ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ អាមេរិក! សូមកុំព្យាយាមកាឡៃការពិតការពារជនក្បត់ជាតិ កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 29
លិខិតមិត្តអ្នកអាន៖ អាមេរិក! សូមកុំព្យាយាមកាឡៃការពិតការពារជនក្បត់ជាតិ កឹម សុខា លិខិតមិត្តអ្នកអាន៖ អាមេរិក! សូមកុំព្យាយាមកាឡៃការពិតការពារជនក្បត់ជាតិ កឹម សុខា

អាមេរិកដែលជាឪរបស់ក្រុមប្រឆាំងនៅកម្ពុជាម្តងហើយម្តងទៀតតែងតែបំពានលើអធិបតេយ្យជាតិ របស់កម្ពុជាជារដ្ឋឯករាជ្យនិងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលផ្ទុយពីគោលការណ៍ ជាសារវ័ន្តនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលកម្ពុជា និងសហរដ្ឋអាមេរិករួមនឹងប្រទេសជាសមា ជិកដទៃទៀតត្រូវតែគោរពប្រតិបត្តិតាម។ ទំនងប្រហែលជាអាមេរិកស៊ីលៀសរអៀសខ្លួនហើយមើលទៅ ឬមានអារម្មណ៍ថាខ្លាចប្រវត្តិសាស្ត្រចារឈ្មោះខ្លួនជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌បរាជ័យនៅកម្ពុជា បានជា នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០១៩ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានផ្សព្វផ្សាយនូវសាររបស់អ្នកនាំពាក្យ សេតវិមានលោកស្រីម៉កហ្គាន អូតហ្គ័ស (Morgan Ortagus) ដែលនិយាយពីខួប ២ ឆ្នាំនៃការចាប់ខ្លួនជនក្បត់ជាតិ កឹម សុខា ដោយបានលើកឡើងជាដដែលៗថា ការចាប់ខ្លួនជនក្បត់ជាតិ កឹម សុខា និងការរំលាយគណបក្សលក់ខ្លួនឱ្យបរទេស គឺគ្មានភស្តុតាងណាមួយដែលគួរឱ្យទុកចិត្ត និងបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹង កឹម សុខា និងស្តារសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋឱ្យ កឹម សុខា វិញ។

ជាថ្មីម្តងទៀតនេះ គឺជាការឥរិយាបថដ៏គឃ្លើនរបស់ប្រទេសមួយដែលតាំងខ្លួនជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែបាននិងកំពុងតែរំលោភលើច្បាប់អន្តរជាតិនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យនិងឯករាជ្យមួយ។ ទង្វើនេះក៏ជាការព្យាយាមលាងខ្លួនចេញពីករណីឃុបឃិតជាមួយបរទេស ក្បត់ជាតិរបស់ កឹម សុខា និងគណបក្សដែលខ្លួនប្រើប្រាស់ ដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ដើម្បីលាងសម្អាតកេរ្តិ៍ឈ្មោះខ្លួនចេញពីភាពបរាជ័យនៃផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបតាមបែបមិនប្រជាធិបតេយ្យដែលអនុវត្តដោយខ្មោចគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅ ហើយត្រូវបានវាយកម្ទេចដល់ឫសគល់។ ចំណែកអ្នកប្រវត្តិសាស្ត្រ ក៏អាចបន្តអង្គុយសរសេរពីបទពិសោធបរាជ័យដ៏អាម៉ាស់នៃផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបនៅកម្ពុជាគាំទ្រដោយអាមេរិកផងដែរ។

