ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ «បណ្ឌិត ហ៊ុន ម៉ាណែត បកស្បែកមុខ ទណ្ឌិត សម រង្ស៊ី»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 27
លិខិតមិត្តអ្នកអាន ៖ «បណ្ឌិត  ហ៊ុន ម៉ាណែត  បកស្បែកមុខ ទណ្ឌិត សម រង្ស៊ី» លិខិតមិត្តអ្នកអាន ៖ «បណ្ឌិត ហ៊ុន ម៉ាណែត បកស្បែកមុខ ទណ្ឌិត សម រង្ស៊ី»

ភ្លាមៗ ក្រោយការជ្រើសតាំងជាផ្លូវការជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ពិតជាមិន បានបណ្តោយឲ្យទណ្ឌិត សម រង្ស៊ី បន្តទម្លាប់លាបពណ៌ ភូតកុហក និងមួលបង្កាច់ដើម្បីបង្ខូចកិត្តយសអ្នកដទៃដូចដែលគាត់ធ្លាប់បានធ្វើរហូតក្លាយជាទម្លាប់ដ៏អាក្រក់បែបនេះទៀតឡើយ។

ក្នុងសារឆ្លើយតបរបស់ខ្លួនទៅកាន់ទណ្ឌិត សម រង្ស៊ី លោក ហ៊ុន ម៉ាណែត បានយកតំណែងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនទៅដាក់ភ្នាល់ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏ដូចជារបស់និស្សិតខ្មែរជាច្រើននាក់ទៀតដែលធ្លាប់បានទៅរៀននិងកំពុងរៀននៅបរទេសហើយដែលរងនូវការប្រមាថ បង្កាច់បង្ខូចពីទណ្ឌិត សម រង្ស៊ី។

ក្នុងនាមជាយុវជនឈាមថ្មី និងជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាក្តីសង្ឃឹមរបស់ពលរដ្ឋទូទាំងប្រទេស លោក ហ៊ុន ម៉ាណែត បាន ប្រើភាសាដ៏ថ្លៃថ្នូរ សុភាពរាបសារ តែពោរពេញទៅដោយអត្ថន័យវាយបកទៅ លើជនទុច្ចរិតដែល បានមួលបង្កាច់បន្ថោកតម្លៃសញ្ញាបត្ររបស់ខ្លួនដែលទទួលបានពី សហរដ្ឋអាមេរិកនិងពីចក្រភពអង់គ្លេស។ ការបបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់មុខតំណែងបេក្ខជននាយករដ្ឋមន្ត្រីគឺមានលក្ខណៈ ប្រាកដនិយម និងតម្លាភាពខ្លាំងណាស់ពីព្រោះលោក ហ៊ុន ម៉ាណែត បានយកសាលា និងសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិកនិងអង់គ្លេសមកធ្វើជាអាជ្ញាកណ្តាល ដោយមានក្រុមការ ងារទាំងសងខាងជាអ្នកសម្របសម្រួល ហើយថែមទាំងបានយកបណ្តាញផ្សាយព័ត៌មានបរទេសជាភាសាខ្មែរជាអ្នកតាមដានថែមទៀតផង។ នេះជាអ្វីដែលគេហៅថា «មាសសុទ្ធមិនខ្លាចភ្លើង»

ប្រឈមមុខចំពោះមាសសុទ្ធដូចបណ្ឌិត ហ៊ុន ម៉ាណែត ទណ្ឌិត សម រង្ស៊ី ច្បាស់ជារឹងថ្គាមពិបាករកច្រកសមរម្យ និងឡូហ្ស៊ីកដើម្បីដោះខ្លួនចេញអោយរួចផុតបានឡើយក្រៅតែពីការ ប្រើល្បិចថោកទាបដើម្បីគេចវេះដូចដែលខ្លួនធ្លាប់តែបានធ្វើកាលពីពេលកន្លងទៅ។

