ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមច្បាប់ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៉ី លើការប្រមាថអង្គព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 89
ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមច្បាប់ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៉ី លើការប្រមាថអង្គព្រះមហាក្សត្រ ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោស និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមច្បាប់ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៉ី លើការប្រមាថអង្គព្រះមហាក្សត្រ

ក្រសួងមហាផ្ទៃ បានចេញប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថមកលើអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាម្លប់ដ៏សុខដុមរបស់ប្រជារាស្ត្រខ្មែរ។

ក្រសួងមហាផ្ទៃបានចាត់ទុកថា «សំដីដ៏អសុរោះគ្មានសម្បជញ្ញៈរបស់ទណ្ឌិត សម រង្ស៊ី គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើព្រះកិត្តិនាម និងព្រះចេស្តារបស់អង្គព្រះមហាក្សត្រ ដែលព្រះអង្គគឺជាព្រះប្រមុខរដ្ឋប្រកបដោយទសពិធរាជធម៌ និង ជានិមិត្តរូបដ៏ឧត្តុង្គឧត្តមនៃឯកភាពជាតិ ក្នុងការធានានូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានការពារយ៉ាងដាច់ខាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលមិនអាចជនណារំលោភបំពានបានឡើយ»។
ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ជាធរមាន និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតចំពោះទង្វើដែលជាបទល្មើសថ្មីមួយទៀត ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ីដើម្បីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវយុត្តិធម៌ និងសច្ចៈធម៌ ព្រមទាំងចូលរួមការពារយ៉ាងរឹងមាំនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕

អត្ថបទទាក់ទង