ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សមត្ថកិច្ចនឹងអនុវត្តច្បាប់ ចំពោះការប្រមូលផ្ដុំទាំងឡាយណាដែលជ្រកក្រោមស្លាកគណបក្សដែលត្រូវរំលាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សមត្ថកិច្ចនឹងអនុវត្តច្បាប់ ចំពោះការប្រមូលផ្ដុំទាំងឡាយណាដែលជ្រកក្រោមស្លាកគណបក្សដែលត្រូវរំលាយ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ សមត្ថកិច្ចនឹងអនុវត្តច្បាប់ ចំពោះការប្រមូលផ្ដុំទាំងឡាយណាដែលជ្រកក្រោមស្លាកគណបក្សដែលត្រូវរំលាយ

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាជាថ្មី ឲ្យកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់យ៉ាងដាច់ខាត ចំពោះសកម្មភាពប្រមូលផ្ដុំមហាជនគ្រប់រូបភាព ដែលជ្រកក្រោមស្លាកគណបក្សនយោបាយណា ដែលត្រូវតុលាការកំពូលរំលាយចោល។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ទុកថា វិធានការរបស់សមត្ថកិច្ចត្រូវតែអនុវត្តជាដាច់ខាតនេះ ដើម្បីរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រទេសកម្ពុជា បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានអះអាងយ៉ាងដូច្នេះថា «សុំកុំនាំគ្នាធ្វើសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងប្រមូលផ្ដុំកម្លាំងមហាជនផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងវាអត់ត្រឹមត្រូវនោះទេ វាមិនមែនជាសិទ្ធិ ស្របតាមច្បាប់ជាធរមាន ប៉ុន្ដែគាត់មានបំណងមួយដើម្បីបំផ្លាញ […] សុខសន្ដិភាព ស្ថេរភាព គឺជាកត្តាកំណត់ ប៉ុន្ដែលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យើងនៅតែពង្រឹង អ្នកធ្វើខុសច្បាប់ ត្រូវអនុវត្តច្បាប់»។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសង្កត់ធ្ងន់ទៀតថា ប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យ កាលណាការធ្វើសកម្មភាពនយោបាយ ក្រោមស្លាកគណបក្សដែលស្របច្បាប់ គឺជាការត្រឹមត្រូវដែលរាជរដ្ឋាភិបាលលើកទឹកចិត្ត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្ដែការធ្វើខុសច្បាប់ មិនត្រូវបានអនុញ្ញាតឡើយ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានសង្កត់ធ្ងន់បែបនេះថា «ការប្រជុំទាំងឡាយណា ក្រោមស្លាកគណបក្សដែលត្រូវបានរំលាយដោយតុលាការកំពូល គឺជាការប្រជុំមិនត្រឹមត្រូវ មិនស្រប មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ បន្ថែមលើនេះការប្រជុំដើម្បីគាំទ្រនូវចលនាសង្គ្រោះជាតិ ដែលជាចលនាខុសច្បាប់ ក៏ជាការខុសច្បាប់។ ការប្រមូលផ្ដុំប្រជាជន ដើម្បីទៅប្រឆាំងផ្ដួលរំលំរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ក៏ខុសច្បាប់»។

យ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់ថា សមត្ថកិច្ចត្រៀមក្នុងរូបភាពណានោះទេ ប៉ុន្ដែលោកគ្រាន់តែបញ្ជាក់ថា ជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា គឺត្រូវធានាសុខ សន្ដិភាព ស្ថេរភាព ហើយធានាឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជារស់តទៅទៀត។

សូមជម្រាបថា ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរថា តើសមត្ថកិច្ចនឹងត្រៀមលក្ខណៈបែបណា ក្រោយពីទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹងវិលចូលប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ពោលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង