លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ (18th AEC Council Meeting) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Jurin Laksanavisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។
កិច្ចប្រជុំបានអនុម័តលើផែនការសកម្មភាពក្របខ័ណ្ឌសមាហរណកម្មឌីជីថលអាស៊ាន (ASEAN Digital Integration Framework) 2019-2025 និងបានកត់សម្គាល់លើវឌ្ឍនភាពនៃការសម្រេចបានគន្លឹះជាអាទិភាពដែលមានថៃជាម្ចាស់ផ្ទះអាស៊ាន និងបានណែនាំអង្គភាពពាក់ព័ន្ធបញ្ចប់គន្លឹះអាទិភាពដែលនៅសេសសល់នៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំក៏បានពិភាក្សាពីគំនិតផ្តួចផ្តើមនានារបស់អាស៊ានទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានល្អក្នុងការទាញយកប្រយោជន៍ពីឱកាសនេះ ក្នុងនោះផ្តោតសំខាន់លើកិច្ចសន្ទនាឆ្លងកាត់វិស័យ ក៏ដូចជាសសរស្តម្ភដើម្បីចងក្រងជាយុទ្ធសាស្រ្តអាស៊ានស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០។
ឆ្លៀតក្នុងឱកាសនោះផងដែរ ដោយបានទទួលការអនុញ្ញាតពី លោកនាយករដ្ឋមន្រ្តី
លោករដ្ឋមន្រ្តី ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែលពិធីសារនេះបង្ហាញពីការប្តេជ្ញារបស់អាស៊ានក្នុងការពង្រឹងស្ថាប័ន ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយជម្លោះឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមច្បាប់អាស៊ាន ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីថៃ បានធ្វើការអបអរថ្ងៃកំណើតរបស់លោករដ្ឋមន្រ្តី ដោយមានការចូលរួមអបអរសាទរពីសំណាក់គណៈប្រតិភូទាំងអស់ផងដែរ ដែលធ្វើឲ្យពិធីចុះហត្ថលេខានោះកាន់តែអធិកអធមបន្ថែមទៀត។
ដោយឡែកនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី ក៏បានចូលរួមពិធីជប់លៀងស្វាគមន៍ការតែងតាំងប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ានថ្មី។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ លោក Brian Davidson ឯកអគ្គរាជទូតអង់់គ្លេសប្រចាំប្រទេសថៃ លោកស្រី Baroness Lucy Neville-Rolfe CMG ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ានថ្មី ក៏ដូចជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោក Jon Lambe និងបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងកម្ពុជា ផងដែរ៕