ប្រធានាធិបតីតួកគី ហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «មេភេរវករ»
ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីប អឺដូហ្កាន់ បានថ្កោលទោសយ៉ាងខ្លាំងលើលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ដោយហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថា «ជាមេដឹកនាំនៃរដ្ឋភេរវករ» បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ នៅតំបន់ហ្កាហ្សា (Gaza)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក អឺដូហ្កាន់ ធ្វើឡើងនៅក្នុងសមាជបក្សរបស់លោក នៅភាគខាងត្បូងប្រទេស កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនចាំបាច់ប្រាប់ពិភពលោកពីទង្វើ ដ៏សាហាវឃោរឃៅរបស់កងទ័ពអ៊ីស្រាអែលនោះទេ។ យើងអាចមើលថា អ្វីដែលរដ្ឋភេរវករមួយនេះកំពុងធ្វើ តាមរយៈសកម្មភាពរបស់ពួកគេ នៅតំបន់ ហ្កាហ្សា និងហ្សេរុយសាឡឹម។ អ៊ីស្រាអែលបានសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ហើយ លោក ណេតាន់យ៉ាហ៊ូ គឺជាភេរវករម្នាក់»។
គួររំលឹកថា អំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅអំឡុងពេលបាតុកម្មតវ៉ា មួយប្រជាជនប៉ាឡេស្ទីននៅតំបន់ព្រំដែនរវាងហ្កាហ្សា និងអ៊ីស្រាអែល។ នៅក្នុងអំពើហិង្សានេះ ប្រជាជនប៉ាឡេស្ទីនច្រើនជាង ១,៤០០នាក់ បានរងរបួស និង ១៧នាក់ បានបាត់បង់ជីវិត៕