ខ្មែរប៉ុស្ដិ៍ Close

KOICA បន្តគាំទ្រវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
KOICA បន្តគាំទ្រវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា KOICA បន្តគាំទ្រវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា

ដើម្បីជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសធនធានមនុស្សក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បន្តគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់ម៉ាស៊ីនភ្លើងថ្មី ដែលមានសមត្ថភាពខ្ពស់ដល់ទៅ ៥១០KVA និងកែលម្អប្រព័ន្ធទឹកសួនច្បារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលកម្ពុជា (Cambodia-CATC) ។

គោលបំណងនៃការផ្តល់ម៉ាស៊ីនភ្លើងដែលមានកំលាំងខ្លាំងនេះ គឺដើម្បីផ្គត់ផ្គង់កំលាំងអគ្គីសនីប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នៅក្នុងអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលរួមមានសកម្មភាពបង្រៀន ជំនួយក្នុងសកម្មភាពបង្រៀន ឧបករណ៍ជំនួយចរាចរណ៍ (NAVAID) បរិក្ខាឧបករណ៍វាស់ប្រេកង់ខ្ពស់ (VOR) ឧបករណ៍វាស់ចម្ងាយ (DME) ឧបករណ៍ប្រព័ន្ធចុះចត (ILS) ការត្រួតពិនិត្យចរាចរណ៍តាមអាកាស (ATC) ឧបករណ៍សុវត្ថិភាពអាកាសចរ(AVSEC) ព្រមទាំងសម្រាប់ការរៀបចំកម្មវិធីផ្លូវការនានា ក្នុងករណីដាច់ចរន្តអគ្គិសនីរបស់រដ្ឋ។

សកម្មភាពដើម្បីកែលម្អប្រព័ន្ធទឹកក្នុងសួនច្បារ នៅក្នុងអគារនេះរួមមាន ១)-ការតំឡើងឧបករណ៍សប់សម្ពាធទឹកឲ្យហូរខ្លាំង ដើម្បីផ្គត់ផ្គង់ប្រព័ន្ធទឹកនៅក្នុងសួនច្បារ។ ២)-ការតំឡើងបំពង់ទឹកថ្មីដើម្បីទ្រទ្រង់ប្រព័ន្ធលំហូរទឹកនៅក្នុងសួនច្បារ។

គោលបំណងនៃសកម្មភាពទាំងនេះ គឺដើម្បីផ្តល់អត្ថប្រយោជន៍ដល់ សិស្ស និងគ្រូ ក្នុងការជួយថែរក្សាបរិស្ថានរៀនដែលមានផាសុខភាព តាមរយៈ ពណ៌ធម្មជាតិនៃស្មៅ ផ្កា និងដើមឈើ ហើយសួននេះជួយបន្ធូរ នូវភាពតានតឹងពីការបង្រៀននិងការរៀនសូត្រ។ លើសពីនេះទៅទៀត វាអាចក្លាយជាទីធ្លា សម្រាប់រៀន ដែលសិក្ខាកាមទាំងអស់អាចចូលរួមក្នុងការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ។

គួររំលឹកផងដែលថា គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល នៅរាជធានីភ្នំពេញនេះ គឺជាកម្មវិធីផ្តល់ឲ្យកម្ពុជា ក្រោមគម្រោងជំនួយហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារកយកា ដែលមានទឹកប្រាក់សរុបប្រមាណ ១០,១ លានដុល្លារសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងការសាងសង់កន្លែងបង្រៀន និងការបណ្តុះបណ្តាលនិស្សិតអាកាសចរ ដោយគ្រូជនជាតិកូរ៉េ។ គម្រោងនេះត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្នកយកាកំពុងអនុវត្ត ការគាំទ្របន្ថែមទៀត ស្របតាមសំណើបន្ថែមរបស់រដ្ឋាភិបាលកម្ពុជា ដែលរួមមានការផ្តល់ម៉ាស៊ីនភ្លើងថ្មី និងការកែលម្អប្រព័ន្ធទឹកសួនច្បារ៕

អត្ថបទទាក់ទង