ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលនឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជា រយៈពេល២ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកសារ 84
ស្វែងយល់ពីប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលនឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជា រយៈពេល២ថ្ងៃ ស្វែងយល់ពីប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលនឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជា រយៈពេល២ថ្ងៃ

ក្រសួងការបរទេស កម្ពុជា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នឹងដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីឡាវ នឹងត្រូវ ជួបពិភាក្សាការងារគ្នាដោយផ្ទាល់ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយជុំវិញ បញ្ហាព្រំដែនរវាងប្រទេសជិតខាង ទាំងពីរ។

ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់លោក ស៊ីស៊ូលីត៖

លោក ថងលូន ស៊ីស៊ូលីត គឺជាអ្នកនយោបាយឡាវមួយរូប ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឡាវ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។ មិនតែប៉ុណ្ណោះលោកក៏ជាសមាជិក លំដាប់លេខរៀងទី៤ នៃការិយាល័យនយោបាយរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។

ជីវិត, ការងារ, ការអប់រំ និងនយោបាយ

លោក ស៊ីស៊ូលីត កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Houa Phan ប្រទេសឡាវ។ លោកបានសិក្សានៅឯសាលាគរុកោសល្យ Neo Lao Hak Sat ក្នុងខេត្ត Houa phan ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ១៩៦៩។ លោកបានទៅបន្តការសិក្សានៅអតីតសហភាពសូវៀត និងប្រទេសវៀតណាម ហើយបរិញ្ញាបត្រធំៗ ដែលលោកទទួលបាននោះគឺ បណ្ឌិតខាងទស្សនៈវិជ្ជា និងអនុបណ្ឌិតអក្សរសាស្ត្រ និងអក្សរសិល្ប៍។ ដោយឡែកក្រៅពីភាសាឡាវ លោក ស៊ី ស៊ូ លី ត ក៏អាចនិយាយភាសារុស្ស៊ី វៀតណាម និងអង់គ្លេសផងដែរ។

លោក ស៊ីស៊ូលីត បានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសឡាវ នៅឆ្នាំ១៩៨៧ ហើយក្រោយមកទៀតកាន់តំណែងជារដ្ឋមន្ត្រីការងារ និងសុខមាលភាព សង្គម ព្រមទាំងជាប្រធានគណៈកម្មាធិការកិច្ច ការការបរទេស នៃសភាជាតិឡាវ។

ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ លោក ស៊ីស៊ូលីត បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានគណៈកម្មាធិការផែនការរដ្ឋ។ ពីឆ្នាំ២០០៦ ដល់ដើមឆ្នាំ២០១៦ លោកបម្រើការងារជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយរហូតដល់ខែមេសា ឆ្នាំ២០១៦ ទើបលោក ថងលូន ស៊ីស៊ូលីត ក្លាយជានាយករដ្ឋមន្ត្រីឡាវមកទល់សព្វថ្ងៃ។

ប្រទេស​ឡាវ ​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ខាងក្រោម​ជា​ស្ថានភាព​ទូទៅនៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​នេះ៖

  • ឈ្មោះ​ជាផ្លូវការ​៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
  • រដ្ឋធានី៖ វៀងច័ន្ទ
  • ភាសា​ផ្លូវ​ការ​៖ ភាសាលាវ
  • របបដឹកនាំ៖ សាធារណរដ្ឋសង្គមនិយម
  • រដ្ឋាភិបាល៖ ក្រោម​ការ​ដឹក​នាំ​ដោយ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី
  • ទទួលបាន​ឯករាជ្យ​ពី​បារាំង​៖ ថ្ងៃ​ទី ១៩ កក្កដា ១៩៤៩
  • ផ្ទៃ​ដី៖ ២៣៦ ៨០០ គីឡូម៉េត្រការ៉េ (លំដាប់ទី៨៣លើ​ពិភពលោក ក្នុង​នោះ​មាន​ផ្ទៃ​ទឹក​២%)
  • ចំនួនប្រជាជន៖ ៦ ៥២១ ៩៩៨ (លំដាប់ទី១០៦) (ស្ថិតិ​ឆ្នាំ​២០០៧)
  • ដង់ស៊ីតេ៖ ២៥នាក់​/ គីឡូម៉ែត្រ​ការ៉េ (លំដាប់​ទី​១១៧​លើ​ពិភពលោក)
  • រូបិយប័ណ្ណ៖ គីប (LAK)
  • កូដទូរស័ព្ទប្រទេស​៖ +៨៥៦