ប៉ុន្តែម្តងនេះ ល្បិចដដែលៗរាក់កំផែលរបស់ទណ្ឌិត សម រង្ស៊ី ពិតជាមិនអាចលាក់ បាំងការពិតពីក្រសែ ភ្នែករបស់មហាជនខ្មែរ បានឡើយ ហើយក៏កំពុងរុញច្រានទណ្ឌិតរត់ចោលគុករូបនេះឲ្យស្ថិតក្នុងស្ថានភាព «តម្រិះជិះកឯង»។

នរណាក៏ដឹងដែរថា មួយជីវិតនយោបាយរបស់ខ្លួន ទណ្ឌិត សម រង្ស៊ី និងគូកនមិនដែលចេះធ្វើអ្វីក្រៅតែពីការនិយាយមួលបង្កាច់ លាបពណ៌និងញុះញង់អុជអាលនោះឡើយ។ ទីបំផុត សូម្បីតែតម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ក៏ដូចជារបស់និស្សិតដែលបានទទួលពីសាកលវិទ្យាល័យល្បីៗនៅប្រទេសអាមេរិកនិងអង់គ្លេស ក៏ទណ្ឌិតរូបនេះហ៊ានបន្ទាបបន្ថោកមួលបង្កាច់ដោយឥតអៀនខ្មាសដែរ។ នេះជាភស្តុតាងបង្ហាញអំពីសារជាតិនៃមនុស្ស មិនចេះធ្វើអ្វីក្រៅតែពីនិយាយមុសារពីអ្នក ដទៃដែលចាស់បូរាណចាត់ទុកជាប្រភេទ «ជនពាល»

មនុស្សប្រភេទនេះមិនបានប្រើពេលវេលាដើម្បីធ្វើអ្វីជាប្រយោជន៍ដល់ខ្លួន និងដល់សង្គមនោះឡើយ ប៉ុន្តែជំនាញរបស់ពួកគេគឺបើកភ្នែក បើកមាត់ដើម្បីនិយាយអាក្រក់និងមួលបង្កាច់អ្នកដទៃ។ ជាក់ស្តែង ចាប់តាំងពី លោកហ៊ុន ម៉ាណែត ត្រូវបានគណបក្សកាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញមុខ រហូតដល់គណៈកម្មាធិការកណ្តាលគណបក្សសម្រេចជ្រើសតាំងជាផ្លូវការជាបេក្ខជននាយករដ្ឋមន្ត្រីទណ្ឌិត សម រង្ស៊ី និងគូកន គិតតែនាំគ្នានិយាយចាក់រុកញុះញង់ និងបង្កាច់បង្ខូចគ្រប់បែបយ៉ាងដោយមិនបានគិតពីគណបក្សរបស់ខ្លួនថាត្រូវធ្វើអ្វីនោះឡើយ។ ប្រជាពលរដ្ឋខ្មែរពិតជា ងឿងឆ្ងល់ថា ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី និងបរិវារ មិនប្រើពេលវេលាដើម្បីគិតគូរអំពីអនាគត នយោបាយរបស់ពួកខ្លួនតែបែរជាចំណាយពេលទាំងស្រុងសម្រាប់តែវាយ ប្រហារខុសការពិត ទៅលើអ្នកដទៃ?

ឥឡូវនេះ គណបក្ស ប្រជាជនកម្ពុជាមានឈាមថ្មីអ្នកបន្តវេនហើយចុះក្រុមប្រឆាំងវិញ តើបានគិតគូរពីការបន្តវេនហើយឬនៅ? ចម្លើយគឺពិតជានៅទទេស្អាតខណៈដែលមេដឹកនាំបច្ចុប្បន្នកាន់តែចាស់ជរាផងហើយមានទោសជាច្រើនជាប់នឹងខ្លួនទៀតផង ចំណែកបញ្ញាស្មារតីក៏កាន់តែចុះខ្សោយជាលំដាប់។