តាមពិតទៅ សារដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Morgan Ortagus គឺជាភាសាដដែលៗដែលនិយាយ ដោយក្រុមប្រឆាំងក្បត់ជាតិ និងបន្ទរតាមដោយក្រុមមន្ត្រីបរទេសមួយចំនួន ហើយគេពិតជាដឹងច្បាស់អំពីគោលបំណងនៃការបញ្ចេញសារទាំងនេះ ក្នុងសំឡេងតែមួយក៏ព្រោះតែដើម្បីជួយសង្គ្រោះអាយ៉ាងរបស់ខ្លួនផងនិងចង់លាងសម្អាតកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួនផង។ ទាំងមន្ត្រីនៃរដ្ឋាភិបាលអាមេរិក រួមនឹងសមាជិកសភា ព្រឹទ្ធសភាអាមេរិកមួយចំនួនបានបន្តជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងគឃ្លើនក៏ព្រោះតែពួកគេយល់ថា ត្រូវស្រោចស្រង់នូវកេរ្តិ៍ឈ្មោះរបស់អាមេរិកឡើងវិញ។ ស្រោចស្រង់ពី ព្រោះតែផែនការបដិវត្តន៍ពណ៌ដែលអាមេរិកគាំទ្រនៅប្រទេសនានាអនុវត្តបានជោគជ័យ ប៉ុន្តែត្រូវបរាជ័យយ៉ាងអាម៉ាស់នៅកម្ពុជាដោយសារតែស្នាដៃ កឹម សុខា មានមាត់អត់គម្រប។ បេសកកម្មរបស់អាមេរិកគឺធ្វើយ៉ាងណាឱ្យកឹម សុខា ត្រូវបានលើកលែងការចោទប្រកាន់ និងគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ទើបអាចលាងជម្រះនូវ កេរ្តិ៍ឈ្មោះរបស់ខ្លួនបាន ពោលគឺប្រើវិធីសាស្ត្របំភ្លៃការពិតដោយចាត់ទុក កឹម សុខា ជាមនុស្សមិនមានកំហុស ហើយខ្មោចគណបក្សសង្គ្រោះជាតិត្រូវតែរស់ឡើងវិញ។ ហេតុដូច្នេះហើយបានជា សហរដ្ឋអាមេរិករួមនឹងសម្ព័ន្ធមិត្ររបស់ខ្លួន សហភាពអឺរ៉ុបត្រូវអនុវត្តនូវគោលការណ៍នេះ និងខិតខំធ្វើច្បាប់នេះ ធ្វើច្បាប់នោះ ដាក់សម្ពាធផ្សេងក្នុងបំណងដើម្បីស្តារមុខមាត់ខ្លួនឡើងវិញ ហើយការអះអាងថា ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជាឡើងវិញគ្រាន់តែជាការបង្កើតលេសដើម្បីឱ្យពួកគេអាចលូកដៃ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាតែប៉ុណ្ណោះ។

កម្ពុជាមិនដែលបានចោទអាមេរិកឡើយ ប៉ុន្តែ កឹម សុខា កូនសិស្សល្អរបស់ខ្លួន ដែលបាននិយាយប្រកបដោយអំនួតថា «អាមេរិកគឺជាអ្នកនៅពីក្រោយផែន ការផ្លាស់ប្តូររបបរបស់ខ្លួន»។ ពេលដែលបានស្តាប់សម្តីរបស់កឹម សុខា ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីការទូត រួមនឹងមន្ត្រីសង្គមស៊ីវិលមួយចំនួនពិតជាហួសចិត្ត គ្រវីក្បាលដូចស្រាំងទិចព្រោះនេះជាភស្តុតាងយ៉ាង ច្បាស់បញ្ជាក់ថា កឹម សុខា បាននិងកំពុងឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា។ ការចាប់ខ្លួននិងចោទប្រកាន់ កឹម សុខា ដោយតុលាការកម្ពុជា ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដោយយោងតាមវីដេអូឃ្លីដែលកឹម សុខា បានថ្លែងសន្ទរកថានៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៣ គឺដើម្បីទប់ស្កាត់ការឡើងកាន់អំណាច មិនតាមគន្លងប្រជាធិបតេយ្យ និងការទាញកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីក្រោមពាក្យស្លោក «ការផ្លាស់ប្តូរជាវិជ្ជមាន» ឬ«ការផ្លាស់ប្តូរដោយអហិង្សា» ដែលជាទ្រឹស្តីការផ្លាស់ប្តូររបបដឹកនាំតាមបដិវត្តន៍ពណ៌អនុវត្ត តាមទ្រឹស្តីរបស់មេទស្សនៈវិទ្យានយោបាយ ជីន សាប ហើយត្រូវបានអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេស យូហ្គោស្លាវី និងស៊េបប៊ី។ ដូច្នេះមន្ត្រីនាំពាក្យ សេតវិមាននិងមន្ត្រីអាមេរិកផ្សេងទៀតកុំព្យាយាមធ្វើមិនដឹងមិនឮពីភស្តុតាង ជាក់ស្តែងមិនអាចប្រកែកបានដែលធ្វើសារភាពដោយកឹម សុខាផ្ទាល់ នេះមិននិយាយពីភស្តុតាងជាច្រើន ទៀតដែលថ្នាក់ដឹកនាំ និងបក្សសង្គ្រោះជាតិបានឃុបឃិតជាសម្ងាត់ជាមួយបរទេសនាពេលកន្លងទៅ។

