ខ្មែរប៉ុស្ដិ៍ Close

អ្នកក្បត់កម្ពុជាមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 76
អ្នកក្បត់កម្ពុជាមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ អ្នកក្បត់កម្ពុជាមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ

អ្នកវិភាគ៖ អ្នកក្បត់កម្ពុជាមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ

(ភ្នំពេញ)៖ ចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងគូកនមិន អាចគេចចេញពីសំណាញ់ច្បាប់បានឡើយ ខណៈអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះហៅមនុស្សចំនួន៦នាក់រួមមាន សម រង្ស៊ី អេង ឆៃអ៊ាង ហូរ វ៉ាន់ ជូឡុង សូមួរ៉ា តុ វ៉ាន់ចាន់ និងនុត រំដួល នៅក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្រ្គោះជាតិខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ បុណ្យបាបពិតជា មិនរង់ចាំរហូតដល់ជាតិក្រោយទេ ជនដែលមានចេតនាបំផ្លាញសុខសន្តិភាព សេចក្តីសុខ និងការអភិវឌ្ឍរបស់កម្ពុជា គឺត្រូវតែបង់នូវតម្លៃមួយដ៏ខ្ពស់បំផុតនៅចំពោះមុខច្បាប់កម្ពុជា។

ចំណាត់ការផ្លូវច្បាប់នេះ គឺជាការអនុវត្តនីតិរដ្ឋ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ដោយមិនអនុញ្ញាតឱ្យក្រុមឧទ្ទាមខុសច្បាប់ បំពានលើច្បាប់កម្ពុជា និងយកជាតិ និងប្រជាពលរដ្ឋខ្មែរមកធ្វើជាចំណាប់ខ្មាំងដើម្បីផលប្រយោជន៍នយោបាយឡើយ។ ទង្វើក្បត់ជាតិ និងប្រជាជនដឹកនាំដោយ សម រង្ស៊ី បានឡើងក្រោមរូបភាពញុះញង់ ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់ ញុះញង់កងទ័ពកុំឱ្យស្តាប់បទបញ្ជា និងបានជួលក្រុមហ៊ុនបរទេសក្នុងតម្លៃ២៥ម៉ឺនដុល្លារ ដើម្បីបំផ្លាញសេដ្ឋកិច្ចកម្ពុជាដោយធ្វើ យ៉ាងណាកៀងគរសម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ នេះគឺជាអំពើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។

ការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងចលនាសង្គ្រោះជាតិ គឺពិតជាការចាំបាច់ និងបន្ទាន់បំផុតដើម្បីទប់ស្កាត់នូវផែនការដ៏ទុច្ចរិតនៃក្រុមអ្នកនយោបាយប្រឆាំងដែល បានប៉ុនប៉ងម្តងហើយម្តងទៀត នៅក្នុងការបំផ្លាញកម្ពុជា ដោយបានឱនក្បាលអង្វរបរទេសឱ្យបំផ្លាញខ្មែរ និងយកអធិបតេយ្យជាតិ និងបូរណភាពជាតិទៅដាក់ក្រោម ជើងបរទេសដើម្បីតែបម្រើផលប្រយោជន៍បក្ខពួកខ្លួន។ ពួកគេពិតជាមានមោទនភាពដែលបាន ឃើញជនបរទេសដែលជាចៅហ្វាយរបស់ខ្លួន បញ្ចេញសារ និង អាកប្បករិយាក្រអឺតក្រទមតាំងខ្លួន ជាឪម៉ែកម្ពុជា និងបានចេញសារព្រមានបែបរំលោភលើឯករាជភាព និងអធិបតេយ្យភា ពរបស់កម្ពុជា។

ពួកគេក៏កាន់តែសប្បាយចិត្ត និងរីករាយចំពោះលទ្ធផលនៃការបំផ្លាញជាតិរបស់ខ្លួន នៅពេលឃើញចៅហ្វាយនាយរបស់ខ្លួន ព្រមានកាត់ជំនួយ ឬឈប់ទិញទំ និញពីកម្ពុជា។ ប៉ុន្តែពួកគេមិនបានគិតថា ទង្វើក្បត់ជាតិដែលពួកគេធ្វើ កំពុងតែវាយបំបែកឆ្នាំងបាយប្រជាជនកម្ពុជាមុនគេនោះឡើយ។

ក្រៅពីសំណុំរឿងឧទ្ទាមខុសច្បាប់នេះ សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើនទៀតជាមួយតុលាការ ដោយនៅក្នុងនោះមានសំណុំដ៏ធំមួយ គឺក្បត់ជាតិសន្យា សម្ងាត់ កាត់ទឹកដីចំនួន ៤ខេត្តឲ្យវៀតណាម ដែលតំណាងអយ្យការបានចេញដីកាកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងការលួចចុះកិច្ចព្រមព្រៀងសំងាត់ជាមួយឈ្មោះ កុក សរ មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដោយសន្យាកាត់ទឹកដី០៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង។

ការចោទប្រកាន់លើជនសង្ស័យទាំង ៦ នាក់ដែលជាស្ថាបនិកនៃចលនាឧទ្ទាមខុស ច្បាប់ជាការព្រមានចំពោះកម្លាំងខុសច្បាប់ផ្សេងទៀតថា ប្រទេសមានច្បាប់ ហើយមិនអាចអត់ឱនបានឡើយចំពោះជនទាំងឡាយ ដែលបានប៉ុនប៉ងបំផ្លាញកម្ពុជា អូសទាញ ប្រទេសដែលទើបនឹងចាកផុតពីភ្នក់ភ្លើងសង្គ្រាមនិង របបប្រល័យពូជសាសន៍ខ្មែរក្រហម ឱ្យធ្លាក់ចូលក្នុងគ្រោះមហន្តរាយឡើងវិញដូចប្រទេសមួយចំនួនដូចជាស៊ីរី លីប៊ី កំពុងរងគ្រោះពីនយោបាយផ្លាស់ប្តូររបប នៅក្រោមរូបភាពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ នៅចំពោះមុខនៃការគំរាមកំហែងនេះ ទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងចាត់វិធានចាំបាច់នានា ដើម្បីធានាសេចក្តីសុខរបស់ប្រជាជនកម្ពុជា សន្តិភាព និងការអភិវឌ្ឍដែល កម្ពុជាមាននៅពេលនេះ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨

អត្ថបទទាក់ទង