I. ប្រវត្តិសាស្ត្រ

ប្រទេស​ឡាវ មាន​ដើម​កំណើត​រដ្ឋ​ចេញ​ពី​រាជាណាចក្រ​លានជាង (មានន័យ​ថា​ដំរី​រាប់​លាន) ដែល​បាន​ក​កើត​ឡើង​នៅ​សត វត្សរ៍​ទី ១៤ នៃ​គ.ស. ដោយ​ព្រះ​ចៅ​ ហ្វាងុម។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូតដល់​​សតវត្សរ៍​ទី១៨ ​នៃ​គ.ស. តែ​ត្រូវ​បែក​បាក់​ជា ៣ រហូត​​ចុង​ក្រោយ​ត្រូវ​សៀម​ត្រួត​ត្រា។

នៅ​សតវត្សរ៍​ទី ១៩ ដែនដី​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ នៅ​ក្រោម​អាណាព្យាបាល​បារាំង វៀងច័ន្ទន៍​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​ឡាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី២ បាន​មួយ​រយៈ​ខ្លី ប្រទេសឡាវ ​​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ​ជា​អកុសល អាណាព្យាបាល​បារាំង​បាន​ត្រឡប់​មក​កាន់​កាប់​ដែនដី​នេះ​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០។ ប្រទេស ឡាវ​បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​នៅ​ឆ្នាំ ១៩៥៤ ដោយ​ប្រកាន់​​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

ក្នុង​សម័យ​សង្គ្រាម​វៀតណាម ​តំបន់​ភាគ​ខាង​កើត​របស់ប្រទេស​ឡាវ ធ្លាក់ក្រោម​ការ​​​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង ធ្វើ​​ជា​មូលដ្ឋាន​ជញ្ជូន​សព្វាវុធ​ និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​​ដើម្បី​​ត​ទល់​នឹង​កង​ទ័ព​វៀតណាម​ខាង​ត្បូង​។ ជា​ការ​ឆ្លើយ​តប អាមេរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​​ប្រឆាំង​របប​កុម្មុយនិស្ត​។ ទីបំផុត​​រដ្ឋប្រហារ​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ហើយ​​សង្គ្រាម​ស៊ីវិល​រវាង​រាជរដ្ឋាភិបាលឡាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។

នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង ​ជាមួយ​នឹង​អាវុធ​ទំនើប​ៗ បាន​បើក​ការ​វាយ​ប្រហារ​​មក​លើ​​កងទ័ព​ឡាវ ព្រមទាំង​ដាក់​ពង្រាយ​ទ័ព​មួយ​ផ្នែក​ធំ​នៃ​ផ្ទៃ​ប្រទេស​ ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង ​ក្នុង​ប្រទេស​ឡាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវ​លំ​ហូជីមិញ។ តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ ការ​​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក ​នៅ​​លើ​ទឹកដី​នៃ​ប្រទេស​ឡាវ​​ពី​ឆ្នាំ​១៩៧១ ដល់១៩៧៣ ច្រើន​ជាង​គ្រាប់​បែក​ដែល​​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​អំឡុង​​សង្គ្រាម​លោក​លើក​ទី២ ​សរុប​ចំនួន​​២លាន​តោន។

នៅ​ទី​បំផុត​នៅ​ឆ្នាំ១៩៧៥ ចលនា​​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​ និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​​ជម្នះ​លើ​រដ្ឋាភិបាល​រាជា​និយម​ បង្ខំ​ឲ្យ​ព្រះ​រាជា​ដាក់​រាជ្យ ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​គត់​ព្រះ​អង្គ​។ ​ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​ ប្រទេស​ឡាវ​បាន​លុប​បំបាត់​របប​រាជា​និយម ព្រមទាំង​ប្រែ​​ឈ្មោះ​ថ្មីថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ហើយ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលផ្តល់ឱ្យវៀតណាមនូវសិទ្ធិ​ក្នុង​ការ​ដាក់​ពង្រាយ​​កម្លាំង​ប្រដាប់​អាវុធ និងតែងតាំងទីប្រឹក្សាលើ​ប្រទេសឡាវ។

នៅក្នុងកាសែតដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩០ សកម្មជនសិទ្ធិមនុស្ស Vang Pobzeb បាន​សរសេរ​ថា​ ឡាវ ធ្លាក់​ក្រោម​អាណានិគម​វៀតណាម ចាប់​តាំង​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៥ ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​វៀតណាម​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង និង​ខាងក្រៅ។ តាមរយៈសន្ធិសញ្ញា​រវាង​ឡាវ និង​វៀតណាម ឆ្នាំ​១៩៧៧ មិន​ត្រឹម​តែ​ផ្តល់​សិទ្ធ​ដោយ​ផ្ទាល់​ដល់​វៀតណាម ក្នុងគោលនយោបាយ​ការ​បរទេស​ប៉ុណ្ណោះ​ទេ ប្រទេស​វៀតណាម​ថែម​ទាំង​សិទ្ធ​ក្នុង​ការលូក​ដៃ​ក្នុង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​គ្រប់​កម្រិត​ផងដែរ។ ​​

