កិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ប្រធាន-អនុប្រធាន និងសមាជិក គ្រប់ គណៈកម្មការ និងអនុកម្មការ ទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំណែនាំបច្ចេកទេស ដើម្បីឱ្យដំណើរការស្រង់បូកពិន្ទុ ដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានអនុវត្តដោយភាពត្រឹមត្រូវតាមបច្ចេកទេសស្របតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើសូមបន្តគោរពបទបញ្ញត្តិ ចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចដោយការប្រុងប្រយ័ត្ន មិនត្រូវឱ្យបញ្ហាឆ្នាំមុនកើតឡើងសារជាថ្មី និងស្នើកុំប្រើប្រាស់ទូរសព្ទក្នុងករណីមិនចាំបាច់។ ជាមួយគ្នានេះដែរ បញ្ហាសុខភាពរបស់បុគ្គលិកអប់រំ ជាអាទិភាពខ្ពស់ ហេតុនេះ សូមមេត្តាមើលថែរសុខភាពឱ្យបានល្អ។ មិនតែប៉ុណ្ណោះ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការអប់រំគ្រប់ជាន់ថ្នាក់ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងការ ធ្វើឱ្យដំណើរសំណេរ និងកំណែកន្លងមកប្រព្រឹត្តទៅដោយជោគជ័យ។
សូមជម្រាប ថាដំណើរការសំណេរ និងកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដំណើរការទៅដោយភាពរលូនគ្មានបាតុភាពគួរឱ្យកត់សម្គាល់ណាមួយកើតឡើងឡើយ៕