ប្តូររបបរាជានិយមនៅថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅ និងការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រឱ្យដាក់រាជ្យ ដែលជាទង្វើដ៏ឆ្កួតលីលាមិនអាចអត់ឱនឱ្យបានឡើយ។
ទី២. អំពើស្មោកគ្រោគបំពានទំនុកចិត្តគ្នាក្នុងការក្បត់លួចដណ្តើមតួនាទីជាប្រធានស្តីទីបក្សខ្មោច ដែលគ្មានទទួលបានការគាំទ្រពីក្រុមនិយម កឹម សុខា រហូតមកដល់ពេលនេះ ហើយក្រុមនិយម កឹម សុខា នៅតែចាត់ទុកថាការដណ្តើមតួនាទីនេះគឺជាការធ្វើបក្សប្រហារបក្សខ្មោច។
ទី៣. សម រង្ស៊ី និង ក្រុមនិយម សម រង្ស៊ី មានបទល្មើសធ្ងន់ធ្ងរពេក ដូច្នេះគឺគ្មាននរណាហ៊ានយកខ្លួនមកបៀតនោះទេ គឺមានតែទ្រាំតាមយថាកម្មរបស់ខ្លួនទៅចុះ ដូចពាក្យដំណាលអំពីរឿងសម្លាញ់ពីរនាក់ធ្លាប់សន្យាប្រាប់គ្នាថា៖ «បើទោះបីជាសម្លាញ់ឯងមានរឿងធំប៉ុនមេឃក៏អញអាចជួយសម្លាញ់ឯងបានដែរ ប៉ុន្តែពេលនេះរឿងរបស់សម្លាញ់ឯងវាធំជាងមេឃ ដូច្នេះ អញមិនអាចជួយសម្លាញ់ឯងបានទេ» ដូច្នោះដែរ។ យ៉ាងណាមិញរឿងរបស់ សម រង្ស៊ី និងក្រុមនិយម សម រង្ស៊ី ពេលនេះគឺមិនអាចជារឿងរបស់ កឹម សុខា និងក្រុមនិយម កឹម សុខា នោះទេ គឺមានន័យថាពាក្យ «កឹម សុខា និង សម រង្ស៊ី គឺជាមនុស្សតែមួយ» នោះ គឺគ្រាន់តែជាពាក្យទ្រឹស្តីសម្រាប់សូត្រកំណាព្យតែប៉ុណ្ណោះ ចំណែកធាតុពិត គឺវាផ្ទុយស្រឡះទាំងស្រុងបាត់ទៅហើយគឺ ក្បាលអ្នកណា សក់អ្នកនោះ ឬ បងប្អូនតែសាច់ តែអាចម៍ដោយខ្លួនហើយពេលនេះ។
ទី៤. កឹម សុខា និងក្រុមនិយមខ្លួនបានមើលឃើញយ៉ាងច្បាស់ពីជំហររបស់អន្តរជាតិ បានបំភ្លេចឈ្មោះ សម រង្ស៊ី ចេញពីឆាកនយោបាយនៅកម្ពុជាចោលបាត់ទៅហើយ ពីព្រោះសូម្បីតែលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់នូវជំហររបស់លោកផងដែរថាលោក មិនគាំទ្រឱ្យមានការផ្លាស់ប្តូររបបតាមរបៀបហិង្សា ផ្ទុយពីគន្លងប្រជាធិបតេយ្យនោះឡើយ ហើយដែលវិធីនេះគឺ សម រង្ស៊ី និងក្រុមគាត់បានជ្រើសរើសយកមកប្រើទាំងឆោតល្ងង់។
សរុបមក បើទោះបីជាទណ្ឌិត សម រង្ស៊ី និងក្រុមនិយមខ្លួន ខិតខំរត់ឆ្លេរឆ្លាតោងកន្ទុយក្បិន កឹម សុខា តាមរយៈការវិលត្រឡប់ទៅប្រើពាក្យ «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ឬ « កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយក្តី» ក៏មិនអាចស្តារសម្ព័ន្ធភាពនេះឡើងវិញបានដែរ ដោយហេតុថា សម រង្ស៊ី បានដើរហួសបន្ទាត់ក្រហមប្រជាធិបតេយ្យ ឆ្ងាយបាត់ទៅហើយ ហើយពាក្យ «កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ» នេះគ្រាន់តែជាទ្រឹស្តីដើម្បីបិទបាំងនូវភាពមិនស្មោះត្រង់របស់ សម រង្ស៊ី និងក្រុមខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទាំងក្រុមអ្នកធ្លាប់គាំទ្រ សម រង្ស៊ី ទាំងក្រុមអ្នកវិភាគគាំទ្រផ្កាប់មុខ ទាំងអន្តរជាតិ ទាំងប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ជាពិសេសនៅតាមហាងកាហ្វេនយោបាយ សុទ្ធតែបាននាំគ្នាហៅ សម រង្ស៊ី ពេលនេះថាគឺជាជន «ចោលម្សៀត» ទាំងអស់។ ដោយសារជាជនចោលម្សៀតបែបនេះហើយបានជាដឹកនាំបក្សប្រឆាំងជាង២០ឆ្នាំកន្លងមកហើយ មិនដែលឈ្នះម្តងទាល់តែសោះ ហើយនេះក៏ជាហេតុផលដ៏សមស្របមួយដែល កឹម សុខា និងក្រុមនិយម កឹម សុខា សុំលាហើយនូវសម្ព័ន្ធភាពដែលមិនស្មោះត្រង់បែបនេះផងដែរ៕
ដោយ៖ ពង្ស សុក្រឹត្យ