ក្នុង​ឆ្នាំ​១៩៧៩ ប្រទេសឡាវ ត្រូវបានស្នើសុំ​ឱ្យ​បញ្ចប់​ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលនាំឱ្យ​ប្រទេស​នេះ​ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនាក់​ជាមួយ​ប្រទេសចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ នៅឆ្នាំ​១៩៧៩ នៅ​លើ​ទឹកដី​ឡាវ មានកងទ័ពវៀតណាមចំនួន៥០​ពាន់​នាក់ មន្ត្រីវៀតណាមស៊ីវិលជាង៦​ពាន់​នាក់នាក់ ក្នុងនោះ​១ពាន់នាក់​ បាន​លូក​ដៃ​ដោយ​ផ្ទាល់​ទៅ​​ក្នុង​ក្រសួងនានា​នៃ​រដ្ឋាភិបាល​ទីក្រុងវៀងចន្ទន៍។

II. ស្ថានភាព​ភូមិសាស្ត្រ និង​អាកាសធាតុ

ប្រទេស​​ឡាវ ​មាន​ព្រំ​ដែន ខាង​ជើង​ឆៀង​ខាង​លិច​ជាប់​ប្រទេស​ចិន និង មីយ៉ាន់ម៉ា ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​ថៃ។ ប្រទេស​ឡាវ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។
ស្ថាន​ដី​ប្រទេស​នេះ​សម្បូរ​ដោយ​​ភ្នំ​ និង​ខ្ពង់​រាប និង​​ជា​ជម្រក​របស់​សត្វ​ព្រៃ​កម្រៗ​ជា​ច្រើន។ ប្រទេស​ឡាវ​ ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ប្រទេស​នៅ​តំបន់ត្រីកោណមាស​ដោយ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អាភៀន​ប្រមាណ៣៧០០ ហិកតា​នៅ​ឆ្នាំ២០០៧។ ប្រទេស​​នេះ ​ស្ថិត​នៅ​តំបន់ត្រូពិច​ ទទួល​ឥទ្វិពល​របប​ខ្យល់​រដូវ ​មាន​រដូវ២ គឺរដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​វិច្ឆិកា និង​រដូវ​ប្រាំង​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា។ ប្រទេស​ឡាវ​​ចែកចេញជា ១៦ខេត្ត និង​មាន​រដ្ឋធានី​នៅវៀងចន្ទន៍។

III. សេដ្ឋកិច្ច

សេដ្ឋកិច្ច​ឡាវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជិត​ខាង។ ប្រទេស​នេះ​ពុំសូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ឡើយ ជាក់ស្តែង​សូម្បី​ផ្លូវ​ដែក​ក៏​គ្មាន​ផងដែរ។ នៅ​តំបន់​ជនបទ ការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​​នៅ​មាន​កម្រិត។ ផលិតផល​ក្នុង​ស្រុក​ពាក់​កណ្ដាល បាន​ពី​វិស័យ​កសិកម្ម ត្រូវ​បាន​​ប្រើ​ប្រាស់​ដោយ​​ប្រជាជន​ ៨០% ។ ប្រទេស​ឡាវ​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍​តិច​ជាង​គេ​នៅ​ក្នុង​មហាអនុតំបន់មេគង្គ។ ជាក់​ស្តែង​ផ្ទៃ​ដី​ដាំ​ដុះ​មាន​តែ ៤,០១% ប៉ុណ្ណោះដោយ​ក្នុងនោះ​​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍ មាន​តែ ០,៣៤% ប៉ុណ្ណោះ ដោយ​ស្រូវ​ជា​ដំណាំ​សំខាន់​ជាង​គេ។

សេដ្ឋកិច្ច​ឡាវ​ទទួល​ជំនួយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ប្រភព​​​ថវិកា​អន្តរជាតិ​ដទៃ​ទៀត​ ក៏​ដូច​ជា​​ការ​វិនិយោគ​ទុន​ពី​បរទេស​។ វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ប្រទេស​ឡាវ។ ​យ៉ាងនេះ​ក្តី សេដ្ឋកិច្ច​ឡាវ រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ពី​បាតុភូត​លំហូរ​ចេញ​នូវ​ធន​ធាន​មនុស្ស។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០៥ របស់​ធនាគារពិភពលោក បាន​ឱ្យ​ដឹង​ថា​ ៣៧% នៃ​អ្នក​ចេះ​ដឹង​​​របស់​ប្រទេស ​ឡាវ​ សម្រេច​ចិត្ត​ទៅ​រស់​នៅ​បរទេស។

