ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ាន

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយ កញ្ញា សុគុណ សុភក្ត្ររាសី ជួបសំណេះសំណាល និងទទួលអនុសាសន៍។ កញ្ញា សុគុណ សុភក្ត្ររាសី បានជម្រាបថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។ កញ្ញាបានឲ្យដឹងថា នេះជាលើកទី៤៦ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តុលា ដល់១៣ ធ្នូ ២០១៩ ។

កញ្ញា បានបន្តទៀតថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរីហ្វីលីពីន និងថៃ។

សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩ នេះ ប្រតិភូនាវាយុវជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុនដើម្បីប្រារព្ធកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកប្រតិភូនាវាយុវជនទាំងអស់ត្រូវបែងចែកជាក្រុមទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនមុននឹងប្រតិភូនាវាយុវជនចុះនាវាដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី មីយ៉ាម៉ា និងម៉ាឡេស៊ី ហើយចុងក្រោយនេះវាយុវជននឹងត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីប្រារព្ធកម្មវិធីបិទ បន្ទាប់នឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ជាអនុសាសន៍សម្រាប់ប្រតិភូយុវជននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកអំពីដំណើរវិវត្តរបស់កម្ពុជា ជាពិសេសការទទួលបានសុខសន្តិភាពពេញលេញ។

លោក ក៏បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែកលើកត្តា៤៖
ទី១) អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា
ទី២) អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ
ទី៣) ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងចំណុចនេះ លោកពន្យល់ថាដោយសារអាស៊ានមានដៃគូជាច្រើន ដូច្នេះពេលដែលយើងចូលអាស៊ាន, ដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ
ទី៤) អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា ។

បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់ប្រតិភូនាវាយុវជនទាំង២៩រូប ឱ្យរៀបចំខ្លួនឱ្យ បានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។ លោក ក៏បានជូនពរឲ្យក្រុមនាវាយុវជនទាំងអស់ទទួលបាននូវភាពជោគជ័យនៃកម្មវិធីនាវាយុវជននាពេលខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង