ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ពាក់ព័ន្ធបញ្ហា EBA ព្រោះកម្ពុជាមិនអាចដោះដូរជាមួយអធិបតេយ្យភាពកម្ពុជាជាមួយនឹងជំនួយនេះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ពាក់ព័ន្ធបញ្ហា EBA ព្រោះកម្ពុជាមិនអាចដោះដូរជាមួយអធិបតេយ្យភាពកម្ពុជាជាមួយនឹងជំនួយនេះឡើយ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ពាក់ព័ន្ធបញ្ហា EBA ព្រោះកម្ពុជាមិនអាចដោះដូរជាមួយអធិបតេយ្យភាពកម្ពុជាជាមួយនឹងជំនួយនេះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា EBA ក៏គង់តែបាត់ទេនៅពេលសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនក្នុងរង្វង់ឆ្នាំ ២០២៥-២០២៦ ដូច្នេះបើ EU តម្រូវឲ្យបង់ពន្ធ គឺត្រូវតែបង់ហើយ ។ សម្រាប់ EBA គឺលោកបានបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ តាំងពីខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ព្រោះកម្ពុជាមិនអាចរក្សាពន្ធគ្រប់ប្រភេទនេះ ដើម្បីមកដោះដូរ ជាមួយអធិបតេយ្យភាពកម្ពុជាឡើយ ពោលគឺមិនអាចធ្វើតាមបានទេ។

លោកបានបន្ថែមថា បើកាលណាបង់ពន្ធហើយ គឺពួកគេមិនអាចមកបន្ត គំរាមកំហែងកម្ពុជាបានទៀតទេ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកសង្កត់ធ្ងន់ថា គឺកម្ពុជាមិនចង់បាត់បង់ EBAទេ តែធ្វើម៉េច បើគេតម្រូវឲ្យមកបែបនេះហើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះអាហ្នឹងវាគង់តែបាត់ដដែលទេ បើគេមិនអនុគ្រោះលើយើងហើយ។ បាត់ផ្សារនិងបាត់ EBAខុសគ្នា ។ EBA នៅពេលណាមួយវាគង់តែបាត់ទេ នៅពេលសេដ្ឋកិច្ចយើងកើនឡើង»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឲ្យពលរដ្ឋកម្ពុជាត្រៀមខ្លួន ព្រោះនេះមិនមែនជាលើកដំបូងសម្រាប់កម្ពុជាទេ ព្រោះពីអតីតកាលកម្ពុជា ត្រូវបានគេដាក់ទណ្ឌកម្មជុំទិស ប៉ុន្តែលោកក៏បានរំលឹកដល់ជនរួមជាតិថា កម្ពុជាគឺមិនអាចឲ្យបរទេស មកគ្រប់គ្រង់ជីពចររបស់ជាតិបានឡើយ។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA៕