តើលោកស្រី Morgan Ortagus និងមន្ត្រីអាមេរិកផ្សេងទៀតមានដឹងទេថា កឹម សុខា និយាយសារភាពអ្វីខ្លះពីផែនការបដិវត្តន៍ពណ៌ដែលរដ្ឋបាលអាមេរិកមុនៗបានជួយ កឹម សុខា?
កឹម សុខា បានថ្លែងថា ៖ «តាំងពីឆ្នាំ ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឲ្យ យល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗ អោយខ្ញុំទៅអាមេរីម្តងតាំងពីឆ្នាំ ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថាដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ តើគេឲ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រ របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយក ម៉ូឌែលតាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រ ហ្នឹង ហើយគេយកបទពិសោធន៍ ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។….ឥឡូវនេះមានប្រទេសមហាអំណាចមួយខាងលទ្ធិប្រជាធិបតេយ្យ គេកំពុងជួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំនូវគោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្សដើម្បីត្រៀមទៅដឹកនាំប្រទេស។ …ខ្ញុំផ្ទាល់ ក៏ត្រូវបានការគាំទ្រពីរដ្ឋាភិបាលអាមេរិកជាថវិកាដើម្បីបណ្តុះនូវលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ៥ ឆ្នាំហើយ ហើយថ្ងៃនេះ លទ្ធផលដែលបានមកអំពីការជួយរបស់ប្រជាពលរដ្ឋអាមេរិក បានធ្វើឱ្យប្រជាជនខ្មែរក្រោកឈរឡើងហើយបងប្អូន»។

សម្តីរបស់កឹម សុខា ដែលលើកឡើងនៅពេលនោះគឺក្នុងនាមជាអនុប្រធានគណបក្សសង្គ្រោះជាតិ គឺជាភស្តុតាងដ៏សំខាន់ដែលមិនអាចប្រកែកបានអំពីការចំណុះរបស់គណបក្សនេះទៅនឹងបរទេស ហើយ ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសក្នុងការរៀបចំ និងចាត់តាំងអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមទម្រង់បដិវត្តន៍ពណ៌ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីជ្រោកក្រោមលេសនៃការផ្លាស់ប្តូរជាវិជ្ជមាន និងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តីខាងលើរបស់កឹម សុខា ក្នុងនាមជាអនុប្រធានគណបក្សសង្គ្រោះជាតិក៏ជាសក្ខីកម្មយ៉ាងពិប្រាកដមិនអាចប្រកែកបានថា ការធ្វើសកម្មភាពនានាកន្លងមករបស់គណបក្សសង្គ្រោះជាតិ រួមនឹងថ្នាក់ដឹកនាំនៃគណបក្សនេះផងគឺគ្រាន់តែជាការអនុវត្តផែនការឃុបឃិតគ្នាជាមួយបរទេសជាសម្ងាត់ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ដូចប្រទេសយូហ្គោស្លាវី។ ទោះបីជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែការចោទប្រកាន់អំពីភាពមិនត្រឹមត្រូវនៃការបោះឆ្នោត ត្រូវបានបង្កើតឡើងបានជាលេសនិងធ្វើជាហេតុផលសម្រាប់ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តផែនការសម្ងាត់ក្នុងការធ្វើបដិវត្តន៍ពណ៌ដោយឃុបឃិតគ្នាជាមួយបរទេសតែប៉ុណ្ណោះ។

