ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «លាហើយក្បួនភូតម៉ឺនឆ្នាំរបស់លោកប្រធាន!​»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន៖ «លាហើយក្បួនភូតម៉ឺនឆ្នាំរបស់លោកប្រធាន!​» លិខិតមិត្តអ្នកអាន៖ «លាហើយក្បួនភូតម៉ឺនឆ្នាំរបស់លោកប្រធាន!​»

ជាច្រើនលើកមកហើយដែល លោកប្រធានក្រឡាស់សម្តីក្រោមហេតុផលដែលមិនគួរជឿ ឬតាមរបៀបកំប្លែង។ ប៉ុន្តែ ខ្ញុំក៏ដូចជាអ្នកគាំទ្រជាច្រើនទៀតនៅតែចិញ្ចឹមចិត្តគាំទ្រនិងបន្តចាំមើលក្រែងមានថ្ងៃណាមួយដែលពាក្យសន្យាបានក្លាយជាការពិត។ លើកនេះ ខ្ញុំខំតាមដាននិងដាក់ចិត្តជឿម្តងទៀតថា លោកប្រធាននឹងមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ លោកប្រធានអះអាងពីផែនការដ៏ល្អិតល្អន់និងពីសេណារីយោជាច្រើនដែលត្រូវបានរៀបចំដើម្បីធ្វើយ៉ាងណាឲ្យលោកប្រធានមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា។ ប៉ុន្តែ នៅល្ងាចថ្ងៃទី ៧ វិច្ឆិកា ពេលដែលខ្ញុំខំទន្ទឹងរង់ចាំដំណឹងល្អពីលោកប្រធានប្រកាសតាមហ្វេសប៊ុក ខ្ញុំបែរជាធ្លាក់ថ្លើមក្តុកពីព្រោះអ្វីដែលលោកប្រធានប្រកាសប្រាប់អ្នកគាំទ្រនោះគឺ ការពន្យារពេលនៃការវិលត្រឡប់ដោយមូលហេតុសំបុត្រយន្តហោះដែលជាមូលហេតុរាក់កំភែល។

លោកប្រធានប្រហែលបានជ្រាបហើយថា ថៃមិនអនុញ្ញាត ឲ្យលោកប្រធានចូលទឹកដីរបស់គេទេ ដូច្នេះ បើគ្រាន់តែគិតលេងៗ ក៏ខ្ញុំអាចយល់បានដោយ ងាយដែរថា លោកប្រធានមិនបាច់ខាតពេលទៅព្រលានយន្ត ហោះតាមជើងហោះហើរទៅកាន់ប្រទេសថៃនោះឡើយព្រោះពេលវេលាកាន់តែកៀកណាស់ទៅហើយ។ លោកប្រធានគួរតែប្តូររកច្រកថ្មីក្រៅពីក្រុមហ៊ុនថៃ និងក្រៅពីទិសដៅ ទៅចុះចតនៅលើទឹកដីថៃ។ ដូច្នេះ តើហេតុអ្វីបានជាលោកប្រធានចាំដល់ថ្ងៃ ៧ វិច្ឆិកា ទៅ ហើយទើបទៅព្រលានយន្ត ហោះតាមជើងហោះហើរទៅប្រទេសថៃទៀត? ម្យ៉ាងទៀត បើទោះជាអាជ្ញាធរថៃមិនឲ្យចូល ក៏ក្រុមហ៊ុនយន្តហោះនេះមិនគួរ ហាមឃាត់លោកប្រធានមិនឲ្យជិះយន្តហោះដែរពីព្រោះសំបុត្រ យន្តហោះបានទិញរួចទៅហើយនោះ?
រឿងឲ្យចូល មិនឲ្យចូលចាំទៅ ដល់ព្រលានដឹងហើយដូចលោកស្រី មួរ សុខហួរ ធ្លាប់បានទៅម្តងហើយតែពេលទៅដល់បានគេហាមមិនឲ្យចូល។ ចុះហេតុអីបានជាគេហាមលោកប្រធានតាំងពីដើមទី? ឬមួយលោកប្រធានមិនបានទិញសំបុត្រយន្តហោះដូចគេថាមែន?

បញ្ហាងាយៗមួយទៀតដែលគួរតែធ្វើបានតែលោកប្រធានមិនធ្វើ៖ គេអាចទិញសំបុត្រយន្តហោះពីក្រុមហ៊ុនអឺរ៉ុបដូចជា Air France ជាដើមហើយទៅចុះចតនៅប្រទេសផ្សេងក្រៅពីប្រទេសអាស៊ានមុននឹងបន្តដំណើរចូលកម្ពុជាព្រោះសព្វថ្ងៃនេះ មានជើងហោះហើរត្រង់ច្រើនណាស់ ឧទាហរណ៍ ពីតៃវ៉ាន់ រឺ ពីកូរ៉េ រឺ ពីជប៉ុនមកភ្នំពេញ ។ ហេតុអ្វីលោកប្រធានមិនព្រមធ្វើ ហើយបែរជាចង់ទៅថៃដែលគេហាមឃាត់ទៅវិញ? ឬមួយលោកប្រធានមិនចង់មកដូចគេថាមែន?