តាមពិត ក្រុមប្រឆាំងត្រូវបង្ហាញឈាមថ្មីរបស់ខ្លួនមុនគណបក្សប្រជាជនកម្ពុជាទៅ ទៀតដើម្បីឲ្យសមនឹងអ្វីដែលពួកគេធ្លាប់ឃោសនារិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានៅក្រាញអំណាច មិនព្រមទុកឱកាសអោយយុវជនជំនាន់ក្រោយ។

ប៉ុន្តែនៅទីបំផុត គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ទេតើដែលបានគិតគូរពីអ្នកបន្តវេនដោយបានប្រកាសចេញជាសាធារណៈហើយនៅពេលនេះ។ នេះបង្ហាញថាគណបក្សប្រជាជននៅតែដើរតួនាទីឈានមុខគេលើគ្រប់វិស័យដដែលរាប់ទាំងការបន្តវេនផង។

ចំណែកឯឈាមចាស់របស់ក្រុមប្រឆាំង គឺចាស់ទាំងអាយុ ទ្រុឌទ្រោមទាំងរាងកាយ ចុះខ្សោយទាំងបញ្ញា ពោលគឺគ្មានអ្វីថ្មីក្រៅពីលេងល្បែងចាស់គំរឹល ហើយក៏ត្រូវឈាមថ្មីរបស់គណបក្សកាន់អំណាចប្រដៅយ៉ាងចាស់ដៃហើយដែល លោក ហ៊ុន សែន ចំអកថា «ចាស់ហើយឲ្យក្មេងប្រដៅ»

មិនមែនតែលោក ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ប៉ុន្តែនិស្សិតខ្មែរជាច្រើនដែលបាន និងកំពុងបន្តការសិក្សានៅក្រៅប្រទេសក៏បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបាននិយាយ មួលបង្កាច់បន្ថោកតម្លៃសញ្ញាបត្ររបស់ពួកគេ។ និយាយជារួម សារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី មិនដែលផ្តល់ផលចំណេញដល់ខ្លួន និងដល់ប្រជាពលរដ្ឋខ្មែរម្តងណាឡើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានគំរាមដកសញ្ជាតិអាមេរិកពីបងប្អូនខ្មែរណាដែលគាំទ្ររដ្ឋាភិបាលដឹកនាំដោយគណបកក្សប្រជាជនកម្ពុជា។ សារនយោបាយដ៏ឆ្កួតលេលានេះបានបង្កនូវការខឹងសម្បារពីសំណាក់ពលរដ្ឋខ្មែរអាមេរិកគ្រប់ទិសទី។ ឥឡូវនេះ ទណ្ឌិតមាត់ឥតប្រយោជន៍ដដែលនេះ ក៏កំពុងបង្កការខឹងសម្បារពីសំណាក់និស្សិតខ្មែរដែលរៀនបានសញ្ញាបត្រពីបរទេស។ ចុះទណ្ឌិត សម រង្ស៊ី ខ្លួនឯងដែលជាកូនកើតក្នុងត្រកូលអភិជន ហើយបានរៀនសូត្រនៅប្រទេសបារាំង បានទទួលសញ្ញាបត្រអនុគ្រោះកម្រិតទី២ដែរឬទេ? នេះជាអ្វីដែលគេហៅថា «បាចអង្កាមបញ្ច្រាសខ្យល់»។

តាមរយៈសកម្មភាពទាំងនេះ គេអាចទាញការសន្និដ្ឋានបាន យ៉ាងច្បាស់លាស់ថា៖

  1. ទី១៖ ទណ្ឌិត សម រង្ស៊ី និងគូកន មានជំនាញតែនិយាយមុសារពីអ្នកដទៃ តែមិនបានគិតពីការកសាងខ្លួនឡើយ។ ទីបំផុត គណបក្សក៏រលាយ ហើយអនាគតនយោបាយក៏គ្មាន។
  2. ទី២៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី មានសណ្ឋានដូចជាប៉ោត ទទេដែលលឺតែសំឡេងតែប្រហោងក្នុង។ ជាក់ស្តែង ពេលដែលគណបក្សប្រជាជនកម្ពុជាបានគិតគូរអំពីការបន្តវេន និងបានបង្ហាញបេកក្ខជននាយករដ្ឋមន្ត្រីអនាគត ក្រុមប្រឆាំងបែរជាគ្មានអ្នក ចេញមុខមកប្រកួត ហើយបន្តប្រើអ្នកនយោបាយចាស់វស្សាដែលខ្វះសេចក្តីក្លាហាននិងខ្វះការទទួលខុសត្រូវដដែល។
  3. ទី៣៖ ល្បិចកលដដែលៗរាប់ទសវត្សរ៍ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់ក្រយៅនិងអស់ជំនឿ ហើយសូម្បីតែអតីតសហការរីនិងអ្នកគាំទ្ររបស់ខ្លួនក៏ បានដើរចេញទៅបង្កើតបក្សថ្មី ឬចូលរួមជីវភាពនយោបាយជា មួយគណបក្សផ្សេងដែរ។
  4. ទី៤៖ នយោបាយអស់ស្នៀតនិងគ្មានអ្នកបន្តវេន បានរុញច្រានទណ្ឌិត សម រង្ស៊ី ឲ្យនៅក្រាញននៀលចង់លេងជាមួយឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលប្រៀប ដូចជាគោចាស់បាក់ ស្នែង អស់ធ្មេញ ចង់រត់ប្រណាំងជាមួយគោពេញកម្លាំងដែលទីបំផុតត្រូវដួលដោយ ស្នៀតដំបូងរបស់លោកហ៊ុន ម៉ាណែត ដូចពាក្យចាស់បូរាណ ពោលថា «ដួលដូចគោចាស់»
  5. ទី៥៖ នយោបាយល្ងង់ខ្លៅរបស់ទណ្ឌិត សម រង្ស៊ី កាន់តែធ្វើ ឲ្យសហគមន៍អន្តរជាតិអស់ជំនឿនិងមិនអាចបន្តគាំទ្រអ្នកនយោបាយបែប នេះបានទៀតឡើយ។ ការនិយាយបន្តុះបង្អាប់បន្ថោកតម្លៃសញ្ញាបត្ររបស់ប្រទេសគេខុសពីការពិតគឺជាឧទាហរណ៍ជាក់ស្តែងដែលបណ្តាប្រទេសទាំងនោះមើលឃើញកាន់តែច្បាស់អំពីភាពគ្មានតម្លៃរបស់អ្នកប្រជាធិបតេយ្យក្លែងក្លាយរូបនេះ។

សរុបមកវិញ គោចាស់ សម រង្ស៊ី កំពុងត្រូវឈាមថ្មីគណបក្សប្រជាជនប្រដៅយ៉ាងចាស់ដៃ និងរុញផ្ទប់ដល់កៀនជញ្ជាំង។ ទណ្ឌិត សម រង្ស៊ី គួរតែមានឆន្ទៈហ៊ានប្រកាសលាលែងពីឆាកនយោបាយ ហើយត្រូវបញ្ចេញឈាមថ្មីឲ្យមកប្រកួតប្រជែងដើម្បីចៀស វាងស្ថានភាព «មនុស្សចាស់ត្រូវក្មេងប្រដៅ»

ការលាឈប់ពីនយោបាយគឺជាជម្រើសតែមួយគត់ដែលនៅសេសសល សម្រាប់ទណ្ឌិត សម រង្ស៊ី ពីព្រោះមួយក្បាច់ របស់លោក ហ៊ុន ម៉ាណែត នេះ ពិតជាកំពុងធ្វើឲ្យរបើកស្បែកមុខ ទណ្ឌិត សម រង្ស៊ី ដែលជាត្រកូលក្បត់ជាតិតពីឪពុកយ៉ាងពិតប្រាកដ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង