ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវបោកបញ្ឆោតរបស់មេឧទ្ទាម សម រង្ស៉ី គ្មានតម្លៃ ឬ​ឥទ្ធិពល​លើកងទ័ពទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវបោកបញ្ឆោតរបស់មេឧទ្ទាម សម រង្ស៉ី គ្មានតម្លៃ ឬ​ឥទ្ធិពល​លើកងទ័ពទេ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវបោកបញ្ឆោតរបស់មេឧទ្ទាម សម រង្ស៉ី គ្មានតម្លៃ ឬ​ឥទ្ធិពល​លើកងទ័ពទេ

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា ការអំពាវនាវបែបបោកបញ្ឆោតរបស់មេក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឱ្យកងទ័ពផ្តាច់ខ្លួននោះ នឹងមិនមានតម្លៃ ឬឥទ្ធិពលមកលើកងយោធពលខេមរភូមិន្ទនោះឡើយ។

លោកបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «ការអំពាវនាវ ការបោកបញ្ឆោត ការញុះញង់របស់មេឧទ្ទាមជនក្បត់ជាតិ គ្មានតម្លៃ ឬឥទ្ធិពលអ្វីមកលើ កងយោធពលខេមរភូមិន្ទនោះទេ ព្រោះកងយោពលខេមរភូមិន្ទ បានយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលត្រូវប្រឆាំងចំពោះជនណាចង់មកបំផ្លិចបំផ្លាញសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី ដែលមេផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមរយៈវីដេអូឃ្លីបថ្មីមួយ ដោយអំពាវនាវដល់កងទ័ពកម្ពុជា កុំឱ្យស្ដាប់តាមបញ្ជារបស់រាជរដ្ឋាភិបាល ហើយងាកទៅចូលរួមនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកវិញ។ ក្នុងវីដេអូថ្មីនោះ លោកបានសន្យាដំឡើងឋានន្តរស័ក្តិ និងប្រាក់ខែ ក៏ដូចជាផ្តល់រង្វាន់ដល់កងទ័ពណាដែលចូលរួមជាមួយក្រុមរបស់លោក។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពមិនត្រឹមតែមិនផ្តល់តម្លៃលើការអំពាវនាវនេះឡើយ ហើយកងទ័ពកំពុងត្រៀមខ្លួន ដើម្បីកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី។

លោក ឈុំ សុជាត បានអះអាងទៀតថា៖ «កងយោធពលខេមរភូមិន្ទ ដែលស្ម័គ្រស្មោះចំពោះប្រទេសជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ទេចជនក្បត់ជាតិ ដោយមិនឱ្យប្រទេសកម្ពុជា មានភាពវឹកវរជាថ្មីដាច់ខាត»។

បន្ទាប់ពីមានការឆ្លើយតបនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានចំអកដល់ លោកសម រង្ស៉ី និងបក្ខពួក ដែលកំពុងធ្លាក់ក្នុងគ្រោះថ្នាក់ ហើយស្ថិតនៅក្នុងភាពឯកោ។

លោកបានបន្ថែមថា៖ «អ្នកនយោបាយដែលដើរហួសបន្ទាត់ក្រហម ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ រហូតដល់តុលាការកាត់ទោសជាច្រើនករណី ពេលនេះកំពុងអស់សង្ឃឹម អស់លទ្ធភាព សូម្បីតែសកម្មជនដែលធ្លាប់គាំទ្រ ក៏បានចាកចេញមកសារភាពជាបន្តបន្ទាប់ដែរ តើមានលទ្ធភាពឯណាទៅ ឧបត្ថម្ភថវិកាដល់កងទ័ពនោះ? ដូច្នេះអ្វីៗដែលពួកគេបានញុះញង់ គឺជាការបោកបញ្ឆោតសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»។

សូមបញ្ជាក់ថា កងកម្លាំងទាំង ៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាល នៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្តរៀងៗខ្លួន ស្របពេលដែលទណ្ឌិត សម រង្ស៉ី បានប្រកាសធ្វើសកម្មភាពសម្រុកចូលប្រទេសកម្ពុជា តាមព្រំដែនថៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕

អត្ថបទទាក់ទង