ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ព្រោះសមត្ថកិច្ច​ចាត់ការតែមេក្រុមក្បត់ជាតិ​ ៩នាក់ប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ព្រោះសមត្ថកិច្ច​ចាត់ការតែមេក្រុមក្បត់ជាតិ​ ៩នាក់ប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ព្រោះសមត្ថកិច្ច​ចាត់ការតែមេក្រុមក្បត់ជាតិ​ ៩នាក់ប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅសណ្ឋាគារសុខាភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភចំពោះព្រឹត្តិការណ៍ថ្ងៃ ៩ វិច្ឆិកា ខាងមុខនេះឱ្យសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់តែលើ មេខ្លោងរដ្ឋប្រហារ ៩នាក់ ដែលមានឈ្មោះនៅក្នុងដីកាប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកអះអាងជាមុនថា អ្នកទាំងនោះនឹងមិនមកប្រទេសកម្ពុជា ដូចការការសន្យាទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំបញ្ជាក់ត្រឡប់ទៅវិញទៅ វាគ្មាននរណាវ៉ៃគ្នានៅកណ្តាលរាជធានីភ្នំពេញទេ ព្រោះបើគេធ្វើសកម្មភាព គេធ្វើតែចំពោះមុខសញ្ញា ៩នាក់តែប៉ុណ្ណោះយ៉ាងច្រើន ប៉ុន្តែអា ៩នេះ វាមិនមកទេ កុំឆ្ងល់ពេក! ឥឡូវវាទៅពន្យារពេលសំបុត្រយន្តហោះមកទីក្រុងបាងកក នៅថ្ងៃ ៩ វិច្ឆិកា ឯណោះ។ វាមិនមែនមកថ្ងៃ៧ ដល់ស្រុកថៃថ្ងៃ៨ ហើយមកដល់ស្រុកខ្មែរ ថ្ងៃ៩ទេ។ ថ្ងៃ១០ ឯណោះ បានចេញពីប៉ារីស ហើយមិនប្រាកដថាចេញទេ»។

នៅក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌូណេស៊ី រដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេស នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា ដែលបានចេញមកប្រកាសមិនអនុញ្ញាតឱ្យ មេខ្លោងក្រុមឧទ្ទាម សម រង្ស៉ី ចូលប្រទេសរបស់ខ្លួន ដើម្បីបង្កភាពវឹកវរដល់កម្ពុជា កាលពីម្សិលមិញ។ លោកបានបង្ហើបថា ពេលប្រជុំអាស៊ាន លោកបានធ្វើការជាមួយដៃគូទាំងអស់របស់អាស៊ាន ដែលនេះជាវិធានការដើម្បីការពារសន្តិភាពរបស់ប្រទេសកម្ពុជា។

សម្តេចបានប្រាប់ប្រជាពលរដ្ឋថា រហូតមកដល់ពេលេះ នៅតាមទីផ្សារមិនមានអតិផរណាទេ ហើយគ្មានការជ្រួលច្របល់ទេ។ សម្តេចបញ្ជាក់ថា ក្រុមឧទ្ទាម សម រង្ស៉ី ខ្លាំងបានតាមតែ Facebook ប៉ុណ្ណោះ ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល និងបណ្តាប្រទេសជាមិត្ត ចាប់ផ្តើមអនុវត្តច្បាប់ និងកិច្ចសហការជាបន្តបន្ទាប់ លោក សម រង្ស៉ី ក៏បានលួចដូរសំបុតយន្តហោះបាត់តែម្តង។ សម្តេចបានចំអកដល់ លោក សម រង្ស៉ី ដែលអះអាងថា សុទ្ធតែនាំពលករនៅថៃ រាប់លាននាក់ដើម្បីមកចាប់។ សម្តេចថ្លែងថា «តើហ៊ុនសែនស្រួលចាប់ណាស់អី? អានេះមិនខ្យង់ទេ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបញ្ចេញមតិរបស់ក្រុមឧទ្ទាម បានដើរហួសបន្ទាត់ក្រហម ដោយការប្រកាសមកចាប់នាយករដ្ឋមន្រ្តី ដែលប្រសូតចេញពីការបោះឆ្នោត និងការបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ។ លោកបានព្រមានដល់អ្នកពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ឱ្យចេញមកសារភាពត្រង់ៗ ខណៈដែលមានការចេញសារភាពច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែលោកបានបញ្ជាក់ថា បើពួកគេមិនចេញទេ សមត្ថកិច្ចឃើញកន្លែងណានោះ នឹងធ្វើការចាប់ខ្លួននៅកន្លែងនោះតែម្តង។

លោកបានសុំការយោគយល់ពីមិត្តបរទេសទាំងអស់ ដោយលើកឡើងថា «មិត្តភក្តិបរទេសត្រូវយល់ ព្រោះពេលនេះយើងខ្ញុំត្រូវគ្រប់គ្រងសភាពការណ៍មួយចាំបាច់ ព្រោះយើងខ្ញុំបានទទួលការឈឺចាប់រាប់ភ្លេច រាប់មិនអស់ទៅហើយ ច្រើនពេកហើយដែលប្រជាជនកម្ពុជា ត្រូវឈឺចាប់ដោយសារតែអាពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់មកគឺផ្តួលរំលំ ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់ ឥឡូវយើងខ្ញុំមិនអាចជឿលើអ្វីដែលជាពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ»។

លោកបានថ្លែងថា ទម្រាំរកសន្តិភាពបាន ជាតិត្រូវចំណាយសាច់ឈាមរាប់មិនអស់ ដើម្បីធានាឱ្យកម្ពុជាមួយមានការឯកភាពទឹកដីលើកដំបូង នៅក្នុងប្រវត្តិសាស្រ្ត បើមិននិយាយទៅដល់៥០០ឆ្នាំទេ ក៏និយាយត្រឹម១០០ឆ្នាំទៅចុះ ចាប់តាំងពីបារាំងដាក់អាណានិគមន៍នៅកម្ពុជា។ លោកបន្តថា ទឹកដីខ្មែរតែងមានការបែងចែក ក្រុមប្រដាប់អាវុធតែងមានច្រើនក្រុម លោកត្រូវយកជីវិតមកធ្វើដើមទុន ក្នុងការស្វែងរកសន្តិភាពនេះ ដូច្នេះទោះជាតម្លៃណាក៏ដោយ លោកត្រូវតែការពារសន្តិភាពឱ្យបាន។ លោកថ្លែងថា លោកគោរពប្រជាធិបតេយ្យ គឺគោរពអ្នកដែលប្រកួតប្រជែងតាមរយៈការបោះឆ្នោត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៀតថា «សូមអំពាវនាវឱ្យអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធ (រដ្ឋប្រហារ) ហើយដែលមានឈ្មោះក្នុងបញ្ជីរួចទៅហើយ អ្នកឯងមិនអាចទៅណារួចទេ អញ្ចឹងដើម្បីចៀសវាងកុំឱ្យមានបញ្ហាផ្ទាល់ខ្លួន អ្នកឯងចេញមក យើងនឹងសណ្តោសប្រណីឱ្យអ្នកឯង ព្រោះអ្នកឯងបានបោះបង់ចោលផែនការផ្តួលរំលំទៅហើយ យើងអត់មានយកទោសពៃទេ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់អំពីភាពមិនច្បាស់លាស់របស់ទណ្ឌិត សម រង្ស៉ី ដែលផ្លាស់ប្តូរម្តងហើយម្តងទៀត បោកប្រាស់អ្នកគាំទ្រ។ លោកថ្លែងថា បើថៃមិនឱ្យចូល ម្តេចលោក សម រង្ស៉ី មិនហោះចូលកម្ពុជាតែម្តងទៅ ផ្លាស់ប្តូរចុះឡើងធ្វើអ្វី។

លោកនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា៖ «រដ្ឋាភិបាលមួយ មានរចនាសម្ព័ន្ធតាំងពីលើដល់ក្រោម មានកម្លាំងប្រដាប់អាវុធ តើគេអាចធ្វើឱ្យដួលបានទេ? អញ្ចឹងបានថា អ្នកដែលមិនយល់ គឺមិនយល់ទេ វាងប់ទៅ ប៉ុន្តែអ្នកត្រូវដឹងថា មុខសញ្ញាមានអស់ហើយ បើមិនចេញអ្នកឯងនឹងមានគ្រោះទៅថ្ងៃក្រោយ ព្រោះរឿងនេះមិនមែនចាប់ត្រឹមថ្ងៃ០៩ វិច្ឆិកា ទេ នៅមានតភាគ ដ៏រាបណាអាឆ្កែ ១ក្បាលនេះ (សម រង្ស៉ី) វាមិនព្រមប្រកាសបញ្ចប់ យើងក៏នៅតែបន្ត ដូច្នេះអ្នកគាំទ្រត្រូវតែរងគ្រោះ ព្រោះពីក្រៅរបង ហើយអ្នកក្នុងរបង អ្នកក្រៅរបងមិនអីទេ អ្នកក្នុងរបងទើបងាប់»៕

អត្ថបទទាក់ទង