ខ្មែរប៉ុស្ដិ៍ Close

អ្នកគាំទ្រលោកប្រធាន៖ តើលោកប្រធានពិតជាមិនបានទិញសំបុត្រយន្តហោះដូចគេថាមែនទេ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 30
អ្នកគាំទ្រលោកប្រធាន៖ តើលោកប្រធានពិតជាមិនបានទិញសំបុត្រយន្តហោះដូចគេថាមែនទេ? អ្នកគាំទ្រលោកប្រធាន៖ តើលោកប្រធានពិតជាមិនបានទិញសំបុត្រយន្តហោះដូចគេថាមែនទេ?

(ភ្នំពេញ)៖ ជាច្រើនលើកមកហើយដែល លោកប្រធានក្រឡាស់សម្តីក្រោមហេតុផលដែលមិនគួរជឿ ឬតាមរបៀបកំប្លែង។ ប៉ុន្តែខ្ញុំក៏ដូចជាអ្នកគាំទ្រជាច្រើនទៀត នៅតែចិញ្ចឹមចិត្តគាំទ្រ និងបន្តចាំមើលក្រែងមានថ្ងៃណាមួយដែលពាក្យសន្យាបានក្លាយជាការពិត។ លើកនេះខ្ញុំខំតាមដាន និងដាក់ចិត្តជឿម្តងទៀតថា លោកប្រធាននឹងមកដល់កម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩។ លោកប្រធានអះអាងពីផែនការដ៏ល្អិតល្អន់ និងពីសេណារីយោជាច្រើនដែលត្រូវបានរៀបចំដើម្បី ធ្វើយ៉ាងណាឲ្យលោកប្រធានមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា។

ប៉ុន្តែនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ពេលដែលខ្ញុំខំទន្ទឹងរង់ចាំដំណឹងល្អពីលោកប្រធានប្រកាសតាមហ្វេសប៊ុក ខ្ញុំបែរជាធ្លាក់ថ្លើមក្តុក ពីព្រោះអ្វីដែលលោកប្រធានប្រកាសប្រាប់អ្នកគាំទ្រនោះគឺ ការពន្យារពេលនៃការវិលត្រឡប់ដោយមូលហេតុសំបុត្រយន្តហោះដែលជាមូលហេតុរាក់កំភែល។

លោកប្រធានប្រហែលបានជ្រាបហើយថា ថៃមិនអនុញ្ញាតឲ្យលោកប្រធានចូលទឹកដីរបស់គេទេ ដូច្នេះបើគ្រាន់តែគិតលេងៗ ក៏ខ្ញុំអាចយល់បានដោយងាយដែរថា លោកប្រធានមិនបាច់ខាតពេលទៅព្រលានយន្តហោះតាមជើងហោះហើរទៅកាន់ប្រទេសថៃនោះឡើយ ព្រោះពេលវេលាកាន់តែកៀកណាស់ទៅហើយ។
លោកប្រធានគួរតែប្តូររកច្រកថ្មីក្រៅពីក្រុមហ៊ុនថៃ និងក្រៅពីទិសដៅទៅចុះចតនៅលើទឹកដីថៃ។ ដូច្នេះតើហេតុអ្វីបានជាលោកប្រធានចាំដល់ថ្ងៃ៧ វិច្ឆិកាទៅ ហើយទើបទៅព្រលានយន្តហោះតាមជើងហោះហើរទៅប្រទេសថៃទៀត? ម្យ៉ាងទៀត បើទោះជាអាជ្ញាធរថៃមិនឲ្យចូលក៏ក្រុមហ៊ុនយន្តហោះនេះមិនគួរ ហាមឃាត់លោកប្រធានមិនឲ្យជិះយន្តហោះដែរ ពីព្រោះសំបុត្រយន្តហោះបានទិញរួចទៅហើយនោះ?

រឿងឲ្យចូល មិនឲ្យចូលចាំទៅដល់ព្រលានដឹងហើយដូចលោកស្រី មួរ សុខហួរ ធ្លាប់បានទៅម្តងហើយ តែពេលទៅដល់បានគេហាមមិនឲ្យចូល។ ចុះហេតុអីបានជាគេហាម លោកប្រធានតាំងពីដើមទី? ឬមួយលោកប្រធានមិនបានទិញសំបុត្រយន្តហោះដូចគេថាមែន?

