ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍នាពេលអនាគត

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 195
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍នាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍នាពេលអនាគត

 

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបានបង្ហាញនូវចំណាប់អារម្មណ៍និងមានបំណងស្វែងយល់បន្ថែមទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែងនាពេលអនាគត។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតួកគីយ៉េលើវិស័យសំខាន់ៗជាច្រើនហើយឯកឧត្តមរដ្ឋមន្ត្រីសូមគោរពអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្របក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ។ 

ជាការឆ្លើយតប, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ 

ក្នុងឱកាសនេះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ អំពីឬសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានភាពលើដីជាក់ស្ដែងនិងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់និងច្បាប់អន្តរជាតិ៕

 

អត្ថបទទាក់ទង