រហូតដល់យប់ថ្ងៃទី ៧ វិច្ឆិកា ទៅហើយទើបលោកប្រធានចេញមកប្រកាសថា ពន្យារពេលទាំងកណ្តាលទីដែលធ្វើឲ្យខ្ញុំនិងអ្នកគាំទ្រជាច្រើនទៀតហួសចិត្តនិងខកចិត្តស្ទើរធ្លាក់ថ្លើមដល់ដីពីព្រោះលោក ហ៊ុន សែន ទើបតែនិយាយចំអកឲ្យលោកប្រធានកាលពីព្រឹកម្សិលមិញថា លោក ប្រធាននឹងប្រកាសពន្យារពេលដោយយកលេសថា មកពីគេមិនឲ្យចូលដីថៃ។ លុះល្ងាចឡើងស្រាប់តែលោកប្រធានប្រកាសដូច្នោះមែន? ហេតុអីក៏ជួនគ្នាម៉្លេះ? តើអ្នកណាមិនខ្មាស់គេ?

ម្យ៉ាងទៀត ពេលលោកប្រធានប្រកាសពន្យារពេលការធ្វើដំណើរ លោកស្រីមួរ សុខហួរ ឯណោះប្រកាសថា ផែនការ នៅដដែល។ ក្រែងលោកប្រធានអះអាងថា ក្រុមការងារទាក់ទងគ្នាគ្រប់ម៉ោង គ្រប់នាទីនោះអី? ហេតុអីក៏មិនយល់គ្នាបែបនេះ? ឬមួយលោកប្រធានជាមនុស្សអត្តនោម័តចូលចិត្តធ្វើអ្វីតែម្នាក់ឯងដូចគេថាមែន? ហើយចុះឯណាតំណាងរាស្ត្រអឺរ៉ុបតំណាងរាស្ត្រអាមេរិក ដែលលោកប្រធានថានឹងហែរហម លោកប្រធានមកកម្ពុជានោះ? ពួកគេនៅឯណាបានជាមិនឃើញម្នាក់សោះអ៊ីចឹង? ឬមួយលោកប្រធានបោកពួកខ្ញុំអ្នកគាំទ្រដូចគេថាមែន?
ឥឡូវនេះយប់ថ្ងៃទី ៨ វិច្ឆិកា ទៅហើយៗលោកប្រធានកំពុងតែនៅប្រទេសបារាំងនៅឡើយ! តើធ្វើម៉េចអាចមក ដល់ស្រុកខ្មែរថ្ងៃទី ៩ វិច្ឆិកា បាន? ឬមួយលោកប្រធានបោក ឲ្យអ្នកគាំទ្រនិងសកម្មជនចូលមក ឲ្យអាជ្ញាធរចាប់ខ្លួនជំនួសលោក ប្រធានដូចគេថាមែន?

តាមរយៈសំណួរងាយៗទាំងអស់នេះ ខ្ញុំមានអារម្មណ៍ឆ្អែតចិត្តជាពន់ពេកនិងស្តាយចិត្តណាស់ដែលខំជឿលោកប្រធានជារៀង រហូតមក។ អ្វីដែលធ្វើឲ្យខ្ញុំខកចិត្តបំផុតនោះគឺ ស្ទីលរបស់លោកប្រធាននៅប្រើដដែលៗ គឺជាស្ទីលដែលគេបានដឹងមុននិងបានទាយទុកមុនស្ទើរគ្រប់គ្នាទៅហើយ តែលោកប្រធាននៅតែប្រើវាដដែល។

និយាយតាមត្រង់ ចុងក្រោយនេះ ខ្ញុំសង្កេតឃើញអ្វីដែលលោកប្រធានមានប្រសាសន៍ និងអ្វីដែលបានធ្វើ គឺប្រៀបដូចរឿងកំប្លែងតុក្កតា ឆ្មាកណ្តុរអ៊ីចឹង -Tom and Jerry – គឺទប់សំណើចមិនបាន។ ដូច្នេះ ខ្ញុំសូមលាហើយក្បួនភូត «ម៉ឺនឆ្នាំ» របស់លោកប្រធាន៕

សូមផ្ញើចម្រៀងមួយបទជូនលោកប្រធានស្តាប់កម្សាន្ត ។

ពី: អ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់នៅរាជធានី ភ្នំពេញ

អត្ថបទទាក់ទង