ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ “នយោបាយយកពលរដ្ឋធ្វើឈ្នាន់បរាជ័យហើយ!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 30
លិខិតមិត្តអ្នកអាន៖  “នយោបាយយកពលរដ្ឋធ្វើឈ្នាន់បរាជ័យហើយ! លិខិតមិត្តអ្នកអាន៖ “នយោបាយយកពលរដ្ឋធ្វើឈ្នាន់បរាជ័យហើយ!

ដូចការទាយទុកមែន លោក សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀតដូចជា មួរ សុខហួរ និងអេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនដែលចាញ់បោកការលួងលោមឲ្យចេញមុខធ្វើសកម្មភាពខុសច្បាប់ជំនួសខ្លួនដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាលមកខ្លួនឯងទេ។

លោកស្រី មួរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី ៨ វិច្ឆិកា ដោយបានប្រើភាសាបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនជាពិសេសពលករនៅ ប្រទេសថៃឲ្យចេញមុខក្រោកឈរធ្វើចលនាដោយមិនចាំបាច់រង់ចាំមេដឹកនាំចូលរួមទេ។ ពាក្យសម្តីនេះខុសពីការអះអាងកាលពីមុនដែលថា លោក សមរង្ស៊ី និងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិផ្សេងទៀតនឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។ លោកស្រី មួរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្ររបស់ខ្លួនដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់របស់ខ្លួនហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ក្នុងផែនការរដ្ឋប្រហារថ្ងៃ ៩ វិច្ឆិកា ដោយមានវិទ្យុអាស៊ីសេរីជាអ្នក
ចាក់ចេកចាក់ស្ករ។ចំណែកឯលោក សម រង្ស៊ី និងមួរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយហើយរង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រ ដ៏អាក្រក់និងឃោរឃៅបំផុត។

អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុតដែលរស់ដោយសារជញ្ជក់ឈាមនិងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ជាពិសេសគឺសកម្មជននិងអ្នកគាំទ្ររបស់ខ្លួន។​ ប៉ុន្តែ ផែនការវិលចូលស្រុកវិញ នៅថ្ងៃ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុងពីព្រោះនៅព្រឹកថ្ងៃទី 9 វិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែតមានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។ មានមូលហេតុ មួយចំនួនដែលអាចបញ្ជាក់ថាផែនការរបស់សម រង្ស៊ីបានបរាជ័យ៖

មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់គឺលោក សម រង្ស៊ី និងគូកនមិនអាចឈានជើងចូលទឹកដីថៃបានឡើយពីព្រោះអាជ្ញាធរថៃបានបិទរូបថត លោក សម រង្ស៊ី និងគូកន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងមានដិកាចាប់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។ ដូច្នេះ គ្មានអ្វីដែលយើងត្រូវឆ្ងល់និងមន្ទិលសង្ស័យទៀត ទេព្រោះចលនាឬសកម្មភាពណាមួយពិតជាមិនអាចសំរេចបាននោះទេបើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខ បានដែរ! បើនិយាយអោយខ្លី ផែនការរដ្ឋប្រហារ ៩វិច្ឆិកានេះគឺរលាយរលត់ព្រោះអត់ក្បាលម៉ាស៊ីនដឹកនាំផ្ទាល់ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬ បើមានមេទ័ពមហាកំសាកដូច សម រង្ស៊ី ប្រាកដជាចាញ់ ១០០% ពីព្រោះគ្មានកូនទាហានណាហ៊ានចេញមុខច្បាំងនោះឡើយ។

មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់លោក សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យពួកគេធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខ ប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមាន បញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង ឬសហរដ្ឋអាមេរិក រឺ អូស្ត្រាលី រឺ កាណាដា បាត់។ ចំណែកឯអ្នកទទួលទោសជំនួសគឺអ្នកគាំទ្រដែលមិនអាចរត់ទៅណាបាន។ ដូច្នេះ អ្នក
ទាំងនោះក៏លែងបណ្តោយខ្លួនអោយចាញ់បោក សម រង្ស៊ី ទៀតឡើយ។

មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពណាមួយនៅលើទឹក ដីរបស់គេដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ ដូច្នេះ ប្រសិនបើហ៊ាន ប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។ ពលករខ្មែរដែលស្នាក់នៅនិងធ្វើការលើទឹកដីថៃប្រាកដជាបានដឹងច្បាស់ពីច្បាប់ នៅស្រុកថៃថាតឹងតែង យ៉ាងណា។ ដូច្នេះ ពួកគេ មិនចាញ់ការបោកប្រាស់របស់ សម រង្ស៊ី និង មួរ សុខហួរ ឡើយហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃចាប់ញាត់ទ្រុងជាក់ជាមិនខាន។

មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាងរឹងមាំដែរដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញ
សុខសន្តិភាពនិងសណ្តាប់ធ្នាប់សាធារណៈបាន ឡើយជាពិសេសក្នុងកំឡុងពេលបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក អកអំបុក សំពះព្រះខែនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការភ្លាមយ៉ាង
មានប្រសិទ្ធភាពបំផុត។

មូលហេតុទី៥៖ ពលរដ្ឋខ្មែរ នៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកដែលជាពេលវេលា ដ៏សប្បាយរីករាយដ៍ធំបំផុតប្រចាំឆ្នាំ។ ដូច្នេះ គ្មានអ្នកណាទៅនឹកនាដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៊ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។

សរុបទៅ ថ្ងៃទី ៩ វិច្ឆិកា នេះ គឺពិតជាគ្មានស្រមោល សម រង្ស៊ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយក្រោមដំបូលសន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ។

ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង