លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គាំទ្រយុទ្ធសាស្ត្រសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសគាំទ្រ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំប្រទេសតាមដងទន្លេមេគង្គទាំង៥ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។
ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងផងដែរថា ខណៈពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានការរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលមេង្គ-ជប៉ុនលើកទី១១នេះ មេដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០។ មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីថៃ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដ៏មានសារសំខាន់នេះ។
មេដឹកនាំទាំងអស់ ក៏បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលតាមរយៈសសរស្តម្ភទាំងបីរបស់យុទ្ធសាស្រ្តទីក្រុងតូក្យូ ឆ្នាំ២០១៨ រួមមានការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាពសង្គមដែលផ្តោតលើមនុស្សជាចម្បង និងការសម្រេចបាននូវមេគង្គបៃតង បានផ្តល់ជាថាមពលបន្ថែមសំដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់ និងប្រែក្លាយអនុតំបន់មេគង្គ្ឱ្យទៅជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចសកល។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១នេះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអបអរសាទរចំពោះជប៉ុន ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលលើកទី១៤ នៅអូសាកា ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរៀបចំរបៀបវារ:សកល ៕