ចំណុចកត់សម្គាល់គឺ កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិនៅពេលដែលនិយាយដោយចំហចំៗថា «សហរដ្ឋអាមេរិកជាអ្នកជួយ និងឱ្យលោកអនុវត្តផែនការដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដោយយកគំរូតាមយូហ្គោស្លាវី និងស៊ែបប៊ី»។ ហើយជាមួយគ្នានេះ សាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានថ្លែងបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកក៏ជាសក្ខីកម្ម ទទួលស្គាល់អំពីការអនុវត្តនយោបាយប្តូររបបដឹកនាំនៃរដ្ឋបរទេស និងបានប្រកាសសន្យាថានឹងបញ្ឈប់អនុវត្តនូវនយោបាយដូររបបដឹកនាំនៃរដ្ឋបរទេសបន្តទៀតហើយដោយក្នុងសារនោះលោក ដូណាល់ ត្រាំ បានថ្លែងថា «យើងនឹងបន្តគោលនយោបាយការបរទេសថ្មីដែលទីបំផុតរៀនពីកំហុសឆ្គងពីអតីតកាល។ យើងនឹងបញ្ឈប់ការព្យាយាមផ្តួលរំលំរបបនិងការផ្តួលរំលំរដ្ឋាភិបាលនានា»។

សកម្មភាពជាច្រើនដែលត្រូវបានអនុវត្តកន្លងមកដោយ កឹម សុខា ក៏ដូចជាមន្ត្រីនៃគណបក្សសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិគឺជាការអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេសក្នុងការ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌។ សកម្មភាពទាំងនេះ ក្រោយមកត្រូវបានបញ្ជាក់ដោយទណ្ឌិត សម រង្ស៊ី ដែលថាខ្លួនក៏ជាមេចលនាបដិវត្តន៍ពណ៌មួយរូបដែរ ហើយសារជាច្រើនរបស់សម រង្ស៊ី ដែលបាននិយាយនៅតាមប្រទេសផ្សេងៗជាមួយសកម្មជនរបស់ខ្លួន និងផ្តល់បទសម្ភាសនាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរហូតមកទល់ពេលនេះគឺបាននិងកំពុងតែអនុវត្តផែនការបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវតែចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត។ លើសពីនេះភស្តុតាង ដែលលោក គង់ គាំ បានឆ្លើយប្រាប់តុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា ក៏បានបញ្ជាក់ថា អតីតគណបក្ស សង្គ្រោះជាតិបានប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីឡើងក្តាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ចំណែក កឹម មនោវិទ្យា ជាកូនស្រីកឹម សុខា ក៏បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនូវទំនាក់ទំនងជាយូរអង្វែងរវាងឪពុកខ្លួន គណបក្សសង្គ្រោះជាតិជាមួយនឹងមន្ត្រីនៃរដ្ឋាភិបាល រដ្ឋសភាអាមេរិកផងដែរ។ កឹម សុខា ខ្លួនឯងក៏ជាអ្នកនិយាយផ្ទាល់ថាអ្នកណានៅពីក្រោយ អ្នកណាជាអ្នកផ្ដល់យុទ្ធសាស្ត្រ ហើយអ្នកណាជាអ្នកឧបត្ថម្ភ។ តើនេះមិនមែនជាភស្តុតាងគ្រប់គ្រាន់ទេឬ?

