ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិកមានចំណាប់អារម្មណ៍ចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិកមានចំណាប់អារម្មណ៍ចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តមឧត្តមសេនីយ៍ Jim Jones និង ឯកឧត្តម Frederick Kempe ប្រធាននិងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិកក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការ ស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប, សម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិកអំពីដំណើររឿងនិងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធីដែលកម្ពុជាបានប្រើប្រាស់រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។ ទន្ទឹមនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធាននាពេលនេះមិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។ សម្ដេចធិបតីក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ពិភពលោក៕