បញ្ហាងាយៗមួយទៀតដែលគួរតែធ្វើបានតែលោកប្រធានមិនធ្វើ៖ គេអាចទិញសំបុត្រយន្តហោះពីក្រុមហ៊ុនអឺរ៉ុបដូចជា Air France ជាដើមហើយទៅចុះចតនៅប្រទេសផ្សេងក្រៅពីប្រទេសអាស៊ានមុន នឹងបន្តដំណើរចូលកម្ពុជាព្រោះសព្វថ្ងៃនេះ មានជើងហោះហើរត្រង់ច្រើនណាស់ ឧទាហរណ៍ ពី
តៃវ៉ាន់ រឺ ពីកូរ៉េ រឺ ពីជប៉ុនមកភ្នំពេញ។ ហេតុអ្វីលោកប្រធានមិនព្រមធ្វើ ហើយបែរជាចង់ទៅថៃដែលគេហាមឃាត់ទៅវិញ? ឬមួយលោកប្រធានមិនចង់មកដូចគេថាមែន?

រហូតដល់យប់ថ្ងៃទី៧ វិច្ឆិកា ទៅហើយទើបលោកប្រធានចេញមកប្រកាសថា ពន្យារពេលទាំងកណ្តាលទីដែលធ្វើឲ្យខ្ញុំ និងអ្នកគាំទ្រជាច្រើនទៀតហួសចិត្ត និងខកចិត្តស្ទើរធ្លាក់ថ្លើមដល់ដី ពីព្រោះនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបតែនិយាយចំអកឲ្យលោកប្រធានកាលពីព្រឹកម្សិលមិញថា លោកប្រធាននឹងប្រកាសពន្យារពេល ដោយយកលេសថា មកពីគេមិនឲ្យចូលដីថៃ។ លុះល្ងាចឡើងស្រាប់តែលោកប្រធានប្រកាសដូច្នោះមែន? ហេតុអីក៏ជួនគ្នាម៉្លេះ? តើអ្នកណាមិនខ្មាស់គេ?

ម្យ៉ាងទៀត ពេលលោកប្រធានប្រកាសពន្យារពេលការធ្វើដំណើរ លោកស្រីមួរ សុខហួរ ឯណោះប្រកាសថា ផែនការនៅដដែល។ ក្រែងលោកប្រធានអះអាងថា ក្រុមការងារទាក់ទងគ្នាគ្រប់ម៉ោង គ្រប់នាទីនោះអី? ហេតុអីក៏មិនយល់គ្នាបែបនេះ? ឬមួយលោកប្រធានជាមនុស្សអត្តនោម័តចូលចិត្តធ្វើអ្វីតែម្នាក់ឯងដូចគេថាមែន? ហើយចុះឯណាតំណាងរាស្ត្រអឺរ៉ុប តំណាងរាស្ត្រអាមេរិក ដែលលោកប្រធានថានឹងហែរហម លោកប្រធានមកកម្ពុជានោះ? ពួកគេនៅឯណាបានជាមិនឃើញ ម្នាក់សោះអ៊ីចឹង? ឬមួយលោកប្រធានបោកពួកខ្ញុំអ្នកគាំទ្រដូចគេថាមែន?

ឥឡូវនេះយប់ថ្ងៃទី៨ វិច្ឆិកាទៅហើយៗលោកប្រធានកំពុងតែនៅប្រទេសបារាំងនៅឡើយ ! តើធ្វើម៉េចអាចមកដល់ស្រុកខ្មែរថ្ងៃទី៩ វិច្ឆិកាបាន? ឬមួយលោកប្រធានបោក ឲ្យអ្នកគាំទ្រនិងសកម្មជនចូលមកឲ្យអាជ្ញាធរចាប់ខ្លួនជំនួសលោក ប្រធានដូចគេថាមែន?

តាមរយៈសំណួរងាយៗទាំងអស់នេះខ្ញុំមានអារម្មណ៍ឆ្អែតចិត្តជាពន់ពេក និងស្តាយចិត្តណាស់ដែលខំជឿលោកប្រធានជារៀងរហូតមក។ អ្វីដែលធ្វើឲ្យខ្ញុំខកចិត្ត បំផុតនោះគឺ ស្ទីលរបស់លោកប្រធាននៅប្រើដដែលៗ គឺជាស្ទីលដែលគេបានដឹងមុន និងបានទាយទុកមុនស្ទើរគ្រប់គ្នាទៅហើយ តែលោកប្រធាននៅតែប្រើវាដដែល។
និយាយតាមត្រង់ចុងក្រោយនេះ ខ្ញុំសង្កេតឃើញអ្វីដែលលោកប្រធានមានប្រសាសន៍ និងអ្វីដែលបានធ្វើ គឺប្រៀបដូចរឿងកំប្លែងតុក្កតា ឆ្មាកណ្តុរអ៊ីចឹង -Tom and Jerry – គឺទប់សំណើចមិនបាន។ ដូច្នេះខ្ញុំសូមលាហើយក្បួនភូត «ម៉ឺនឆ្នាំ» របស់លោកប្រធាន៕ (សូមផ្ញើចម្រៀងមួយបទជូនលោកប្រធានស្តាប់កម្សាន្ត)

អ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់ នៅរាជធានីភ្នំពេញ