សូមមន្ត្រីអាមេរិកកុំព្យាយាមបំភ្លៃភស្តុតាង និងបង្វែរសំណុំរឿងពាក់ព័ន្ធរបស់ខ្លួន។ ភស្តុតាងពិតជាមានគ្រប់គ្រាន់ ទើបច្បាប់កម្ពុជាចាប់ជនក្បត់ជាតិ កឹម សុខា ទាំងកណ្តាលអាធ្រាតព្រោះបើទុកបុគ្គលនេះឲ្យមានសេរីភាព នោះបុគ្គលនេះនឹងបន្តអនុវត្តផែនការតាមចៅហ្វាយនាយបរទេសរបស់ខ្លួន។ តើមន្ត្រីអាមេរិកពិតជាឈឺចាប់ណាស់ទៅឬ ដែលឃើញអាយ៉ងរបស់ខ្លួនត្រូវបានចាប់ខ្លួន និងឃុំខ្លួនព្រោះសំណុំរឿងឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ? ជាការពិត អាមេរិកក្នុងនាមជាម៉ែឪរបស់បក្សប្រឆាំងជាពិសេសអាណាព្យាបាលនយោបាយរបស់ កឹម សុខា ពិតជាមិនសុខចិត្តឡើយពេលឃើញអាយ៉ងរបស់ខ្លួនត្រូវចាប់វាយខ្នោះ ហើយផែនការបដិវត្តន៍ពណ៌ត្រូវបានបរាជ័យ។ ពិភពលោកបានដឹងយ៉ាងច្បាស់ហើយថា កន្លងមកមានការផ្លាស់ប្តូររបបដឹកនាំ និងរដ្ឋាភិបាលជាច្រើននៅតាមបណ្តាប្រទេសមួយចំនួនចាប់ពីអុយគ្រែន រហូតដល់អ៊ីរ៉ាក់ លីប៊ី និងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា ហើយការផ្លាស់ប្តូរនេះតាមរយៈបដិវត្តន៍ពណ៌ ធ្វើឡើងដោយមានការគាំទ្រពីអាមេរិក។ កម្ពុជាធ្លាប់បានស្គាល់រសជាតិនៃការផ្លាស់ប្តូររបបនេះកាលពីថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ដែលគេដឹងថាទីភ្នាក់ងារសម្ងាត់ CIA បានគាំទ្រលើការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាំឱ្យ លន់ នល់ឡើងគ្រប់គ្រងប្រទេសនិងទាញកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល ហើយ បច្ចុប្បន្ន ប្រទេសមួយចំនួនដែលទទួលរងនូវផែនការបដិវត្តន៍ពណ៌នេះក៏កំពុងតែទទួលរងគ្រោះដូចកម្ពុជាពីអតីតកាលផងដែរ។

កម្ពុជាពេលនេះនិងតទៅទៅថ្ងៃអនាគតមិនត្រូវការការផ្លាស់ប្តូររបបតាមទម្រង់បដិវត្តន៍ពណ៌នោះទេ ហើយក៏មិនត្រូវការការបំផ្លិចបំផ្លាញ និងការឈឺចាប់ខ្លោចផ្សាដូចពីអតីតកាលឡើយ។ កម្ពុជាពិតជាឆ្អែតឆ្អន់នឹងការផ្លាស់ប្តូរបែបមិនប្រជាធិបតេយ្យនេះហើយ។ ដូច្នេះសូមមន្ត្រីអាមេរិកបោះបង់ចោលគំនិត ដ៏អាក្រក់នេះទៅ និងកុំព្យាយាមទាញកម្ពុជាចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយដែលអាមេរិកកំពុងតែ លេង និងបញ្ឈប់ការលាបពណ៌កម្ពុជាគ្រប់បែបយ៉ាងតទៅទៀត និងបញ្ឈប់ការប្រើប្រាស់លេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីគាបសង្កត់កម្ពុជា! កម្ពុជាពេលនេះជាកម្ពុជាស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ហើយសន្តិភាពដែលកម្ពុជាមាន គឺបានឆ្លងកាត់នូវពលីកម្មយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រោងទង់ការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារឯករាជ្យជាតិខ្មែរដោយទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបាន និងទោះក្នុងតម្លៃណាក៏ដោយ មិនយកអធិបតេយ្យជាតិទៅប្តូរជាមួយជំនួយ និងការគាំទ្រណាមួយឡើយ។ កម្ពុជាបានប្រកាន់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន។ ប្រទេសទាំងអស់រាប់ទាំងសហរដ្ឋអាមេរិកក៏ជាមិត្តរបស់កម្ពុជា ជាមិត្តដែលមានទំនាក់ទំនងការទូតគោរពគ្នាទៅ វិញទៅមកដោយស្នើភាព និងស្មើសិទ្ធិ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩

អត្ថបទទាក់ទង