មន្ដ្រីជាន់ខ្ពស់ការបរទេសកម្ពុជា៖ លោកស្រី មូរ សុខហួរ ត្រូវអាជ្ញាធរឥណ្ឌូនេស៉ីបណ្ដេញចេញពីប្រទេស ក្រោយមានការស្នើពីស្ថានទូតកម្ពុជា និងធ្វើខុសគោលការណ៍ឥណ្ឌូណេស៊ី
លោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បញ្ជូនចេញពីប្រទេសនៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ (ម៉ោងនៅរាជធានីភ្នំពេញ) ក្រោយមានការស្នើសុំ ពីអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ីថា លោកស្រីជាមេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការឲ្យដឹងពី មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា ។
ថ្លែងប្រាប់ នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា តាមព័ត៌មានទូតកម្ពុជាទទួលបាន លោកស្រី មូរ សុខហួរ ធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី គឺប្រើប្រាស់ទិដ្ឋាការ (Visa) ទេសចរណ៍តែប៉ុណ្ណោះ មិនមែនទិដ្ឋាការសុំធ្វើនយោបាយនោះឡើយ។ ក្រោយចាកចេញពីប្រទេសឥណ្ឌូណេស៊ី លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ប្រភពព័ត៌មានដដែលបានបង្ហើបទៀតថា ដើមចមដែលមេឧទ្ទាមម្នាក់នេះ ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី គឺផ្ដើមចេញពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅទីនោះហៅទៅបំពេញទស្សនកិច្ច និងមានការរៀបចំអាហារថ្ងៃត្រង់ ដោយឲ្យលោកស្រីប្រើប្រាស់នូវ Visa ទេសចរណ៍ ប៉ុន្ដែស្រាប់តែទៅដល់លោកស្រី បម្រុងនឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធរឿងនយោបាយ ទើបត្រូវបានអាជ្ញាធរហាមឃាត់តែម្ដង។ ការហាមឃាត់នេះ ក៏ស្របពេលដែលតំណាងទូតកម្ពុជា ស្នើសុំផងដែរ។
បន្ទាប់ពីត្រូវបានអាជ្ញាធរហាមឃាត់ហើយនោះ លោកស្រី មូរ សុខហួរ ក៏អាក់ខានការទទួលទានអាហារថ្ងៃត្រង់ ជាមួយអង្គការក្រៅរដ្ឋាភិបាលនៅទីនោះផងដែរ ហើយក៏ត្រូវអាជ្ញាធរដឹកលោកស្រីទៅកាន់ព្រលានយន្ដ ដើម្បីឲ្យធ្វើដំណើរចាកចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី តែម្ដង។ ការដែលអាជ្ញាធរឥណ្ឌូណេស៊ី បណ្ដេញមេឧទ្ទាមម្នាក់នេះចេញពីប្រទេស ក៏បង្ហាញអំពីទំនាក់ទំនងយ៉ាងល្អរវាងរាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងន័យមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនស្ថិតនៅទីនោះ ដើម្បីធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាជាដាច់ខាត។
គួរជម្រាបថា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួន លោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន»។
ស្ថានទូតកម្ពុជា បានបញ្ជាក់ថា លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា (CNRP) ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចរំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណបក្សលោកស្រីសព្វថ្ងៃ គឺជាបក្សខុសច្បាប់នៅកម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់គេចខ្លួន ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ពាក់ព័ន្ធការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតស្របច្បាប់។
ស្ថានទូតបានបន្តថា៖ ជាជាងមកប្រឈមមុខតាមផ្លូវច្បាប់ លោកស្រី មូរ សុខហួរ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយលោកស្រីកំពុងជ្រកកោននៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅកាន់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួន និងបញ្ជូនលោកស្រី មូរ សុខហួរ មកកាន់ប្រទេសកម្ពុជា ប្រសិនបើលោកស្រីឈានជើងជាន់ទឹកដីរបស់ពួកគេ។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោកបានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