ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារដែររៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារដែររៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារដែររៀបចំដោយនាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដដែលនេះដែរ បន្ទាប់ពីញ្ជើញជាអធិបតីសាក្សីរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) ក៏បានអញ្ជើញធ្វើជួបពិភាក្សាទ្វេភាគីក្នុងកម្មវិធីអាហារថ្ងៃត្រង់ស្ងិតក្នុងបរិយាកាសស្និទ្ធស្នាល។

ក្នុងជំនួបអាហារថ្ងៃត្រង់នោះ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងកក់ក្ដៅបំផុត ព្រមទាំងបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មថ្មីៗនេះ។ នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា ជប៉ុននឹងបន្ត ជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។ លោក អាបេ បានកោតសរសើរ ដល់ស្ត្រីខ្មែរពីររូបដែលបានធ្វើការនៅប្រទេសជប៉ុនដោយចាត់ទុកថាជាគំរូដែលធ្វើការបានល្អ ហើយលោកបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាពិសេសពាក់ព័ន្ធទៅនឹងកំពង់ផែនៅខេត្តព្រះសីហនុ ដែលជប៉ុនធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។ ពាក់ព័ន្ធនឹងបញ្ហាតំបន់ នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់របស់យើងមានលក្ខណៈសេរីនិងបើកចំហ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ឆ្លៀតឱកាសនេះលោក ក៏បានថ្លែងអំណរគុណផងដែរដលប្រទេសជប៉ុន ជាពិសេសសម្រាប់ជំនួយលំហូសេដ្ឋកិច្ចទាំងឡាយ ប្រកបដោយប្រជាធិបតេយ្យ ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសជប៉ុននេះ។ រីឯគំនិតផ្ដួចផ្ដើមដែល Shinzo Abe បានលើកឡើងអំពីលក្ខណៈសេរី និងបើកចំហនៅក្នុងតំបន់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមានស្តង់ដារជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ។

លោកនាយករដ្ឋមន្រ្តី ជប៉ុន ក៏បានអរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរដល់ស្ត្រីខ្មែរដែលធ្វើការនៅប្រទេសជប៉ុនដែលចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ លោកក៏បានរំលឹកអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរ ដែលព័ន្ធនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធាន មនុស្សនិងគម្រោងសាងសង់ផែនៅខេត្តព្រះសីហនុ ហើយសម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះការអភិវឌ្ឍសេដ្ឋកិច្ច កន្លងមកនេះ ដែលបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ជាង៧%ប្រចាំឆ្នាំ ដែលធ្វើឲ្យថវិកាជាតិមានការកើនឡើងនិង មានការកែទម្រង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការអភិវឌ្ឍរីកចម្រើន ប៉ុន្តែកម្ពុជាមានការប្រឈម ដែលត្រូវការជំនួយបន្ថែមទៀតជាពិសេស កម្ចីសម្បទាន និងជួយធ្វើយ៉ាងណាឲ្យប្រទេសជប៉ុន លើកទឹកចិត្តឲ្យមានវិនិយោគិនមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ លោក បានបន្តថាថ្វីដ្បិតជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី៦ នៅប្រទេសកម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនគឺប្រកបដោយគុណភាព។ យ៉ាងណាមិញ ដូចជាក្រុមហ៊ុនជប៉ុនមួយចំនួនដែលបានទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយនោះគឺជាក្រុមហ៊ុនដែល មានគុណភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តឲ្យវិនិយោគទុនជប៉ុនទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះលោក ក៏បានលើកនូវសំណើមួយចំនួនទៀតជូននាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយដូចជា៖
ទី១) បន្តលើការដោះមីននៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែលគម្រោង៣ឆ្នាំតទៅមុខទៀត ត្រូវការថវិកាប្រមាណ២៨លានដុល្លារអាមេរិកសម្រាប់ខេត្ត ៣ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។
ទី២) ដោយសារឆ្នាំនេះកម្ពុជាមានកង្វះអគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យអគ្គិសនីកម្ពុជា ប្រើប្រាស់មិនគ្រប់គ្រាន់ ដូច្នេះសម្ដេចស្នើឲ្យភាគីជប៉ុនជួយពិចារណាលើសំណើនេះ ជាពិសេសការពិភាក្សាកន្លងមករវាងអង្គការចៃការ និងក្រសួងរ៉ែ និងថាមពល ដែលបានចុះសិក្សាក្នុងការតបណ្ដាញពីព្រំដែនឡាវមកភ្នំពេញដែលមានប្រវែងជាង ៣៥០គីឡូម៉ែត្រដើម្បីទិញភ្លើងចេញពីប្រទេសឡាវ។

ពាក់ព័ន្ធនឹងបញ្ហាថែរក្សាសុខសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូន កងទ័ពមួកខៀវទៅកាន់បណ្ដាប្រទេសមួយចំនួននោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យកងព័តមួកខៀវនៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាកាត់បន្ថយនូវការគំរាមកំហែងដល់ទាហានមួកខៀវនេះ។ មិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានការបាត់បង់ជីវិតដល់កងទ័ពមួកខៀវនេះ។ ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២០ ខាងមុខ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ បានមានប្រសាសន៍ថាពាក់ព័ន្ធនឹងការវិនិយោគពីជប៉ុនទៅកម្ពុជា លោកស្វាគមន៍ចំពោះ វិធានការ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ កន្លងមកនេះ ក្នុងការកាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសកម្ពុជាដើម។ ទន្ទឹមនេះ លោក ក៏បានស្នើឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តមានវិធានការផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឲ្យការប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយលោក បានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយជប៉ុនត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែនៅប្រទេសកម្ពុជាហើយ លោក បានស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។
ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថាជប៉ុនគឺកំពុងតែយកចិត្តទុកដាក់ជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិច្ចកាលជប៉ុនតែងតែចូលរួមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ជំនួយមួយចំនួនដូចជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់ព័ន្ធនឹងពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន តាមរយៈការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។

ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិសនី នាយករដ្ឋមន្ត្រីជប៉ុនបានឲ្យភាគីកម្ពុជាធ្វើការពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមីនក៏ដូច្នោះដែរ ក៏សូមឲ្យ ធ្វើការពិភាក្សាជាមួយនឹងអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។

ជាចុងក្រោយ នាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៍កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខ ដែលពេលនោះយើងនឹងអាចពិភាក្សាគ្នាលើបញ្ហាមួយចំនួន។ លោក បានគូសបញ្ជាក់ថានឹងបន្តទទួលយុវជនវ័យក្មេងឲ្យមកសិក្សាដកពិសោធន៍នៅប្រទេសជប៉ុនផងដែរហើយលោកសង្ឃឹមថាសូមឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសការពង្រឹងច្បាប់។ លោកក៏បានលើកឡើងផងដែរអំពីបញ្ហាឧបទ្វីបកូរ៉េដែល កូរ៉េខាងជើងមានការបាញ់កាំជ្រួចដែលចាត់ទុកជាការរំលោភសន្ធិសញ្ញានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអ្វីដែលសំខាន់ជាងគេទៀត ត្រូវតែអនុវត្តឲ្យបានម៉ត់ចត់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងការអនុវត្តន៍នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
ដូច្នេះលោកចង់ឲ្យជប៉ុននិងកម្ពុជាមានការសហការគ្នា ដើម្បីអនុវត្តលើបញ្ហាពាក់ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េ រួមទាំងបញ្ហានៃការចាប់ជំរិតជនជាតិជប៉ុនផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដោយបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សហការក្នុងក្របខណ្ឌអាស៊ានជំរុញការតាក់តែងនូវក្រមCOCអោយបានឆាប់ ហើយពាក់ព័ន្ធការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមានការផ្លាស់ប្តូរព័ត៌មានរវាងទាហានមួកខៀវនោះ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងគាំទ្រក្នុងការផ្លាស់ប្ដូរព័ត៌មានរបស់ទាហានមួកខៀវនៃប្រទេសទាំងពីរ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពាក់ព័ន្ធរាល់ការស្នើពីនាយករដ្ឋមន្ត្រីជប៉ុនខាងលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឆ្លើយតបថានឹងចូលរួមសហការអោយបានល្អផងដែរ៕

អត្ថបទទាក់ទង