ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមអធ្យាស្រ័យជាមុនចំពោះបញ្ហាកង្វះថាមពលអគ្គិសនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមអធ្យាស្រ័យជាមុនចំពោះបញ្ហាកង្វះថាមពលអគ្គិសនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមអធ្យាស្រ័យជាមុនចំពោះបញ្ហាកង្វះថាមពលអគ្គិសនី

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គីសនីដែលអាចកើតមានឡើងនាមពេលខាងមុខដោយសារការផលិតអគ្គីសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ។

វារីអគ្គីសនីគឺត្រូវការទឹក រីឯសូឡា (solar) គឺត្រូវការពន្លឺព្រះអាទិត្យ។ តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល កាលម្សិលមិញ គឺការផលិតថាមពលអគ្គីសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤-១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គីសនី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គីសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។ យើងសង្ឃឹមថាការរៀបចំតម្លើងនឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក (ម៉ាស៊ីអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋានដើម្បីឈានឲ្យគម្រោងរៀបចំអគ្គីសនីនេះអាច បានដំណើរការលឿនឆាប់ៗ។ ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីអគ្គីសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គីសនី ទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់ហើយ៕

អត្ថបទទាក់ទង