ខ្មែរប៉ុស្ដិ៍ Close

KOICA និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើសន្និសីទអន្តរជាតិស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាពនៅកម្ពុជា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
KOICA និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើសន្និសីទអន្តរជាតិស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាពនៅកម្ពុជា» KOICA និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើសន្និសីទអន្តរជាតិស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាពនៅកម្ពុជា»

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រួមជាមួយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) នឹងរៀបចំសន្និសីទអន្តរជាតិអន្តរជាតិមួយស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព» ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

សន្និសីទអន្តរជាតិរយៈពេល ៣ថ្ងៃនេះ នឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៨, ២៩ និង៣០ ខែសីហា ឆ្នាំ២០១៩ នៅសារមន្ទីរប្រល័យពូជសាន៍ទួលស្លែង នៅមជ្ឈមណ្ឌល Ecumenical Diakonia និងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា។ សន្និសីទអន្តរជាតិទទួលបានថវិកាឧបត្ថម្ភទាំងស្រុងពី KOICA។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសំណាក់ លោក គីម ជីមីន (Kim Ji Min) ឯកអគ្គរដ្ឋទូតស្តីទី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា, លោក ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា, លោកស្រី គីម ជីយូន (Kim Jiyoon) អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការកណ្តាលកយកា លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) នាយក ការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និង លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងអ្នកចូលរួមជាតិ និងអន្តរជាតិ ប្រមាណ ១៥០នាក់។

គោលបំណងនៃការប្រារព្ធសន្និសីទអន្តរជាតិនេះ ដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងបណ្ណសារដែលទាក់ទងនឹងអំពើប្រល័យពូជសាសន៍។ សន្និសីទនេះ នឹងអនុញ្ញាតឲ្យសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ១)- មានទំនាក់ទំនងជាមួយស្ថាប័នជាតិ ដែលមានសកម្មភាពទាក់ទងនឹង ប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ថាប័នស្រដៀងគ្នានៅជុំវិញពិភពលោក ព្រមទាំងបណ្តុះគំនិចផ្តួចផ្តើមកសាងសន្តិភាព, ២) ដើម្បីផ្លាស់ប្តូរទស្សនៈ របស់អន្តរជាតិលើបញ្ហាប្រឈមខាងក្រមសីលធម៌ តាមរយៈការធ្វើឌីជីថលបណ្ណសារពាក់ព័ន្ធនឹងអំពើឃាតកម្មប្រល័យពូជសាសន៍នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា សន្និសីទអន្តរជាតិស្តីពី «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព»នេះ នឹងធ្វើឡើងក្រោមប្រធានផ្សេងៗគ្នា ហើយនៅទីតាំងផ្សេងៗគ្នាផងដែរ។

ថ្ងៃទី១ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា៖ បទបង្ហាញខ្លីៗ ការប្រជុំតុមូល និងការពិភាក្សាអំពី «វិធីដើម្បីចូលរួមចំណែកដល់សន្តិភាព សច្ចភាព និងការផ្សះផ្សានៅកម្ពុជា» បន្ទាប់ពីនេះនឹងមានការទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯកដែលជាអតីតកន្លែងសម្លាប់មនុស្សនៅក្រៅរាជធានីភ្នំពេញ។

ថ្ងៃទី២ត្រូវនឹងថ្ងៃទី ២៩ ខែសីហា៖ គឺជាសន្និសីទថ្នាក់ជាតិស្តីអំពី៖ គម្រប់ខួប៤០ឆ្នាំនៃការស្វែងរកសន្តិភាព សច្ចភាព និងការផ្សះផ្សា នៅកម្ពុជា ជាមួយអង្គការកម្ពុជានានា ទាក់ទងទៅនឹងបទបង្ហាញអំពីអតីតកាល ដោយមានការធ្វើបទបង្ហាញ និងពិភាក្សាការងាររបស់ពួកគេជាមួយនិស្សិត បុគ្គលិកមកពី សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងអ្នកចូលរួមអន្តរជាតិផងដែរ។

ថ្ងៃចុងក្រោយគឺថ្ងៃទី ៣០ ខែសីហា គឺជា សន្និសីទថ្នាក់អន្តរជាតិ៖ សន្និសីទនេះនឹងផ្តោតលើទិដ្ឋភាព ក្រមសីលធម៌ ដែលនាំមកដោយគម្រោងបណ្ណសារឌីជីថល វិធីច្នៃប្រឌិតថ្មី និងការអនុវត្តល្អបំផុតពាក់ព៍ន្ធជាមួយរូបភាពរបស់ជនរងគ្រោះ និងរឿងរ៉ាវបុគ្គល ស្របតាម ស្តង់ដារអន្តរជាតិ និងការអនុវត្តន៍ល្អបំផុត។ ជារួមសន្និសីទនេះ នឹងលើកកម្ពស់ការយល់ដឹង អំពីព្រឹត្តិការណ៍ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដ៏ធំធេង សម្រាប់ប្រទេសកម្ពុជា និងពិភពលោកព្រមទាំងផ្តល់នូវវេទិកាមួយដើម្បីលើកកម្ពស់ការអប់រំ អំពីអំពើប្រល័យពូជសាសន៍ និងលើកកម្ពស់ការកសាងសន្តិភាព ព្រមទាំងការផ្សះផ្សាជាតិ។

គួររំលឹកផងដែលថា សន្និសីទនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌ នៃគម្រោងស្តីពី «ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលបានទទួលថវិកាគាំទ្រពី KOICA។ ជាការចូលរួមចំណែកក្នុងការងារអភិរក្ស និងឌីជីថលបណ្ណសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង កយកាបានគាំទ្រ ដល់អង្គការយូណេស្កូ ក្នុងការអនុវត្តគម្រោងមួយដែលមានចំណងជើងថា «គម្រោង ស្តីពីការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលមានទឹកប្រាក់សរុប ១,១៥០,០០០ដុល្លារ។

គម្រោងនេះត្រូវបានអនុវត្តក្រោម ភាពជាដៃគូរឹងមាំរវាងកយកា យូណេស្កូ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង