លោកនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណចំពោះរុស្ស៉ី ដែលបានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តចូលរួមអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែរីកចម្រើន
ប្រទេសរុស្ស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) បានបង្ហាញជំហរយ៉ាងមុតមាំរបស់ខ្លួន បន្តចូលរួមអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអប់រំ។
ការអះអាង និងបញ្ជាក់របស់លោក ឌីមីទ្រី មីដវីដេវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសថៃ ទីដែលលោកនាយករដ្ឋមន្ត្រីទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
យោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានបង្ហាញនូវក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខណ្ឌវេទិកាអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានថ្លែងថា កម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៉ី។ លោកនាយករដ្ឋមន្ត្រី បង្ហាញក្តីរំពឹងថា ទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ ដោយបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗទៀត។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរអរគុណប្រទេសរុស្ស៉ី ដែលបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ។ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណរុស្ស៉ីដែលគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជា និងផ្ដល់ជំនួយបច្ចេកទេស ក្នុងវិស័យកម្ចាត់មីនផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសប្បាយរីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានការកើនឡើងកន្លងមកនេះ។ ក្នុងន័យនេះ ដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតនោះ លោកនាយករដ្ឋមន្រ្ដី បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រីរុស្ស៉ី ជួយជំរុញវិនិយោគិនរុស្ស៉ី មកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួន ដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្មអេឡិចត្រូនិក, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។
លោកក៏បានស្នើភាគីរុស្ស៊ី ពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាព រយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ ។
ដោយឡែកពាក់ព័ន្ធនឹងការចរចារពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី លោកនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការគាំទ្រ ជាគោលការណ៍របស់រុស្ស៉ី ចំពោះកិច្ចប្រឹងប្រែងឱ្យមានការចរចារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។
ដោយសារកម្ពុជានៅឆ្នាំ២០២០ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នោះ លោកនាយករដ្ឋមន្រ្ដី ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីរុស្ស៉ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី ក៏បានឆ្លើយតបមកវិញថា ប្រទេសរុស្ស៉ី ចង់សហការជាមួយកម្ពុជា លើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្ម ហើយចង់បន្តផ្ដល់ការគាំទ្រដល់កម្ពុជា នៅក្នុងកិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍ ខាងជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។
ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ណាស់ ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលអាចចុះកិច្ចព្រមព្រៀង នៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្ពុជា និងរុស្ស៉ី អាចមានកិច្ចសហសការយ៉ាងល្អ លើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀត។ ជាពិសេសនៅក្នុងការដោះមីន នៅក្នុងវិស័យការពារជាតិ ដែលប្រទេសរុស្ស៉ី ចង់បន្តក្នុងការបណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។
ពាក់ព័ន្ធនឹងមន្ទីរពេទ្យវិញ លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ ហើយរុស្ស៉ី នឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារនេះ ពោលធ្វើបានកាន់តែឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានជួយជំរុញកិច្ចសហការ លើវិស័យជាច្រើនរវាងប្រទេសកម្ពុជា និងរុស្ស៉ី។
ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជាបានចូលរួមយ៉ាងច្រើន នៅក្នុងក្របខណ្ឌអាស៊ាន និងរុស្ស៉ី ដើម្បីកិច្ចសហការបន្តទៀត។ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការអញ្ជើញលោក ទៅចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ហើយលោកនឹងអញ្ជើញចូលរួម។
ចំពោះការពាក់ព័ន្ធទៅលើវិស័យការបណ្ដុះបណ្ដាលវិញ លោកនាយករដ្ឋមន្ត្រីរុស្ស៉ីបញ្ជាក់ថា ប្រទេសរុស្ស៉ី នឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំក្រោយឆ្នាំ២០២០ រុស្ស៉ី នឹងបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជាផងដែរ។
ចុងបញ្ចប់នៃជំនួប លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកពិតជារីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដំណើរការទៅយ៉ាងល្អ ហើយនឹងបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្ស លោកនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា ជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ហើយលោក ក៏ថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានជំរុញក្នុងការបន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានគូសបញ្ជាក់ថា ការងារទាំងអស់នេះ ជាពិសេសការបណ្ដុះបណ្ដាលនេះ ជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាទៅវិញទៅមកផងដែរ៕