ខ្មែរប៉ុស្ដិ៍ Close

ការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចលើប្រទេសតូចជាអំពើអយុត្តិធម៌បំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
ការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចលើប្រទេសតូចជាអំពើអយុត្តិធម៌បំផុត ការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាចលើប្រទេសតូចជាអំពើអយុត្តិធម៌បំផុត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសមហាអំណាច ទៅលើប្រទេសតូចៗ គឺជារឿងអយុត្តិធម៌ជាទីបំផុត ព្រោះថាទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសមួយនោះទេ ពោលគឺប៉ះពាល់ដល់ប្រទេសដែលជាដៃគូពាណិជ្ជកម្មផងដែរ។ ការអះអាងដូចគ្នានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្ដិភាព នាឱកាសលោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានបញ្ជាក់ថា នេះគឺជារឿងអយុត្តិធម៌ណាស់ ព្រោះប្រទេសតូច មិនអាចដាក់ទណ្ឌកម្មលើប្រទេសណាទេ ប៉ុន្ដែមានតែមហាអំណាចទេ ដែលដាក់ទណ្ឌកម្មលើគេ ហើយដាក់សម្ពាធឲ្យប្រទេសតូចមិនឲ្យមានសេរីភាព ទោះបីគេកំពុងនិយាយអំពីរឿងសិទ្ធិមនុស្ស អំពីសេរីភាពនោះទេ គេយកសិទ្ធិសេរីភាពរបស់យើង ដោយដាក់ទៅលើប្រទេសដៃគូពាណិជ្ជកម្មនេះជារឿងអយុត្តិធម៌ណាស់។ លោក មហាធា មហាម៉ាត់ បានសង្កត់ធ្ងន់ទៀតថា ការដាក់ទណ្ឌកម្មនេះធ្វើឲ្យប៉ះពាល់ មិនត្រឹមតែប្រទេសដែលរងទណ្ឌកម្មផ្ទាល់ទេ ប៉ុន្ដែប្រទេសផ្សេងទៀតផងដែរ ដែលអត់មានទំនាស់ជាមួយប្រទេសនោះទេ ប៉ុន្ដែត្រូវបានហាមឃាត់មិនឲ្យធ្វើធុរកិច្ចជាមួយប្រទេសនោះ ដោយសារតែការដាក់ទណ្ឌកម្មនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ជាមួយនឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង។ លោកបានចាត់ទុកថា វាពិតជាមានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសដៃគូពាណិជ្ជកម្ម និងប្រទេសដែលទទួលរងនូវទណ្ឌកម្មនោះ។ លោក បានបន្តថា យើងក៏មានការពិភាក្សាទាក់ទងការផ្លាស់ប្ដូរមតិទៅលើបញ្ហាមួយចំនួន ដូចជាបញ្ហា សមុទ្រចិនខាងត្បូង បញ្ហានៅរដ្ឋរ៉ាក់ខាញ បញ្ហាទាក់ទងជាមួយនឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ហើយនឹងបញ្ហាទណ្ឌកម្មរបស់ប្រទេសធំៗ ទៅលើប្រទេសមួយចំនួនទៀត ដែលវាមិនគ្រាន់តែជាទណ្ឌកម្ម ទៅលើប្រទេសទាំងនោះទេ ក៏ប៉ុន្ដែវាអាចជាទណ្ឌកម្មមកលើប្រទេសដែលមិនជាប់ពាក់ព័ន្ធ ដែលជាដៃគូនៃកិច្ចការងារជាមួយប្រទេសទាំងនោះ។

ចំពោះបញ្ហាអន្ដរជាតិនេះ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ក៏បានលើកឡើងអំពីការបញ្ហាសមុទ្រ នៅជុំវិញអាស៊ានផងដែរ ដូចជានៅច្រកសមុទ្រម៉ាឡាការ និងសមុទ្រចិនខាងត្បូង ដែលម៉ាឡេស៊ីជឿថា ច្រកសមុទ្រនេះគួរតែផ្ដល់សេរីភាព ក្នុងការធ្វើនាវាចរដោយគ្មានការហាមឃាត់ ឬប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស ដែលមានព្រំដែនជាប់សមុទ្រនេះទេ។

គួរជម្រាបថា តាមរយៈសេចក្ដីថ្លែងការណ៍រួម ក៏បានបង្ហាញផងដែរថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាការយកចិត្តទុកដាក់ និងជាកង្វល់រួមមានដូចជា កិច្ចសហប្រតិបតិ្តការក្នុងរង្វង់រដ្ឋសមាជិកអាស៊ាន បញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ការវិវត្តនៅរដ្ឋរ៉ាក់ខាញ ការប្រឆាំងអំពើភេវរកម្ម និងបញ្ហាសកលលោកនានា។ ដោយឡែក ចំពោះកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់ ថ្នាក់ដឹកនាំទាំងពីរយល់ស្របគ្នាថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងចូលរួមចំណែកដល់សមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងជួយការពារនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហេតុនេះចាំបាច់ត្រូវសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយនេះនៅក្នុងឆ្នាំនេះ៕