IV. ប្រជាជន​

​ប្រជាជន​ឡាវ​ ៦៩% ជា​ជន​ជាតិ​លាវ។ ក្រុម​ជនជាតិ​មួយ​​នេះ​កាន់​កាប់​តំបន់​ទំនាប និង​ដើរ​តួ​នាទី​ចម្បង​ក្នុង​វិស័យ​នយោបាយ ​និង​វប្បធម៌។ ជន​ជាតិ​លាវ​ស្ថិត​ក្នុង​អម្បូរ​ ​ជនជាតិ​តៃ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ចិន​។ អ្នក​ស្រុក​ភ្នំ ​និង​ជន​ជាតិ​ភាគ​តិច​នៅ​ប្រទេស​ឡាវ​ ​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​ឡាវ។ កុលសម្ព័ន្ឋ​​ចម្រុះ​ជាតិ​សាសន៍ វប្បធម៌​ និង​ភាសា ​នៅ​មាន​ជីវិត​នៅ​តំបន់​​ភាគ​ខាង​ជើង​នៃ​ប្រទេស រួម​មាន​ជន​ជាតិ​លួ និង​ជន​ជាតិ​ឃ្មុ ដែល​ជា​ជន​ជាតិ​ដើម​​ឡាវ។ បច្ចុប្បន្ន ជន​ជាតិ​លួ​ ស្ទើ​តែ​​ជិត​ផុត​ពូជ​ទៅ​ហើយ។ ចំណែក​ក្រុម​ជន​ជាតិ​ចិន ​និង​វៀតណាម ​ច្រើនរស់នៅ​តាម​​ទី​ក្រុង។

V. វប្បធម៌

ភាសា​ផ្លូវ​ការ​នៅ​ឡាវ​គឺ​ភាសា​លាវ ដែល​ស្ថិត​ក្នុង​អំបូរ​ភាសា​តៃ។ ភាសាបារាំងដែល​មាន​ប្រើ​ជា​ទូទៅ​ក្នុង​​ជួរ​​រដ្ឋាភិបាល​ និង​ពាណិជ្ជកម្ម បាន​ចុះ​ទន់​ខ្សោយ​បន្ដិច​ម្ដងៗ ខណៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស កាន់​តែ​ពេញ​និយម។

ព្រះ​ពុទ្ឋសាសនា​ថេរវាទ​មាន​ឥទ្ឋិពល​ជា​ចម្បង​ដល់​វប្បធម៌ឡាវ ដែល​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ភាសា សិល្បៈ អក្សរសាស្ត្រ ជា​ដើម។ យ៉ាង​នេះ​ក្ដី វប្បធម៌​ដើម​របស់​ឡាវ​​មួយ​ចំនួន​ដែល​មាន​ជីវិត​តាំង​ពី​​មុន​ការ​មក​ដល់​នៃសាសនា​ព្រះ​​ពុទ្ឋ​សាសនា​នៅ​តែ​ត្រូវ​បាន​បន្ត​ថែរក្សា​ដល់​បច្ចុប្បន្ន ដូច​ជា គែន ដែល​ជាឧបករណ៍​តន្ត្រី​របស់​ជាតិ មាន​កំណើត​តាំង​ពី​បុរេប្រវត្តិ​មក​ម៉្លេះ។ សូម​ជម្រាប​ថា ប្រទេស​ឡាវ ​មាន​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ២ គឺ ហ្លួង​ព្រះ​បាង​ និង​វត្តភូ។

ដោយ​ស្រូវ​ជា​អាហារ​ចម្បង​នៅ​ប្រទេសឡាវ ទើប​មាន​ពិធី​សាសនា​ និង​ប្រពៃណី​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​បង្ក​បង្កើន​ផល​ស្រូវ។ ជាក់ស្តែង អ្នក​ស្រែ​ជន​ជាតិ​ឃ្មុ​នៅ​ហ្លួង​ព្រះ​បាង តែង​ដាំ​ស្រូវ​ប្រភេទ​ខាវកាំ​ក្នុង​បរិមាណ​តិច​តួច​មួយ​នៅ​ក្បែរ​ខ្ទម​ ជា​ការ​រំលឹក​គុណ​ដល់​មាតា​បិតា​របស់​គេ​ដែល​បាន​ចែក​ឋាន​ទៅ ឬ​ក៏​ដាំ​នៅ​ក្បែរ​ភ្លឺ​ស្រែ​ដើម្បី​បញ្ជាក់​ថា មាតា​បិតា​របស់​គេ​នៅ​មាន​ជីវិត៕

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង